លោក សម រង្ស៊ី អំពាវនាវឲ្យពិភពលោកឃ្លាំមើលពីសុវត្ថិភាពលោក កឹម សុខា

លោក កឹម សុខា ក្រោយសាលាដំបូងរាជធានីភ្នំពេញសម្រេចកាលពីថ្ងៃទី១០ ខែកញ្ញា ដោយអនុញ្ញាតឲ្យលោកកឹម សុខា ចេញពីពន្ធនាគារ មកស្នាក់នៅក្នុងផ្ទះវិញ (រូបភាព៖ FN)

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានផ្ញើសារនយោបាយបង្ហាញការព្រួយបារម្ភថា សុវ​ត្ថិភា​ព​របស់លោក កឹម សុខា កំពុងស្ថិតក្នុងចំនុចគ្រោះថ្នាក់ ពីមេដឹកនាំបក្សកាន់អំណាច និងជំរុញឲ្យ​សហ​គម​ន៍​អ​​​ន្តរជាតិ​ជួយតាមឃ្លាំមើល ប៉ុន្តែមន្ត្រីបក្សកាន់អំណាចច្រានចោលការចោទប្រកាន់នេះ។

​លោក កឹម សុខា ពេលនេះកំពុងដាក់ឲ្យ​ស្ថិត​​ក្រោ​ម​កា​រត្រួ​តពិនិ​ត្យតាមផ្លូវតុលាការនៅក្នុងផ្ទះ ក្រោយ​ពី​តុ​លា​​​​ការបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារ អស់ជាង១ឆ្នាំរួចមក នូវអ្វីដែលរដ្ឋា​ភិបាលចោទ​ថា«ក្បត់​ជា​តិ​» ។

លោក សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២០ខែកញ្ញា បង្ហោះលើទំព័រហ្វេសប៊ុករបស់​​លោក ​ដោយប្រើពាក្យធ្ងន់ៗនិងចោទប្រកាន់ចំៗថា លោក កឹម សុខា ពេលនេះក្លា​យ​ទៅ​ជាចំ​ណា​ប់ខ្មាំ​ងរ​ប​​ស់​​​លោ​ក ហ៊ុន សែន ចាំបាច់ ត្រូវតែដោះលែង លោក កឹម សុខា ជាបន្ទាន់ ពីក្រញ៉ាំលោក ហ៊ុន សែន។

លោក សម រង្ស៊ី បន្តទៀតថា លោក ហ៊ុន សែន កំពុងរកមធ្យោ​បាយគ្រប់​យ៉ា​​​ង​ក​​ម្ចា​ត់​លោ​​ក កឹម សុខា តា​ម​ផ្លូ​​វកាយ តា​មផ្លូ​វចិត្ត និ​ង​​ផ្លូវងងឹត ដើម្បីបានបន្តគ្រប់គ្រ​ងអំ​ណា​ច ។

មេ​​ដឹ​ក​នាំនីរទេសខ្លួនរូបនេះ អះអាងទៀតថាការវិភាគរបស់លោក គឺចង់ប្រាប់ពិភពលោកថា គ្រោះ​ថ្នា​ក់​ណា​​មួយ​កើត​ឡើង​ចំពោះ​​លោ​ក កឹម សុខា កើតចេញលោក ហ៊ុន សែន។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ហៅការលើកឡើងរបស់លោក សម រង្ស៊ី នេះ​ថា​វប្បធម៌លាភពណ៌ ដើម្បីទម្លាក់កំហុសដាក់បក្សកាន់អំណាច ។

សម្តីទណ្ឌិត សម រង្ស៊ី ទោះបីធ្ងន់យ៉ាងណាក៏ដោយ ក៏វានៅតែស្រាល ហើយវាសាបដូចទឹកទន្លេ អត់​បានការអីទេ។ពីព្រោះមនុស្សនេះ និយាយលែងមានន​ណាយកចិត្តទុកដា​ក់ហើយ។អញ្ចឹងប្រ​ជាជនទូ​ទៅ ​ទាំង​សាធារណជន ទាំងជាតិនិងអន្តរជាតិ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន

ទោះជាយ៉ាងណា ការ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា បែប​នេះ បាន​ទទួល​រង​ការ​ថ្កោល​ទោស​ពី​សហគមន៍​អឺរ៉ុប ដែល​កាល​សប្ដាហ៍​មុន​ បាន​ទាម​ទារ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ និងបាន​ព្រមាន​អំពី​វិធានការ​បន្ថែមទៀត​ប្រឆាំង​នឹង​កម្ពុជា ក្នុង​នោះ​មាន​ទាំង​ការ​រឹ​​ត​ត្បិត​ទិដ្ឋាការ​លើ​បុគ្គល​មាន​អំណាច​នៅ​កម្ពុជា និង​ការ​ពិចារណា​លើ​ការ​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ស​ម្រា​ប់​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប។

អ្នកវិភាគនយោបាយលោក បណ្ឌិត មាស នី និយាយថា បច្ចុប្បន្ននេះ បក្សកាន់អំណាចកំពុងប្រើគ្រប់​ម​ធ្យោ​​បាយច្រា​នបក្សប្រឆាំងកុំឲ្យងើបរួច រីឯបក្សប្រឆាំងវិញ កំពុង​ប្រឹងងើបតាមរយៈ​រកអន្តរាគមន៍ ពីក្រុ​​ប្រ​ទេសលោកសេរី។

ប៉ុន្តែអ្នកវិភាគរូបនេះ ពន្យល់ថា អ្វីដែលអ្នកនយោបាយខ្មែរត្រូវធ្វើ គឺ ការផ្សះផ្សារជាតិ ជំរុញដំ​ណើរ​ការប្រ​ជា​ធិ​បតេយ្យ ដើម្បីបញ្ចៀស​ទណ្ឌ​កម្ម ពី​សហគនម៍អន្តរជាតិ

រឿងដែលគ្រោះថ្នាក់មួយធំនោះ ប្រសិនបើប្រទេសចិនដែល​ជាប្រទេសដែល​យើងកំពុង​តែពឹងផ្អែ​ក​ទៅ​លើខ្លាំងតែមួយនោះ ជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចណាមួយ ប្រទេសខ្មែរយើងនឹ​ងរងគ្រោះមុ​នគេ

អ្នកវិភាគនយោបាយលោក បណ្ឌិត មាស នី

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ដាក់ឃុំក្នុងពន្ធនាគារអស់រយៈពេលជាង ១ឆ្នាំ នៅក្រោមអ្វីដែលរដ្ឋាភិបាលចោទ «ក្បត់ជាតិ» ពាក់ព័ន្ធទៅនឹងការថ្លែងរបស់លោកនៅប្រទេសអូស្រ្តាលីកាលពីឆ្នាំ២០១៣កន្លងមក។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ