សហគមន៍ការពារព្រៃឈើបង្ហាញការព្រួយបារម្ភថាព្រៃឡង់នឹងត្រូវវិនាស បើអាជ្ញាធរមិនបង្កើនការទប់ស្កាត់

ព្រៃឡង់

ក្រុមបណ្ដាញសហគមន៍ព្រៃឡង់នៅតាមខេត្តមួយចំនួន អះអាងថា​ បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់នៅតែបន្តកើនឡើង បើទោះបីជារដ្ឋាភិបាលបានដាក់តំបន់នោះ ជាតំបន់ការពារដែលមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋានក៏ដោយ។

បណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ លោក អេន ប្លោក ប្រាប់វីអូឌីនៅថ្ងៃនេះថា កន្លងមក ជនល្មើសបានកាប់ឈើនៅក្នុងព្រៃជ្រៅប៉ុណ្ណោះ ប៉ុន្តែថ្មីនេះឈើធំៗដែលនៅជាប់ផ្លូវពួកគាត់ធ្វើដំណើរឆ្លងកាត់នោះត្រូវបានក្រុមឈ្នួញកាប់អស់ដែរ។ លោកបង្ហាញការខកចិត្តចំពោះអាជ្ញាធរដែលមិនអាចទប់ស្កាត់បទល្មើសព្រៃឈើបាន ដោយសារ ពេលទៅពួកគាត់ចុះ ល្បាតក្នុងតំបន់ព្រៃឡង់នៅសប្តាហ៍នេះ ជនល្មើសរត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុកតែភស្តុតាងនៅទីតាំងដែលជនល្មើសបានអាររំលំ។

បើពួកខ្ញុំលួចទៅ ជួបបទល្មើស បើសិនជាពួកខ្ញុំលួចទៅ ប៉ុន្តែវាខុសខាងពួកខ្ញុំ ដោយសារ គេចោទប្រកាន់ថាមិនបានជម្រាបគេ ដូចជាស្អីៗ បើមានការគ្រោះថ្នាក់អីអញ្ចឹង។ អញ្ចឹងយើងដាច់ខាតត្រូវជម្រាបទៅអាជ្ញាធរមន្ត្រីពាក់ព័ន្ធមន្ត្រីជំនាញ ប៉ុន្តែពេលយើងសហការណ៍ជនល្មើសតែដឹងខ្លួនមុន ខ្ញុំមិនដឹងនិយាយម៉េចទេកន្លែងហ្នឹង។ យើងមិនបានចោទប្រកាន់គេទេ ប៉ុន្តែមិនដែលបានជួបជនល្មើសតែងដឹងខ្លួនមុនជានិច្ចហើយការកាប់បំផ្លាញដូចខ្ញុំនិយាយខាងដើមអញ្ចឹង ក្បែរផ្លូវ ខ្ញុំមិនមែនចេះតែនិយាយទេ ខ្ញុំមានរូបថត លេខGPS

បណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ លោក អេន ប្លោក

បណ្ដាញសហគមន៍ព្រៃឡង់នៅខេត្តក្រចេះ លោក ឯក សុវណ្ណា លើកឡើងថា ការកាប់ឈើនៅតំបន់ព្រៃឡង់នាពេលបច្ចុប្បន្នមិនមានការថយចុះនោះឡើយ ។ លោកបន្តថា បច្ចុប្បន្ន អ្នកដែលរកស៊ីទិញឈើពីក្រុមឈ្នួញដែលបានកាប់នៅតំបន់ព្រៃឡង់នោះ គឺមានតួនាទីជា មន្ត្រីកងរាជអាវុធហត្ថ និងម្ចាស់ក្រុមហ៊ុននៅក្នុងស្រុកព្រែកប្រសព្វខេត្តក្រចេះតែម្ដង។

ភាគច្រើនៅគាត់ស៊ីឈ្នួញឲ្យថៅកែដែលនៅខាងព្រែកប្រសព្វគឺមាន យាយម៉ាប់ ឈ្មោះ យាយម៉ាប់ៗ ប៉ុន្តែខ្ញុំមិនដឹងតួនាទីគាត់ធ្វើអីទេ ហើយមានលោក ឆូរ ឈ្មោះ ថៅកែ ហើយថៅកែ ណាក់ ហើយថៅកែ រ៉ា គាត់ជាទាហានការពារនៅក្រុមហ៊ុនឈិនហុង នេះជាថៅកែធំៗដែលធ្វើ ហើយគាត់ហ្នឹង គាត់នៅខាងជល់ប្រទាយ​។ ពូរ៉ានេះ ជាប៉េអឹម គាត់ការពារសន្តិសុខឲ្យក្រុមហ៊ុនឈុនហុងហ្នឹង ប៉ុន្តែក្រុមហ៊ុនហ្នឹង គេមិនមែនអ្នកកាប់ទេ​ក្រុមហ៊ុននេះ ​គេដាំកៅស៊ូយូរហើយ ប៉ុន្តែរ៉ាហ្នឹង គាត់ជាសន្តិសុខការពារឲ្យក្រុមហ៊ុនហ្នឹងផង និងជាអ្នករកស៊ីឈើផង តាមអ្នកឈ្នួញដែល[ខ្ញុំ]ជួបផ្ទាល់ហើយសួរគាត់ទៅហើយគាត់និយាយប្រាប់ទៅ

បណ្ដាញសហគមន៍ព្រៃឡង់នៅខេត្តក្រចេះ លោក ឯក សុវណ្ណា

វីអូឌីមិនអាចសុំការបំភ្លឺពីប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំលោក សុខ កក្កដា បានទេ ដោយលោកចុចផ្ដាច់ភ្លាមៗបន្ទាប់ពីប្រាប់ស្ថាប័នសារព័ត៌មាន។

មន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា សុំមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះ ដោយលោកស្នើឲ្យក្រុមបណ្ដាញសហគមន៍ដាក់របាយការណ៍មកកាន់ក្រសួង។

ខ្ញុំមិនមានអត្ថាធិប្បាយរបាយការណ៍នេះទេ ហើយរៀបបៀបរបបការធ្វើការងាររបស់យើង បើសិនជាគាត់មានរបាយការណ៍ ឬមួយសង្កេតនៅក្នុងស្ថានភាពដូចបានលើកឡើង គឺសូមបញ្ជូនរបាយការណ៍នេះមកក្រសួងបរិស្ថានហើយយើងនឹងពិនិត្យទៅលើកិច្ចការនេះ

មន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្

ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាដែលសកម្មក្នុងការការពារព្រៃឈើ លោកអ៊ួច ឡេង មានប្រសាសន៍ថា មូលហេតុដែលនាំឲ្យបទល្មើសព្រៃឈើនៅតែកើនឡើងជាបន្តបន្ទាប់ដោយមិនអាចទប់ស្កាត់បាននោះ  ដោយសារ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីធំៗនៅក្នុងជួររដ្ឋាភិបាលជាអ្នករកស៊ីឈើ។

អានេះដែលជាបញ្ហាដែលយើងបានមើលឃើញហើយយើងបានជួបសម្ភាស៍អ្នកឈើហើយ ដូចជាសហគមន៍ចាប់នោះ ដូចជាផ្ដល់ឲ្យចៅកែនេះ ថៅកែនោះ ហើយបង់លុទៅឲ្យទាហាន ទៅប៉ូលីសទៅបរិស្ថានអីជាដើម ដើម្បីជាថ្នូរនឹងការអនុញ្ញាឲ្យកាប់ឈើ និងការដឹកជញ្ជូនឈើចេញពីតំបន់ឧទ្យារអីជាដើម។ ​នេះដែលយើងព្រួយនឹងមិនអាចទប់ស្កាត់បាន អ្នកការពារមានតែម្នាក ទី ពីរ ចំណែកអ្នកបំផ្លាញមានច្រើន សុទ្ធិតែមានកម្លាំងប្រដាប់អាវុធ និងមានអំណាចជាដើមដែលយើងមិនហានប្រថុយ

ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាដែលសកម្មក្នុងការការពារព្រៃឈើ លោកអ៊ួច ឡេង

សហគមន៍ព្រៃឡង់ និងមន្ត្រីបរិស្ថានខេត្តកំពង់ធំ និង​​​ក្រចេះ បានចុះល្បាតព្រៃឡង់កាលពីថ្ងៃទី ១៦ – ១៩  ខែកញ្ញា ឆ្នាំ២០១នេះ។ ពួកគេចុះល្បាតនៅតំបន់ព្រៃឡង់ ក្នុងមួយខែ ២ ទៅ ៣ ដង ដោយក្នុងមួយដងពួកគេចុះល្បាតរយៈពេល ៣ យប់ ៤ ថ្ងៃ។

កាល​ពី​ដើម​ខែ​មីនា ឆ្នាំ២០១៨ ក្រសួង​បរិស្ថាន សហការ​ជាមួយ​អង្គការ​ពាក់​ព័ន្ធ​នានា និង​ក្រុមហ៊ុន​ជប៉ុន បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​១​លាន​៥​សែន​ដុល្លារ សម្រាប់​គម្រោង​ការ​អភិរក្ស ព្រៃ​ឈើ​តំបន់​ព្រៃ​ឡង់ ក្នុង​គោល​បំណង រួម​គ្នា​ការពារ និង​អភិរក្ស​ព្រៃ​ឈើ​តំបន់​ព្រៃ​ឡង់។

​តំបន់​ព្រៃ​ឡង់​ស្ថិតក្នុង​ភូមិសាស្រ្ត​ខេត្ត​ចំនួន​​៤​គឺ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និង​ក្រចេះ ដែល​មាន​ផ្ទៃ​ដី​ព្រៃ​ឡង់​សរុប ៤៣១.៦៨៣ ហិកតា ដែល​ក្នុង​នោះ ​ផ្ទៃ​ដី​ចំនួន ១២០.០០០​ហិក​តា ត្រូវ​បាន​ដាក់​ក្នុង​គម្រោង​អភិរក្ស​គ្រប​ដណ្តប់​តំបន់​ព្រៃ​ឡង់​ទាំង​មូល។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ