លោក ម៉ម សូណង់ដូ ព្រមានប្តឹងលោក សម រង្ស៊ី ថាប្រមាថឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

លោកហ៊ុន សែន និងលោក ម៉ម សូណង់ដូ(រូបពីហ្វេសប៊ុកគណបក្សសំបុកឃ្មុំ)

 សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់និងជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ព្រមានកៀងគរប្តឹងអតីតមេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេស ដោយថា លោក សម សរង្ស៊ី ប្រមាថឧត្តមក្រុមប្រឹក្សានេះ។

ថ្លែងនៅក្នុងកម្មវិធីវិទ្យុសំបុកឃ្មុំដែលបានផុសលើFacebook គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនៅថ្ងៃនេះ​ លោក ម៉ម សូណង់ដូ ថាលោកនឹងប្រមូលសមាជិកទាំងអស់របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ប្តឹង លោក សម រង្ស៊ី ទៅអង្គការសហប្រជាជាតិដោយសារ លោក សម រង្ស៊ី មើលងាយគណបក្សទាំង១៦ដែលចូលរួមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។

ខ្ញុំនឹងប្រមូល១៦គណបក្សធ្វើពាក្យប្តឹងទៅអូនុយ[ONU] ទាក់ទងទៅសម រង្ស៊ី ប្រមាថមើលងាយគណបក្ស១៦ដែលគេចូលរួមដើម្បីអភិវឌ្ឍន៍ជាតិ។ គេមិនទាន់ចាប់ផ្តើមផងគាត់មើលងាយគេមុនហើយ

ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ

លោក ម៉ម សូណង់ដូ បន្ថែមក្នុងកម្មវិធីវិទ្យុដដែលថា ប្រទេសលោកសេរីនិងអង្គការសហប្រជាជាតិដែលអំពាវនាវនិងដែលព្រមានដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជាពីបញ្ហាប្រជាធិបតេយ្យកន្លងមក ដោយសារប្រទេសទាំងនោះស្តាប់បញ្ហាតែម្ខាង។

កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈតាមសំណើរបស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ចំនួន៣០រូប​ ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី។

កាលពីមុនបោះឆ្នោត លោក សម រង្ស៊ី ធ្លាប់បានរិះគន់គណបក្សដែលចូលរួមបោះឆ្នោតអាណត្តិទី៦នេះថា គ្រាន់តែជាបក្សអំពិលអំពែកនិងជាការរៀបចំរបស់បក្សកាន់អំណាច។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ