សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់និងជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ព្រមានកៀងគរប្តឹងអតីតមេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេស ដោយថា លោក សម សរង្ស៊ី ប្រមាថឧត្តមក្រុមប្រឹក្សានេះ។
ថ្លែងនៅក្នុងកម្មវិធីវិទ្យុសំបុកឃ្មុំដែលបានផុសលើFacebook គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនៅថ្ងៃនេះ លោក ម៉ម សូណង់ដូ ថាលោកនឹងប្រមូលសមាជិកទាំងអស់របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ប្តឹង លោក សម រង្ស៊ី ទៅអង្គការសហប្រជាជាតិដោយសារ លោក សម រង្ស៊ី មើលងាយគណបក្សទាំង១៦ដែលចូលរួមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ
លោក ម៉ម សូណង់ដូ បន្ថែមក្នុងកម្មវិធីវិទ្យុដដែលថា ប្រទេសលោកសេរីនិងអង្គការសហប្រជាជាតិដែលអំពាវនាវនិងដែលព្រមានដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជាពីបញ្ហាប្រជាធិបតេយ្យកន្លងមក ដោយសារប្រទេសទាំងនោះស្តាប់បញ្ហាតែម្ខាង។
កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈតាមសំណើរបស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ចំនួន៣០រូប ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី។
កាលពីមុនបោះឆ្នោត លោក សម រង្ស៊ី ធ្លាប់បានរិះគន់គណបក្សដែលចូលរួមបោះឆ្នោតអាណត្តិទី៦នេះថា គ្រាន់តែជាបក្សអំពិលអំពែកនិងជាការរៀបចំរបស់បក្សកាន់អំណាច។