ការពិត ព្រាប សុវត្ថិ ទៅកូរ៉េ​ដើម្បី​បំណង​​​​​​៣នៅពីក្រោយគម្រោងសម្ដែង

លោក ព្រាប សុវត្ថិ និកូនប្រុសលោកទាំង៣ មុនចាកចេញទៅសម្ដែងនៅកូរ៉េ

ខុសពីតារា​ផ្សេងទៀត ដែលចាកចេញទៅកាន់ប្រទេសកូរ៉េកាលពីយប់​ថ្ងៃទី​​២២ កញ្ញា ក្នុងគម្រោងទៅសម្ដែងតែមួយមុខ លើឆាកតន្ត្រី ដើម្បីក្រសោប​យកការគាំទ្រ សម្រាប់តារាចម្រៀងលោក ព្រាប សុវត្ថិ បែរជា​​បានប្រកាស​ថាខ្លួនទៅ​​កាន់ទីនោះ ក៏ព្រោះតែបំណង​​៣​​ផ្សេង​ក្រៅពីនោះ​ប៉ុណ្ណោះ។ យ៉ាងណាមិញ លោកថា​​បើទោះជា​អ្វីដែលបានគ្រោង​ឡើង បានផល​​​ ឬមិនបាន​ផលក៏​លោកមិនសូវ​​ជាខ្វល់នោះ​ដែរ។

លោក ព្រាប សុវត្ថិ និងក្រុមការងារមុនចេញទៅសម្ដែងនៅកូរ៉េ

​​​លោក ព្រាប សុវត្ថិ ​បាន​ថ្លែងនៅ​​​​​មុន​​​​​​ការ​ចាកចេញ​ទៅកាន់ប្រទេស​កូរ៉េថា ​​ហេតុ​ផលដែលលោកសម្រេចចិត្ត​​​បោះបង់​ការងារ ​​ក្នុងស្រុក ហើយទទួលសម្ដែងនៅ​​​​​​​ក្រុង​ស៊េអូល និងក្រុង​​​​​ខ្វាង​ជូ នៅប្រទេស​​កូរ៉េ ​នៅថ្ងៃ​ទី​​២៤ និង​​ទី២៥ កញ្ញា គឺដោយសារតែ​​លោក ឡេង ណាវ៉ាត្រា ជាដៃគូ​​​មុខជំនួញដីធ្លី ដែលធានា​ចេញ និងជាអ្នករៀបចំ​ការប្រគំតន្ត្រី​ យល់​ព្រម​ធានា​យក​​ភរិយាលោក កូនប្រុសទាំង​​៣របស់លោក និង​​​​សមាជិក​សំខាន់ៗ​ក្នុង​ក្រុម​​​រាំរបស់លោកសរុប​រហូតដល់ជាង​​១០នាក់ អោយទៅជាមួយប៉ុណ្ណោះ។

​​លោកចាត់ទុកថា​​​ការចេញទៅកាន់តែប្រទេស​​កូរ៉េមិនធ្លាប់មាននេះ ​​មិនខុសពីការ​នាំ​​ប្រពន្ធ នាំ​កូនប្រុស​ទាំង​៣ និង​ក្រុមរាំ ​បូក​រួមទាំងអ្នក​​​ចាត់ចែង​​សំលៀកបំពាក់ និងអ្នក​ផាត់មុខផង អោយទៅ​​ដើរកម្សាន្តជុំគ្នា ទុកជា​​អនុស្សាវរីយ៍​។ ​​​

បំណងទី២​លោកថា គឺ​​ដើម្បីបាន​ ​ដឹកដៃ​​​កូនប្រុសទាំង​៣របស់លោក ដែល​ទើបបាន​ក្លាយជា​តារាចម្រៀងហង្សមាស ​អោយ​បាន​​​​​បង្ហាញខ្លួនលើឆាកតន្ត្រី នៅក្នុងប្រទេសកូរ៉េ ​ដោយ​លោកប្រកាសថា​​បើ​មិនបានកូនប្រុសទាំង​៣របស់លោក​ទៅ​សម្ដែងជាមួយ ក៏លោកប្រហែល​មិន​​​​​​​​​​​​ទទួលចេញសម្ដែង​នោះដែរ។

បំណង​ទី​​៣ ដែលលោកបានសំដៅនោះគឺ ​​​ទៅ​​​​ធ្វើ​បទបង្ហាញ​​ពី​​​បញ្ហាវិស័យ​អចលនទ្រព្យ ​​​ដើម្បីអោយ​​ពលករខ្មែរនៅកូរ៉េបានដឹងពី​ជំនួញដីធ្លីរបស់លោក​ ​​​​បន្ទាប់ពីលោកក៏បាន​បើកគម្រោង​លក់​​ដីឡូតិ៍​ជាមួយ​លោក ឡេង ណាវ៉ាត្រា ​​លើ​​បណ្ដោយ​ផ្លូវ​ជាតិលេខ​​៣ ​​​នៅម្ដុំ​​​ផ្សារព្រៃទទឹង។

លោក ព្រាប សុវត្ថិ និងលោក ឡេង ណាវ៉ាត្រា រួមនិងក្រុមការងារមុនចេញទៅសម្ដែងនៅប្រទេសកូរ់េ

លោកថា ​ការ​​បំផុសអោយពលករនៅកូរ៉េ​យកលុយមកទិញ​ដី​ឡូតិ៍ស្ដុកទុក មិនខុសពី​​​​ជួយអោយ​​​​​បងប្អូនខ្មែរទាំងនោះ មាន​ទ្រព្យប្រចាំខ្លួន ហើយមិនបារម្ភពីការខាតបង់នោះទេ ជាពិសេសនៅពេល​​ដីធ្លីទាំងនោះ​​​បន្តឡើងថ្លៃ ​​ស្របគ្នាដែល​​​​​​​​​​​​ក្រុម​អ្នក​​​​​​បណ្ដាក់ទុន​ក៏ដល់​កំណត់មករស់នៅ​​នៅកម្ពុជាវិញ។

លោកថា​បំណង​​ទី៣​​នេះ គឺជាបំណង​ធំ ដ្បិតលោកថា​​​​​​​ជួយជំរុញអោយ​​​​​ក្រុម​ពលករ​​​​​​អាចមានបង្អែក​​ក្នុងជីវិត ដែលលោកយល់ថា​​​​​​​​​​​​​​​អ្នកធ្វើការនៅក្នុងប្រទេសកូរ៉េ សុទ្ធតែចង់​​ធ្វើជំនួញ​លើដីធ្លី ប៉ុន្តែ​អាចមក​​ពី​ខ្វះទំនុកចិត្ត ទើប​មិនហ៊ាន​ទិញពីចម្ងាយ។

លោកថា​ខ្លួនចង់​រួមចំណែក​អោយក្រុម​​​​​ពលករ ​កាន់តែ​​​យល់ពីអត្ថប្រយោជន៍ក្នុងការ​ទិញ​​ដី​​​​​ទុកចំណេញ ​​តែ​​​​​ប្រសិនបើ​ការ​​​ឧទ្ទេសនាមរបស់លោក​មិនត្រូវបាន​​​​​​​​​​​​​​ចាប់អារម្មណ៍​​ណាមួយ ក៏លោក​យល់ថា​​​អត់​​​បញ្ហា។

លោកថ្លែង​​​​​​​មុនការ​ឡើងយន្តហោះថា៖

ទៅកូរ៉េលើកហ្នឹង ដូច​​នាំ​ប្រពន្ធកូនខ្ញុំ និងក្រុមការងារ​ខ្ញុំ​ទៅដើរចឹង ​តែអ្វីដែលសំខាន់គឺខ្ញុំបាន​នាំ​កូនទាំង​​​៣​របស់ខ្ញុំ​ឲ្យសម្ដែងនៅទីនោះ និង​​​បាន​​​​​​រួមចំណែក​ពន្យល់អ្នកនៅកូរ៉េអោយ​​​​​​ហ៊ាន​​​​​​​វិនិយោគ​​​​​លើ​គម្រោង​ដីធ្លីដើម្បីផលចំណេញ តែបើឧបមាថា ​​​​ទៅដើរលេងមិនសូវ​សប្បាយ យើងសម្ដែងមិនសូវ​ជោគជ័យ ឬមិនមាន​​​​អ្នកចាប់អារម្មណ៍​​​​លើការទិញដីធ្លីអី គឺអត់បញ្ហា ចាត់ទុកថា​​យើង​ទៅ​​ដើរលេងជុំគ្នា!

លោកគម្រោងបកស្រាយ​​​ទាំងបទ​ពីជំនាន់ដើម និង​បទញាក់ៗ ដោយសារតែការចេញសម្ដែង​លើកនេះ លោកយកក្រុមរាំដល់ទៅ​​៧នាក់​ទៅជាមួយ។ ​

លោកឡេង ណាវ៉ាត្រា ​​និយាយថា ហេតុផលដែលលោក​​​សម្រេច​​បោះ​ទុន​ធានាយក​ក្រុមលោក ព្រាប សុវត្ថិ ទៅក្នុងចំនួរហូតដល់ជាង​​​​១០នាក់​តែ​ម្នាក់​​​​​ឯងបែបនេះ គឺ​ដោយសារតែលោកចង់អោយ​​​លោកព្រាប សុវត្ថិ សប្បាយចិត្ត និង​​ចាត់ទុកថា​ជាការជប់លៀង​​អោយក្រុម​​​គ្រួសារតរបស់​លោកព្រាប សុវត្ថិ ​​ក្រោយពេល លោក និង​​​ លោកព្រាប សុវត្ថិ បានក្លាយជា​ដៃគូ​​​​​​បោះទុនរួមគ្នា លើ​គម្រោង​​ពុះដីឡូតិ៍លក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ