កីឡាករ​​២រូប មិនអស់ចិត្ត ក្រោយ​លទ្ធផលរកចាញ់​ឈ្នះ​មិន​ឃើញ

កីឡាករ​​​​២រូបគឺ ពុទ្ធ ម៉ាណូយ មកពីក្លិបពុទ្ធសេរីវង្សខណ្ឌពោធិ៍សែនជ័យ និងកីឡាករ មាឃ វណ្ណរ៉ា មកពីក្លិបរាជសីហ៍ខេត្តរតនៈគីរី

​​ក្រោយបញ្ចប់ការប្រកួត​​​​នៅ​​ប៉ុស្ដិ៍លេខ​​៥ កាលពីថ្ងៃទី​២២ កញ្ញា កីឡាករ​​​​២រូបគឺ ពុទ្ធ ម៉ាណូយ មកពីក្លិបពុទ្ធសេរីវង្សខណ្ឌពោធិ៍សែនជ័យ និងកីឡាករ មាឃ វណ្ណរ៉ា មកពីក្លិបរាជសីហ៍ខេត្តរតនៈគីរី បានបង្ហាញ​អារម្មណ៍​មិនអស់ចិត្ត​ដូចគ្នា ​​​​​បន្ទាប់ពីលទ្ធផលដែលបានស្ដែងឡើង​​​​មិនអាច​អោយពួកគេដឹងថា​អ្នកណាខ្លាំងជាងអ្នកណា​​​​​។ ​​កីឡាករ​ទាំង​ពីរ​បានទាំងប្រកាស​ស្នើសុំឲ្យមានការប្រកួតជាថ្មី​​នោះផង ព្រោះតែរឿង​​មិនអស់ចិត្តរបស់ខ្លួន​។

​ជំនួបដែលបានធ្វើឡើងនៅក្នុងសប្ដាហ៍​ដែល​​​​​សមាសភាពត្រូវ​​​ដណ្ដើមជើងឯក​ ត្រូវ​​អនុញ្ញាតិអោយសម្រាក​​មួយសប្ដាហ៍ នៅក្នុងព្រឹត្តិការណ៍ដណ្ដើម​កំពូលជើងឯក TV5 Boxing Knock Out Series By K-Cement ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនេះ ត្រូវបានផ្គូរផ្គងឡើងក្រោយពេលកីឡាករទាំងពីរ ត្រូវគេកត់សម្គាល់ថា​​​​បានឡើងកូដរៀងខ្លួន។

កីឡាករ ពុទ្ធ ម៉ាណូយ ​បាន​អះអាងថា ការប្រកួតទាំងមូល​​​លោកប្រឹង​ខ្លាំងណាស់ ហើយលោកក៏បាន​វាយសម្រុក​​​​​​​​បាន​ច្រើនទៅលើ​​កីឡាករបង្គោលខៀវ ​​ក្នុងរយៈពេលទាំង​​៥ទឹក​ផងដែរ ទើបលោកយល់ថា​លទ្ធផលស្មើដែលបាន​​ប្រកាសឡើង​​ហាក់ធ្វើអោយលោកខកចិត្ត។

លោកថា​ខ្លួនគួរតែឈ្នះការប្រកួតនៅក្នុងថ្ងៃនោះ  ដោយសារសម្អាងថា ខ្លួន​​​វាយត្រូវច្រើន​ ​ហើយ​សូម្បីតែ​​កែង​​ក្នុង​ការ​វ័ធ​​កន្ទុយ​ភ្នែកគូប្រកួត​​ក៏ចេញត្រូវច្រើន​។ មិនខុសគ្នាដែរកីឡាករ មាឃ វណ្ណរ៉ា ក៏បានលើកឡើងស្រដៀងគ្នាថា ​ជំនួប​ប៉ះគ្នា​ជាលើកដំបូងនេះ លោក​មិន​គួរបានត្រឹម​តែស្មើជាមួយកីឡាករ ​ម៉ាណូយ ទាល់តែសោះ ដោយលោកថា​ខ្លួនគួរតែ​ឈ្នះ ព្រោះទាត់ត្រូវច្រើន ស្របពេលកណ្ដាប់ដៃម៉ាត់ ក៏វាយត្រូវច្រើន។​

លោកថា​លទ្ធផល​​ស្មើគ្នា មិនមែនជាអ្វីដែលលោកចង់បាននោះទេ ​ដ្បិត​លោកយល់ថា​ខ្លួនគួរតែឈ្នះ ​​​​​បើផ្អែក​លើអ្វីដែលលោក​​បាន​​​​​​​​​វាយត្រូវ។ ​​​​យ៉ាងណាមិញ ​គេ​មិនឃើញ​កីឡាករ​ទាំងពីរ​​​តវ៉ា ឬ​​​​​​​​ប្រតិកម្មជុំវិញ​លទ្ធផល ដែលអោយ​អ្នកទាំងពីរ​​ស្មើ​​គ្នានៅលើសង្វៀននោះទេ ដោយគ្រាន់តែមានការ​អះអាងថា ពួកគេនឹង​ស្នើ​តាម​​​​គ្រូបង្វឹក​សុំ​​​អោយមានការប្រកួតនឹង​គ្នា​ម្ដងទៀត ដើម្បី​​​​​ដឹងថា​ អ្នកណា​នឹងឈ្នះ​គ្នាពិតប្រាកដ​បើមាន​លើកក្រោយ។ ​​​

លោក សេង កដិកា អ្នករៀបចំ​ការប្រកួត​​​ប្រចាំនៅប៉ុស្ដិ៍លេខ​​៥ បានអះអាងថា លោកមិន​បាន​​​ដឹងពីរឿង​​​​​​មិនអស់ចិត្ត​ចំពោះ​​ភាគីម្ខាង​ៗ ក្រោយពេល​អោយស្មើនោះទេ ប៉ុន្តែលោក​​​ថាសម្រាប់គូនេះ ពិតវាយចេញខ្លាំង​ដូចគ្នា ដែលពិបាក​អោយ​អ្នកឈ្នះចាញ់។

សារភាពថា ​​​​​​​ផ្អែក​តាម​​គណកម្មការ​ផ្ដល់​​ពិន្ទុដែលមានដល់​ទៅ​​​៥រូប គឺ​​​មិនអាច​នឹងមានពិន្ទុ​​ស្មើ​​បានទេ ​​ ប៉ុន្តែបណ្ដាលមកពី​​​អោយ​កីឡាករ​បង្គោល​ខៀវ​ឈ្នះ ក៏ស្ដាយ​បង្គោលក្រហម ហើយបើអោយ​បង្គោលក្រហម​ឈ្នះ ក៏ស្ដាយ​បង្គោល​ខៀវ ទើប​លោក និងគណកម្មការ​​សម្រេចអោយស្មើ។ លោកថា រឿងមិនអស់ចិត្ត​​​ត្រឹមស្មើ នឹងធ្វើអោយ​លោក​ពិចារណាអោយប្រកួត​​ប៉ះគ្នាម្ដងទៀត តែមិនទាន់ប្រាកដពីពេល​វេលាទេ ដោយសារតែសង្វៀនរបស់លោក​ក៏​​​​បានកំណត់ឈ្មោះ​​កីឡាករអោយប្រកួត​រួចអស់ទៅហើយ​ក្នុងរយៈពេល​​មួយខែៗ​​​​មុនៗ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ