ប្រជាសហគមន៍​នេសាទថាខ្លួនទទួលរងការ​គំរាម​កំហែង​នៅពេល​ចុះ​ទប់ស្កាត់បទល្មើស​នេសាទ​

ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅ ៣មុខព្រួញ

ប្រជាសហគមន៍​​នេសាទអះអាងថា ពួកគេតែងតែរងការគំរាមកំហែងយ៉ាងខ្លាំង ពីសំណាក់អ្នកប្រកបរបនេសាទខុសច្បាប់​​ នៅពេល​ដែល​ចុះ​ទៅទប់ស្កាត់បទល្មើសនេសាទក្នុងសហគមន៍របស់ពួកគេម្តងៗ។

ក្នុងសិក្ខាសាលាមួយស្តីពីអភិវឌ្ឍន៍ជីវភាពរស់នៅ និងវិស័យជលផលប្រកបដោយនិរន្តរភាពក្នុងបឹងទន្លេសាប នៅថ្ងៃនេះ អនុប្រធានសហគមន៍នេសាទផាត់សណ្តាយក្នុងខេត្តកំពង់ធំអ្នកស្រី ឆេង គឹមហេង ប្រាប់វីអូឌីថា កន្លងមកពេលដែលសហគមន៍ចុះល្បាតជួបបទល្មើសម្តងៗគឺ អ្នកប្រព្រឹត្តល្មើសនេសាទទាំងនោះមិនខ្លាចញញើតទេ ហើយថែមទាំងប្រើពាក្យសម្តីជេរប្រមាថ និងគំរាមកំហែងក្នុងរូបភាពផ្សេងៗមកលើសហគមន៍ទៀតផង។

មានការគំរាមកំហែងច្រើនមែនទែន ប៉ុន្តែអ្នកគំរាមកំហែងហ្នឹងអត់សូវមានអ្នកក្នុងស្រុកទេ ច្រើនអ្នកចំណូល ស្រុក អ្នកចំណូលស្រុកគាត់មករកល្មើសហ្នឹងគាត់ថា បើពួកឯងទូលផែនដីម្នាក់ឯងរួចអញ្ចឹងអត់អីហេ? ចាំអញឲ្យអាឯង ទូលរយៈពេលវែង។​ នេះជាការគំរាមកុំឲ្យយើងធ្វើសកម្មភាពទៀតទេ។ ចំនុចនេះហើយដែលធ្វើសហគមន៍ភ័យខ្លា​ច ព្រោះយើងទៅដៃទទេ យើងមានកាំភ្លើងណា? នេះជាបញ្ហាលំបាកណាស់

អនុប្រធានសហគមន៍នេសាទផាត់សណ្តាយក្នុងខេត្តកំពង់ធំអ្នកស្រី ឆេង គឹមហេង

អនុប្រធានសហគមន៍រូបនេះបន្តថា អ្នកប្រព្រឹត្តបទល្មើសហ៊ានប្រើពាក្យសម្តីគំរាមកំហែងបែបនេះ ដោយសារតែពួកគេមានខ្នងជាមន្រ្តីអាជ្ញាធរចាំកាងពីក្រោយ ដោយថា អ្នកនេសាទទាំងនោះហ៊ានប្រើឧបករណ៍នេសាទខុសច្បាប់បានដោយសារអាជ្ញាធររបើកដៃឲ្យរកស៊ីតាមរយៈការប្រព្រឹត្តអំពើពុករលួយដោយសូកលុយជាដើម។

ពលរដ្ឋសហគមន៍នេសាទម្នាក់ទៀតមកពីខេត្តកំពង់ឆ្នាំងលោក កុយ តេង និយាយថា នៅសហគមន៍របស់គាត់នៅតែបន្តកើតមានបទល្មើសនេសាទកើតឡើងដែរ ប៉ុន្តែមិនមានច្រើនដូចពីមុននោះទេ។

លោកបន្តថា ពេលសហគមន៍ចុះល្បាតបទល្មើសម្តងៗ គឺបានជួបផលលំបាកច្រើនដូចជា ខ្វះថវិកាសម្រាប់ធ្វើដំណើរ សមត្ថកិច្ចពាក់ព័ន្ធចុះមកជួយអន្តរាគមន៍មិនទាន់ពេលវេលាដើម។

យើងជួបផលលំបាកខ្លះដែរពេលដែលគេផ្តល់ព័ត៌មានថាមានបទល្មើសយើងសហគមន៍ចុះទៅភ្លាម ប៉ុន្តែសហគមន៍យើងមិនមែនជាមន្រ្តីនគរបាលយុត្តិធម៌ទេអញ្ចឹងវាពិបាកក្នុងការទៅឃាត់ ទៅដកសម្ភារៈបទល្មើសណាស់។​ យើងខ្ញុំទាមទារឲ្យមន្រ្តីជំនាញគាត់ជួយគាំទ្រទាន់ពេលវេលា ប៉ុន្តែជូនកាលកិច្ចសហការណ៍របស់មន្រ្តីជំនាញមិនទាន់មកដល់អញ្ចឹងវាជួប បញ្ហាលំបាកទៀត

ពលរដ្ឋសហគមន៍នេសាទម្នាក់ទៀតមកពីខេត្តកំពង់ឆ្នាំងលោក កុយ តេង

ប្រជាសហគមន៍ទាំងនោះស្នើទៅអង្គការពាក់ព័ន្ធ និងរដ្ឋាភិបាលជួយគាំទ្រថវិកាសម្រាប់ប្រតិបត្តិការចុះល្បាត ត្រូវការពារផ្លូវច្បាប់ចំពោះពួកគេ និងអាជ្ញាធរមានសមត្ថកិច្ចត្រូវចុះអន្តរាគមន៍ឲ្យទាន់ពេលវេលាពេលដែលមានសេចក្តីរាយការណ៍អំពីបទល្មើស។

ក្នុងសិក្ខាសាលានៅថ្ងៃនេះ ប្រធានរដ្ឋបាលជលផលមកពីខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំងបានលើកឡើងប្រហាក់ប្រហែលគ្នាថា កន្លងរដ្ឋបាលជលបានខិតខំសហការជាមួយប្រជាសហគមន៍ និងបានចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ បានជាច្រើនករណី។

ប្រធានរដ្ឋបាលជលផលមកពីខេត្តកំពង់ធំលោក ប៉ែន ប៊ុនរិទ្ធ មានប្រសាសន៍ថា ករណីចុះប្រតិបត្តិការយឺតយ៉ាវ​នោះដោយសារមន្រ្តីរដ្ឋបាលជលមានតិចតួចពេក។

នៅស្រុកខ្លះមានគ្នាពីរបីនាក់ប៉ុណ្ណោះ។ អញ្ចឹងវិសាលភាពនៃការគ្រប់គ្រងរបស់ជលផលធំណាស់ បើធៀបទៅនឹងចំនួនមន្រ្តីជលផលតិចណាស់ ។ អញ្ចឹងមានតែបងៗពូៗដែលជាអាជ្ញាធរនៅមូលដ្ឋានហ្នឹងហើយបានចូលរួមផ្ទាល់ជាមួយសហគមន៍ទើបយើងអាចការពារបាន។ ហើយសូមសំណូ​មពរដល់ប្រជានេសាទ ទាល់តែយើងទាំងអស់គ្នាគិតថា ធនធានជលផលនេះជារបស់រួម ត្រូវតែចូលរួមថែរក្សាការពារទាំងអស់គ្នាទើបធនធានមាននិរន្តរភាព

ប្រធានរដ្ឋបាលជលផលមកពីខេត្តកំពង់ធំលោក ប៉ែន ប៊ុនរិទ្ធ

ប្រធានអង្គការសម្ព័ន្ឋភាពដើម្បីអភិរក្សធនធានជលផលលោក ឱម សាវ៉ាត មានប្រសាសន៍ថា ដើម្បីទប់ស្កាត់បទល្មើសនេសាទ និងរក្សាធនធានជលផលឲ្យមានប្រសិទ្ធិភាពរដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ចត្រូវមានកិច្ចសហការណ៍ល្អជាមួយអង្គការដៃគូរអភិវឌ្ឍន៍ ត្រូវគាំទ្រផ្នែកថវិកាដល់ប្រជាសហគមន៍នេសាទ ផ្សព្វផ្សាយពីប៉ះពាល់ នៃការនេសាទច្បាប់ដល់ប្រជាសហគមន៍នេសាទឲ្យពួកគាត់បានដឹង។

លក្ខណៈបច្ចេកទេស និងផ្លូវច្បាប់យើងទាមទារឲ្យមានការចូលរួមថែមទៀត។ ហើយកិច្ចសហការរវាងរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍យើងត្រូវតែបន្ត ហើយមួយវិញទៀត យើងនៅតែគាំទ្រទៅដល់សហគមន៍របស់យើងទាំងអស់គ្នា សំខាន់យើងចង់ឃើញសហគមន៍មានភាពម្ចាស់ការគ្រប់គ្រងដែននេសាទរបស់គាត់ ចេះហូតយកផលដោយការទទួលខុសត្រូវ ហើយ នៅតំបន់អភិរក្សជារឿងសំខាន់ដែលយើងត្រូវតែទុកពូជវា ត្រូវតែថែរក្សាវាដើម្បីកូនចៅជំនាន់ក្រោយប្រើបា្រស់បាន

ប្រធានអង្គការសម្ព័ន្ឋភាពដើម្បីអភិរក្សធនធានជលផលលោក ឱម សាវ៉ាត

ប្រធានអង្គការសម្ព័ន្ឋភាពដើម្បីអភិរក្សធនធានជលផលរូបនេះបន្តថា អង្គការរបស់លោក និងអង្គការដៃគូរពាក់ព័ន្ធផ្សេងទៀតនឹងខិតខំស្វែងរកមូលនិធិថវិកាដើម្បីជួយគាំទ្រដល់ប្រជាសហគមន៍នេសាទបន្តទៀត ខណៈលោកថា បច្ចុប្បន្នសហគមន៍នេសាទមានរហូតដល់៥១៦សហគមន៍ទូទាំងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ