អ្នកជំនាញគោល​នយោបាយថាការដាក់កម្លាំងយាមផ្ទះលោក កឹម សុខា បង្ហាញពីអសន្ដិសុខក្នុងសង្គម​ 

លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបចែករំលែកតគ្នាពីហ្វេសប៊ុក)

ក្រុមអ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស និងអ្នកជំនាញគោល​នយោបាយយល់ថា ការដាក់កម្លាំងច្រើនដើម្បីយាមកាម​នៅក្បែរផ្ទះអតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា គឺធ្វើឲ្យខាតបង់ថវិកាជាតិ និងបង្ហាញពីអន្ដិសុខក្នុងសង្គម។

អ្នកវិភាគគោលនយោបាយ និងជាសាស្រ្តាចារ្យជំនាញការទូតនិងកិច្ចការពិភពលោកនៅមហាវិទ្យាល័យ Occidental ទីក្រុង​ឡូសអែនជឺលែស សហរដ្ឋអាមេរិក លោកអៀ សុផល បាន​លើកឡើងថា រដ្ឋាភិបាលកំពុងប្រើប្រាស់ថវិការបស់អ្នកបង់ពន្ធជូនរដ្ឋដោយឥតប្រយោជន៍ដើម្បីគ្រាន់តែការពារមនុស្សម្នាក់ ហើយ​ក៏​ជាសញ្ញាបង្ហាញពីភាពអសន្ដិសុខនៅក្នុុង​សង្គមផងដែរ​​។​

សម្រាប់ខ្ញុំ វាហាក់ដូចជាលុយរបស់អ្នកបង់ពន្ធ មិនត្រូវបានចំណាយឲ្យបានល្អប្រសើរនោះទេ។ ហេតុអ្វីកងកម្លាំងចាំបាច់យកទៅយាមការបុគ្គលតែម្នាក់ដូច្នេះនោះ។ នេះជាសញ្ហានៃភាពអសន្ដិសុខ។ ចំនួនកម្លាំងសន្ដិសុខមិនអាចបញ្ឈប់នូវគំនិតមួយបានទេ

អ្នកវិភាគគោលនយោបាយ លោកអៀ សុផល

អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch ប្រចាំតំបន់អាស៊ី លោក Phil Robertson ប្រាប់ VOD ថា ការដាក់កម្លាំងយាមការនៅជុំវិញផ្ទះលោក កឹម សុខា នេះ អាចមានគោលដៅបំភិតបំភ័យអតីតគណបក្សប្រឆាំងមិនឲ្យងើបឡើងធ្វើសកម្មភាពនយោបាយណាមួយ។

លោកថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន កំពុងមានការបារម្ភក្នុងចិត្តថា ប្រជាពលរដ្ឋខ្មែរជាច្រើននៅតែស្រឡាញ់ និងគាំទ្រគណបក្សសង្គ្រោះជាតិ និងយល់ថារដ្ឋាភិបាលថ្មីរបស់ពួកគេឆ្លងកាត់ការបោះឆ្នោតមួយដែលគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។

វត្តមានកងកម្លាំងដ៏សម្បើមនេះ គឺកើតចេញពីការបារម្ភក្នុងចិត្តរបស់គណបក្សប្រជាជនកម្ពុជា ដោយដឹងថា ប្រជាពលរដ្ឋកម្ពុជាជាច្រើននៅគាំទ្រគណបក្សសង្គ្រោះជាតិ និងជឿថា រដ្ឋាភិបាលដែលផ្អែកលើការបោះឆ្នោតក្លែងក្លាយ ដែលគ្មានត្រឹមត្រូវ ឬសេរី និងយុត្តិធម៌អ្វីនោះឡើយ

អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch ប្រចាំតំបន់អាស៊ី លោក Phil Robertson

កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រសួងមហាផ្ទៃបានដាក់ចេញនូវផែនការការពារសុវត្ថិភាព និងសន្ដិសុខជូនលោក កឹម​ សុខា បន្ទាប់ពីលោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញអនុញ្ញាតឲ្យនៅក្រៅឃុំ ប៉ុន្ដែស្ថិតក្រោមវិធានការតាមផ្លូវការតុលាការមួយចំនួន។

យោងតាមផែនការការពារចុះថ្ងៃទី២១កញ្ញាឆ្នាំ២០១៨ ក្រសួងមហាផ្ទៃបានសម្រេចបង្កើតគណៈបញ្ជាការមួយដែលដឹកនាំដោយលោក ស ថេត ជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងសមាសភាពស្នងការរង និងអធិការខណ្ឌទាំង១២ នៅរាជធានីភ្នំពេញ ដែលសរុបមានចំនួន ៥៦៦នាក់។

ក្រសួងមហាផ្ទៃអះអាងថា ការបង្កើតគណៈបញ្ជាការនេះឡើង  គឺដើម្បីការពារសុវត្ថិភាពជូនលោក កឹម សុខា ដោយថា អាចមានការប្រមូលផ្ដុំកម្លាំងមហាជននៅក្បែរផ្ទះរបស់លោកដើម្បីធ្វើការតវ៉ា ឬធ្វើបាតុកម្ម ការពារនូវរាល់ឧបាយកលញុះញង់បង្កឲ្យមានអំពើហិង្សា និងគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ អ្នកការពារសិទ្ធិមនុស្ស និងអ្នកនយោបាយ និងបង្កើតជាព្រឹត្តិការណ៍អាក្រក់ណាមួយដើម្បីទម្លាក់កំហុសមកលើរដ្ឋាភិបាល។

ការដាក់កម្លាំងសន្ដិសុខយាមការនៅផ្ទះលោក កឹម សុខា នេះ គឺធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងក្នុងពិធីមួយកាលពីថ្ងៃទី១៦កញ្ញាថា លោកគឺជាអ្នករៀបចំឲ្យមានការផ្ទេរលោក កឹម សុខា ពីក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ មកពីជាប់ឃុំក្នុងផ្ទះវិញ។ លោក ស ខេង អះអាងថា ការធ្វើដូចនេះ គឺរដ្ឋាភិបាលអាចគេចផុតពីការចោទប្រកាន់ បើទោះបីក្រមព្រហ្មទណ្ឌកម្ពុជាមិនបានចែងពីវិធានការឃុំខ្លួនក្នុងផ្ទះក៏ដោយ ដោយថា​ លោក កឹម សុខា ខ្លួនឯងជាអ្នកយល់ព្រមចុះហត្ថលេខាលើលិខិត ដែលស្នើសុំ​ឲ្យអគ្គ​ស្នងការ​នគរបាល​ជាតិ ​ជួយ​ការពារ​​សុវត្ថិភាព៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ