អាជ្ញាធរខេត្តមួយចំ​នួនថា នឹងពង្រឹងទប់ស្កាត់បទល្មើសព្រៃឈើបន្ថែម ក្រោយមានការព្រមាន​ពី​លោក ស ខេង

កំនាត់ឈើក្រោយពេលកាប់ (រូបភាព៖ ហ្វេសប៊ុក Phorn Sophal)

អាជ្ញាធរខេត្តព្រំជាប់ព្រំដែនវៀតណាមមួយចំនួន អះអាងថា​ ពួកគេនឹងធ្វើការស៊ើបអង្កេត និងពង្រឹងវិធានការទប់ស្កាត់បទល្មើសព្រៃឈើបន្ថែមទៀត ក្រោយពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស ខេង ព្រមានចាត់វិធានការទៅអភិបាលខេត្តមណ្ឌលគិរីដែលមិនបង្រ្កាបបទល្មើសព្រៃឈើនៅក្នុងខេត្តនោះ។

អ្នកនាំពាក្យខេត្តមណ្ឌលគិរី លោក សុខ សារ៉ា ប្រាប់វីអូឌីនៅថ្ងៃនេះថា អាជ្ញាធរនឹងធ្វើការស៊ើបអង្កេតករណីនេះ។  ប៉ុន្តែលោកបដិសេធថា កន្លងមកបទល្មើសទ្រង់ទ្រាយធំមិន​មាននោះទេ ហើយអ្នកដែលកាប់ឈើទៅ​ប្រទេសវៀតណាមប្រហែល​៧ ទៅ ៨ រថយន្ត រាល់ថ្ងៃនេះ  គឺធ្វើឡើងដោយស្របច្បាប់។

ដោយឡែកមានក្រុមហ៊ុនសម្បទានសេដ្ឋ​កិច្ចដែលស្របច្បាប់ មានដឹកឈើ ៧ ទៅ ៨ឬ ១០  ឡាន  ក្រែងឃើញដីសម្បទានគេឈូសឆាយ គេយកដីដឹក ហើយពេលគាត់ចូលទៅគាត់ឃើញអាហ្នឹង ជាបទល្មើសក៏ខ្ញុំមិនដឹងថាម៉េចដែរ។ ក្នុងតំបន់ភ្នំព្រិចហ្នឹង គឺមានការឈូសឆាយ ការធ្វើឈើហ្នឹ​ងមែនប៉ុន្តែជាឈើក្រុមហ៊ុនដែលស្របច្បាប់ ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ក្រុមម៉ាស្ទរខេសាន់ មានពីរហ្នឹង ដែលកំពុងអនុវត្តទៅតាមច្បាប់របស់រដ្ឋាភិបាលរាល់ថ្ងៃហ្នឹងសម្បទានសេដ្ឋកិច្ច

អ្នកនាំពាក្យខេត្តមណ្ឌលគិរី លោក សុខ សារ៉ា

កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានព្រមាន និងបញ្ជាទៅអភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង ត្រូវចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុងខេត្តនោះ​ជាបន្ទាន់ ដោយលោកថា  បច្ចុប្បន្ននេះ បទល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើត​មាន។

ទាក់ទងគេថតពីផ្កាយរណប អត់មានលាក់អីជិតទេ គេ liveអីឲ្យយើងមើលតែម្ដង ។ អាដឹកឈើទៅណាចេញទៅណាគេlive ឲ្យយើងមើលម៉ង់ ហើយតាមដឹងដូចនៅខេត្តមណ្ឌលគិរី។ ឥឡូវសុំផ្តាំទៅអភិបាលខេត្តមណ្ឌលគិរីសុំឲ្យមើល បើមិនមើលទេចៅហ្វាយខេត្តហ្នឹងក៏មានរឿងដែរ មិនត្រឹមតែមើលទេ ដោះស្រាយ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង

ក្រៅពី​នេះ​លោក ស ខេង ក៏​បាន​រិះគន់​មន្ត្រី​ជាន់ខ្ពស់មួយចំនួន ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បន្ត​សម្អាត​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​ដោយ​​លោក​ថា គ្រាន់​តែ​ជា​លេស​ដើម្បី​កាប់​ឈើ​។

កាលពី​ថ្ងៃទី៣១ ខែសីហា​ឆ្នាំ​នេះ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​លោក សក់ សេដ្ឋា ក៏​បាន​បញ្ជា​​ឲ្យអភិបាល​​ខេត្ត​រតនគិរី ខេត្តមណ្ឌលគិរី​ និង​ស្ទឹងត្រែង​ចាត់​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យ​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព បន្ទាប់ពី​ទទួល​បាន​លិខិត​ពី​ប្រតិភូ​សហភាព​អឺរ៉ុប​ស្ដីពី​របាយការណ៍​ «​បទល្មើស​ជា​ប្រព័ន្ធ​៖ ​ប្រទេស​វៀតណាម​បាន​បន្ត​នាំ​ចូល​ឈើហុប​ខុស​ច្បាប់​ពី​កម្ពុជា​» ​ដែល​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ៣១ ខែ​ឧសភា​ឆ្នាំ​នេះ​។

អ្នកនាំពាក្យខេត្តរតនគិរីលោក ញ៉ែម សំអឿន ​ ទទួលស្គាល់ថា កន្លងមក អាជ្ញាធរហាក់មានការឆកល្វែងក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនៅទីតាំងមួយចំនួនដែលធ្វើឲ្យជនល្មើសបានដឹកឈើពីខេត្តស្ទឹងត្រែងឆ្លងកាត់តាមខេត្តមួយនេះចេញទៅលក់ទៅប្រទេសវៀតណាមពិតមែន។

កន្លងមក យើងទទួលស្គាល់ថា វាមានមកពីស្ទឹងត្រែង តាមសៀមប៉ាងអីវាអញ្ចឹង។ តាមពិតព្រៃឈើនៅយើងនេះ(នៅរតនគិរី)​ មិនមានការកាប់ មិនមានអីទេ  មានករណីឆ្លងដូចខ្ញុំជម្រាបជូនអីអញ្ចឹង ករណីវាយប់អីអញ្ចឹង ក៏ប៉ុន្តែយើងតឹងរឹងតាមស្រុក តាមអីហ្នឹងជាពិសេសខាងប៉ូលីសព្រំដែនក៏យើងរឹងបន្តឹងគ្រប់កន្លែងទាំងអស់ឲ្យម្នាក់ទទួលខុសត្រូវពីរឿងបញ្ហានេះ​​

អ្នកនាំពាក្យខេត្តរតនគិរីលោក ញ៉ែម សំអឿន

លោកបន្តថា ឈើដែលក្រុមឈ្នួញដឹកពីខេត្តស្ទឹងត្រែងឆ្លងកាត់ខេត្តរតនគិរី​ ជាឈើដែលបាន​មកពី​ការ​សម្អាតបាតអាងទំបន់វារីអគ្គសនីសេសានក្រោម២។

អ្នកនាំពាក្យខេត្តស្ទឹងត្រែងលោក ម៉ែន គង់  ទទួលស្គាល់​ថា​ បច្ចុប្បន្ននេះបទល្មើសព្រៃឈើកំពុងកើតឡើងនៅក្នុងខេត្តនេះពិតមែន ប៉ុន្តែអាជ្ញាធរនឹងដាក់កម្លាំងពង្រឹងបន្ថែមទៀត ដោយចុះទៅតាមទីតាំងនីមួយៗ ដែលមានបទល្មើសព្រៃឈើនោះទៅតាម​បទបញ្ជារបស់ក្រសួងមហាផ្ទៃ។

មានតាមផ្លូវទឹកមួយចំនួន ហើយក្រុមអន្តរាគមន៍ចល័តមួយចំនួនទៀត ទៅតាមតំបន់ដែលគណៈបញ្ជាការឯកភាពសង្ស័យថាមានករណីលួចប្រព្រឹត្តបទល្មើសព្រៃឈើ។ យើងមិនដឹងថាឈ្នួញនឹងមានតួនាទីជាស្អីទេ យើងរកមិនឃើញករណីឈ្នួញហ្នឹងមានតួនាទីជាស្អីទេ ប៉ុន្តែសំខាន់គណៈបញ្ជាការឯកភាពខេត្តទប់ស្កាត់និងបង្រ្កាប បទល្មើស និងចាត់វិធានការទៅលើជនល្មើស ។ យើងមិនទៅរកតួនាទី អីពួកគាត់ទេ ឲ្យតែរកឃើញជនល្មើស ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានករណីបទល្មើសព្រៃឈើ

អ្នកនាំពាក្យខេត្តស្ទឹងត្រែងលោក ម៉ែន គង់ 

ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាដែលសកម្មក្នុងការការពារព្រៃឈើលោក អ៊ួច ឡេង យល់ថា មូលហេតុដែលនាំឲ្យបទល្មើសព្រៃឈើនៅតែកើនឡើងជាបន្តបន្ទាប់ដោយមិនអាចទប់ស្កាត់បាននោះ  ដោយសារ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីធំៗនៅក្នុងជួររដ្ឋាភិបាលជាអ្នករកស៊ីឈើ។

របាយការណ៍អង្គការណាសាចេញផ្សាយកាលពីឆ្នាំ២០១៧ បាន​ឲ្យដឹងថា  ព្រៃឈើនៅក្នុងប្រទេសកម្ពុជាកំពុងប្រឈមនឹងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ​។ របាយការណ៍បញ្ជាក់ថា ការកាប់បំផ្លាញព្រៃឈើក្នុងដីសម្បទានសេដ្ឋកិច្ចស្ថិតនៅចន្លោះពី ២៩ ទៅ ១០៥ភាគរយ ដោយសាររដ្ឋាភិបាលកម្ពុជាបានជួលដីទាំងនោះឲ្យទៅក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនវិនិយោគបរទេស សម្រាប់វិស័យ​កសិកម្ម ការកាប់យកឈើលក់ និងមូលហេតុផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ