ភ្លាត់​ជើង​ឯក​​លើកមុន ឥលូវ លាភ រដ្ឋា ​ឡើងវគ្គ​ផ្ដាច់ព្រ័ត្រជាថ្មី

កីឡាករ លាភ រដ្ឋា (បង្គោលក្រហម) មកពីក្លិបដីឡូតិ៍មានរិទ្ធិ​ ខេត្តបន្ទាយមានជ័យ ឈ្នះដោយពិន្ទុលើកីឡាករ ឡុង រ៉ាមី មកពីក្លិប​ខ្លារខិន​មានរិទ្ធិ

ក្រោយ​​​​​​​​​​​ឈ្នះពិន្ទុ​​លើកីឡាករ ឡុង រ៉ាមី មកពីក្លិប​ខ្លារខិន​មានរិទ្ធិ ​​​​កីឡាករ លាភ រដ្ឋា មកពីក្លិបដីឡូតិ៍មានរិទ្ធិ​ ខេត្តបន្ទាយមានជ័យ ​ត្រូវ​គេមើលឃើញថា​​​​​​​មានសំណាង​ក្ដាប់តំណែង​​​ជើងឯករង​ដោយស្វ័យប្រវត្តិ ​ដោយសារតែលោក​គឺជាបេក្ខភាពមួយរូប​ក្នុងចំណោម​​២នាក់ ​ត្រូវឡើងទៅប្រកួត​​​​​​​ក្នុងវគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ប៉ុស្ដិ៍លេខ​​​៥ ក្នុងព្រឹត្តិការណ៍ ជើងឯក TV5 BOXING KNOCK OUT SERIES ( K-Cement) សម្រាប់ប្រភេទទម្ងន់​​​៦០គីឡូក្រាម។

កីឡាករ លាភ រដ្ឋា (បង្គោលក្រហម) មកពីក្លិបដីឡូតិ៍មានរិទ្ធិ​ ខេត្តបន្ទាយមានជ័យ ឈ្នះដោយពិន្ទុលើកីឡាករ ឡុង រ៉ាមី មកពីក្លិប​ខ្លារខិន​មានរិទ្ធិ

យ៉ាងណាមិញ កីឡាកររូបនេះ ​បានអះអាងថាទោះជាការប្រកួត​លើកក្រោយ​​ត្រូវ​​ប្ដូរ​គ្រោះថ្នាក់​យ៉ាងណា ក៏​លោកត្រូវតែប្ដូរ​​យកជើង​​ឯក​អោយបានដាច់ខាតនោះដែរ ដោយសារតែកាលពីប្រកួតជើងឯក​​​លើកមុន​​​លោកបានត្រឹមតែជើង​ឯករងម្ដង​ហើយ។

លោក សេង កដិកា អ្នករៀបចំការប្រកួត ​បាន​​ថ្លែងប្រាប់​ថា ក្រោយ​ដណ្ដើមបាន​​ឱកាស​ក្នុងវគ្គ​​​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ​កីឡាករ លាភ រដ្ឋា មិនខុសពី​​​​ក្ដាប់បានតំណែង​ជើងឯករងដោយ​ស្វ័យប្រវត្តិនោះទេ ដែលលោកប្រកាសថា​​​​​​​តំណែងជើងឯក​ ឬជើងឯករង សុទ្ធតែជាតំណែងមិនធម្មតា​​​នោះទេ ​សម្រាប់​បេក្ខភាពដែលបាន​ចូលប្រកួតតាំង​ពី​​​​​​៣២​​នាក់ រហូតនៅសល់​​តែ​​​​​២នាក់ចុងក្រោយ ដើម្បីឡើងដណ្ដើម​យកតំណែង​​​​ជើង​​ឯក។ ​

លោកថា​​ការប្រកួតដែលបានធ្វើឡើង កាលពី​ថ្ងៃសៅរ៍ទី ២៩ កញ្ញា គឺការប្រកួតដែល​​​សូម្បីតែ​លោកក៏បុក​ពោះជំនួស​អ្នកប្រកួត​នោះដែរ ជាពិសេស​នៅពេលកីឡាករ ​​លាភ រដ្ឋា និងកីឡាករ ឡុង រ៉ាមី ដែលសុទ្ធតែមិនធ្លាប់បរាជ័យ​កន្លងមកមុនប៉ះគ្នា ​ត្រូវ​ប្រកួត​យកចាញ់ឈ្នះ ដើម្បី​​យក​តែម្នាក់​​អោយឡើងប្រកួត​​​​​ដណ្ដើម​ជើងឯក។

លោកថា​​​​​ពេញចិត្តការប្រកួតរបស់​​​គូទាំងពីរ​ មុនពេល​រកឃើញ​លទ្ធផលចាញ់ឈ្នះ ជាពិសេស​ក្នុងពេលកីឡាករម្ខាងៗ ​​​​​បញ្ចេញអស់ពីសមត្ថភាព​​​​រៀងខ្លួន​​​​ ព្រោះតែចង់​​បាន​ជ័យជម្នះ។ ​

លោកសម្ដែងការអបអរ​ដែល​​កីឡាករអ្នកឈ្នះ ​​​​​​ត្រូវបាន​តំណែង​​​ជើងឯករង ដោយមិន​បាច់ប្រឹង តែលោកក៏​មិនជឿថា​​​កីឡាករ ​លាភ រដ្ឋា ​​សុខចិត្ត​យកត្រឹមលេខ២ ហើយមិនប្រឹង​យក​លេខ​​១ សម្រាប់បញ្ចប់ការប្រកួតនោះឡើយ ដោយសារតែការប្រកួត​កាលពីលើកមុន គេបានត្រឹមតែជើង​​ឯករង​ម្ដង​ហើយ ​​​ដែលមានន័យថា​​ធ្លាប់បាត់​​​​ឱកាសជើងឯក និង​ទឹកប្រាក់​៤ពាន់ដុល្លារ​។

លោកថា​​​ចំណាត់ថ្នាក់លេ​​ខ១​ក្រៅពីទទួលបាន​ពានជើង​ឯក ក៏ទទួលបាន​​​ទឹកប្រាក់​រហូតដល់​​​៤ពាន់ដុល្លារផងដែរ ដោយមិនរាប់បញ្ចូល​ប្រាក់​លើកទឹកចិត្ត​ពី​អ្នកគាំទ្រ​ផង ប៉ុន្តែ​សម្រាប់ចំណាត់ថ្នាក់​​​​ជើងឯករង​ គឺបានតែ​​​​​​១៥០០ដុល្លារ​ប៉ុណ្ណោះ ទើបលោកយល់ថា​​បើ​លាភ រដ្ឋា មិនប្រឹង​​​ ហើយ​ធ្វើអោយភ្លាត់​​​​​​តំណែងជើង​ឯកម្ដងទៀត គឺពិតជា​គួរអោយស្ដាយ។ ​

លាភ រដ្ឋា និយាយថា​​កាលពីការប្រកួត​ជើង​ឯករបស់​​ប៉ុស្ដិ៍លេខ​​​​​៥ កាលពី​រដូវកាលមុន លោកក៏បាន​ទទួល​ឱកាសឡើងទៅប្រកួត​នៅវគ្គ​ផ្ដាច់ព្រ័ត្រ​បែបនេះ​ផងដែរ ប៉ុន្តែ​ក្រោយការ​ប្រឹង​ប្រែង​លោកបានត្រឹម​តែ​​​​ចំណាត់ថ្នាក់ជើង​ឯករង​ប៉ុណ្ណោះ ដោយសារតែដៃគូដែលោកប៉ះជាមួយគឺមិនធម្មតា។

យ៉ាងណាមិញ លោកថា​សម្រាប់​ការប្រកួត​លើកនេះ គឺ​លោក​​មានជំនឿ​ច្រើនជាងមុន ដោយសារតែ​ខ្លួនកាន់តែមានបទពិសោធន៍ ហើយសំខាន់បំផុត គឺ​​​​​​​លោកបានដាក់កំហិត​ខ្លួនឯងជាងមុន ដោយ​​ប្រឹង​ហាត់​យប់ថ្ងៃៗ​​​តាំងពីបានឡើង​​ប្រកួត​ក្នុងវគ្គ​​១ភាគ៤ ដោយ​​​​​​​​​​ក្រោយ​បានជ័យជម្នះ​​លើកនេះ ក៏នឹង​ប្រឹង​​ហ្វឹកហាត់អោយខ្លាំង​ផងដែរ ​​ដើម្បី​ទៅ​​​កាន់វគ្គ​ផ្ដាច់ព្រ័ត្រ។ លោកបានព្រលយថាបើបានត្រឹម​​តំណែងជើង​ឯករង​ម្ដងទៀត គឺលោកនឹង​​ឈប់​​ចូលប្រកួត​ក្នុងការ​ដណ្ដើមជើងឯកណាមួយទៀត​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ