ក្រុម​ហ៊ុន​អាមេរិក​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ត្រឹម​ខែ​សីហា​នេះ​មាន​ជាង​៥០​គម្រោង

ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ លោក ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាប្រតិភូធុរកិច្ចអាស៊ាន- អាមេរិក (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​គិត​ត្រឹម​ខែ​សីហា​ឆ្នាំ​២០១៨ ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន​អាមេរិក​នៅ​កម្ពុជា​មាន​ជាង​ ៥០​គម្រោង។

ការ​លើក​ឡើង​នេះ​គឺ​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​មួយ​ជាមួយ​ប្រតិភូ​ក្រុម​ប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក-អាស៊ាន កាលពី​ដើម​សប្ដាហ៍​នេះ ។ យោង​តាម​សេចក្ដីប្រកាស​កាលពី​ថ្ងៃ​ទី​៣ តុលា ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​រហូត​មក​ដល់​ខែ​សីហា ឆ្នាំ​២០១៨​នេះ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​មាន​ចំនួន ៥២​គម្រោង ដែល​មាន​ទំហំ​ទឹក​ប្រាក់​សរុប​ជាង​១ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ ការ​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ និង​កម្មន្តសាល​មាន​ប្រមាណ ២៧៤លានដុល្លារអាមេរិក។

មួយ​រយៈ​ចុង​ក្រោយ​នេះ​ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា អាមេរិក​ហាក់​បាន​បង្កើន​ឡើង​មួយ​កម្រិត​ទៀត បន្ទាប់ពីស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​កាលពី​ចុង​ខែកញ្ញាបាន​ជំរុញ​ទៅ​កាន់​ក្រុម​ហ៊ុន​អាមេរិក​ជិត​២០​ក្រុមហ៊ុន​ឲ្យ​ស្វែង​យល់​ពី​វិស័យ​កសិកម្ម​ ដោយ​សង្ឃឹម​ថា​អាច​នឹង​​ឈាន​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​គ្នា​ផង​ដែរ ខណៈ​អ្នក​វិនិយោគ​ទាំង​សងខាង​គាំទ្រ​ការ​វិវត្តន៍​ថ្មីនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ