លោក សម រង្ស៊ី ទាមទារ​ឲ្យ​រដ្ឋាភិបាល​​ស្ដារប្រជាធិបតយ្យដើម្បីបញ្ចៀសទណ្ឌកម្ម​អឺរ៉ុប

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានទាមទារឲ្យរដ្ឋាភិបាលងាកមកស្ដារប្រជាធិបតេយ្យឡើងវិញ បន្ទាប់ពីសភាអឺរ៉ុបជូនដំណឹងពីការចាប់ផ្ដើមដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។

ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស បានសរសេរលើហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ​ត្រូវងាកមក​ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញជាបន្ទាន់  ដូចជាការដោះលែងលោក កឹម សុខា ឲ្យមានសេរីភាពទាំងស្រុង អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ និងផ្ដល់តំណែងក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ ដែលប្រជាពលរដ្ឋបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។

លោក សម រង្ស៊ី សរសេរនៅលើហ្វេសប៊ុកថា៖ «ជំរុញឲ្យលោក ហ៊ុន សែន វិលត្រឡប់មកដើរលើផ្លូវប្រជាធិបតេយ្យវិញ គឺដោះលែងលោក កឹម សុខា ជាបន្ទាន់ និងអនុញ្ញាតិឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ហើយទទួលបានឡើងវិញនូវតំណែង ដែលប្រជាពលរដ្ឋ បានបោះឆ្នោតប្រគល់ជូនសកម្មជនគណបក្សសង្គ្រោះជាតិ ទូទាំងប្រទេសកម្ពុជា»។

ក្នុងសេចក្តីប្រកាសព័ត៌មាន​កាលពីថ្ងៃសុក្រទី៥ ខែតុលាកន្លងមកនេះ គណៈកម្មការ​អឺរ៉ុបបានជូនដំណឹងដល់កម្ពុជា និងប្រទេសមីយ៉ាន់ម៉ាអំពីការចាប់ផ្ដើមដំណើរការការដកប្រព័ន្ធអនុគ្រោះពីប្រទេសទាំងពីរនេះ ដោយថា បានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

ក្នុងសេចក្តីប្រកាសព័ត៌មាននោះ សហភាពអឺរ៉ុបលើកឡើងថា កម្ពុជាមិនបានធ្វើឲ្យប្រសើរឡើងនូវបញ្ហាសិទ្ធិមនុស្សរបស់ខ្លួនឡើយ​ បើទោះបីជាគណៈកម្មការស្វែងរកការពិតរបស់អឺរ៉ុបបានស្រាវជ្រាវ និងផ្តល់អនុសាសន៍ឲ្យមានការកែប្រែក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ