លោក ហ៊ុន សែន ប្រកាស​ថា មិនខ្លាចការគំរាមដាក់ទណ្ឌកម្ម​ពី​អន្តរជាតិ

លោក ហ៊ុន សែន ជួបជាមួយកម្មករ កម្មការិនីសរុបចំនួន ១៤,៧៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ (រូបភាព៖ FN)

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន អះអាងថា កម្ពុជាមិនឱនក្បាលចំពោះបរទេសណាមួយ និងមិន​យកអធិបតេយ្យភាពរបស់កម្ពុជា ទៅប្ដូរយកជំនួយឡើយ ដែលការថ្លែងបែបនេះ គឺបន្ទាប់ពីសហភាពអឺរ៉ុបបានជូនដំណឹងពីការចាប់ផ្ដើមដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។

ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមនិស្សិតខ្មែរនៅទីក្រុងតូក្យូ ប្រទេសជប៉ុននាថ្ងៃនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន មានប្រសាសន៍ថា លោកមិនចុះញ៉មនឹងការព្រមានដាក់ទណ្ឌកម្មពាណិជ្ជកម្មណាមួយឡើយ ដោយលោកថា កម្ពុជាត្រូវតែរឹងមាំដោយខ្លួនឯង ក្នុងនាមជាប្រទេសមានអធិបតេយ្យភាព និងមិនត្រូវពឹងផ្អែកលើជំនួយពីបរទេសណាឡើយ។

លោក ហ៊ុន សែន ថ្លែងថា ប្រទេសមានអំណាចតែងយកបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យធ្វើជាលេសដើម្បីជ្រៀតជ្រែកផ្ទៃក្នុងប្រទេសណាមួយ ប៉ុន្ដែ លោកបន្ដថា លោកមិនខ្លាចនឹងកម្ចាត់ក្រុមប្រឆាំងដែលចង់បំផ្លាញសន្ដិភាព និងបង្កើតសង្គ្រាមនៅក្នុងប្រទេសកម្ពុជាឡើងវិញនោះទេ។

លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំគ្រាន់តែកម្ចាត់អ្នកឯងប៉ុន្មាននាក់ ដើម្បីការពារប្រជាជនរាប់លាននាក់ រឿងអីខ្ញុំធ្វើមិនបាន។ ខ្ញុំនិយាយហើយ ​និយាយទៀត កុំយកអធិបតេយ្យជាតិ ទៅដូរយកជំនួយ កុំយកសន្ដិភាពរបស់ប្រទេស ទៅដូរយកជំនួយ។ ឥឡូវចង់នរណាចាត់ការកម្ពុជាតាមវិធីណា ចាត់ចុះ តែកម្ពុជាត្រូវរឹងមាំចំពោះគោលការណ៍ការពារឯករាជ្យ អធិបតេយ្យជាតិរបស់ខ្លួន [] ឥឡូវចង់ធ្វើអី ធ្វើទៅ ចង់ឲ្យបង់ពន្ធ បង់ពន្ធ។ ឱនក្បាលម្ដង ត្រូវជំពាក់គុណម្ដង ឱនពីរដង ជំពាក់ពីរដង ឱន​នឹងជំពាក់មួយជីវិត»។

ការថ្លែងបែបនេះរបស់លោក ហ៊ុន សែន គឺបន្ទាប់ពីគណៈកម្មការ​អឺរ៉ុប​បានជូនដំណឹងដល់កម្ពុជាកាលពីថ្ងៃសុក្រទី៥ ខែតុលាថា ខ្លួនចាប់ផ្ដើមដំណើរការការដកប្រព័ន្ធអនុគ្រោះ EBA ដោយចោទថា រដ្ឋាភិបាលកម្ពុជាបានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

សហភាពអឺរ៉ុបលើកឡើងថា កម្ពុជាមិនបានធ្វើឲ្យប្រសើរឡើងនូវបញ្ហាសិទ្ធិមនុស្សរបស់ខ្លួនឡើយ​ បើទោះបីជាគណៈកម្មការស្វែងរកការពិតរបស់អឺរ៉ុបបានស្រាវជ្រាវ និងផ្តល់អនុសាសន៍ឲ្យមានការកែប្រែក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ