រដ្ឋាភិបាលអំពាវនាវកុំឲ្យពលរដ្ឋព្រួយបារម្ភហួសហេតុពីការដក EBA

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល( រូបពីហ្វេសប៊ុក លោក ផៃ ស៊ីផាន)

ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលបានអំពាវនាវកុំឲ្យពលរដ្ឋមានការព្រួយបារម្ភពេកពីការដកប្រព័ន្ធអនុគ្រោះពន្ធ(EBA)ដោយថា ពេលនេះរដ្ឋាភិបាលកម្ពុជានៅតែមានកិច្ចសហប្រតិបត្តិការល្អលើផ្នែកជាច្រើនជាមួយសហភាពអឺរ៉ុប។​

សេចក្តីថ្លែងការណ៍របស់ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលកាលពីម្សិលមិញបានលើកឡើងថា បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាកំពុងមានកិច្ចសហប្រតិបត្តិការល្អលើផ្នែកជាច្រើនជាមួយអឺរ៉ុប។ សេចក្តីថ្លែងការណ៍បន្តថា បើពិនិត្យលើកិច្ចព្រមព្រៀងលើប្រព័ន្ធអនុគ្រោះពន្ធទៀតនោះ មិនមានអ្វីព្រួយបារម្ភទេ។

សេចក្តីថ្លែងការណ៍៖«ទាក់ទងទៅនឹងកម្មវិធី ពន្ធអនុគ្រោះពាណិជ្ជកម្មសម្រាប់កម្ពុជាគឺមិនបានធ្វើឱ្យកម្ពុជាមានការព្រួយបារម្ភហួសហេតុ ឬបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនោះឡើយ។ ពីព្រោះយោងទៅតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងសហភាពអឺរ៉ុប ចំពោះពន្ធអនុគ្រោះ EBAs គឺមានគោលការណ៍ និងទិសដៅ “សម្រាប់ផ្ដល់ឱ្យប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs)” ដូចជាប្រទេសកម្ពុជា ហើយក៏ជាប្រទេស ដែលនាំមុខគេក្នុងការផ្តល់សច្ចាប័ន នៃកិច្ចព្រមព្រៀងជាមួយអង្គការពលកម្មអន្តរជាតិ (ILO) ដែលជាកត្តាចម្បងមួយ ក្នុងការទទួលបានពន្ធអនុគ្រោះពាណិជ្ជកម្មEBAsនេះ។»

អ្នកនាំពាក្យរដ្ឋាភិបាល ក៏បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភលើករណីនេះ។​

សេចក្តីថ្លែងការណ៍៖«សូមជម្រាបជូនដល់ជនរួមជាតិទាំងអស់ កុំឱ្យមានការព្រួយបារម្ភតាមរយៈការវិភាគ និងការវាយតម្លៃមិនសមហេតុផល ស្តីពីពន្ធអនុគ្រោះ EBAs។ ហើយពន្ធអនុគ្រោះនេះ គឺមាននីតិវិធីក្នុងការអនុវត្ត ឬការដោះស្រាយ ដែលនឹងត្រូវចំណោយពេលវែងឆ្ងាយទៅមុខទៀត ក្នុងកិច្ចសហប្រតិបត្តិការ រវាងភាគីសហភាពអឺរ៉ុប និងកម្ពុជា។»

នៅដើមខែតុលានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាក់ជំហរជាថ្មីទៀតថា លោកមិន ឱនដាក់អឺរ៉ុប ឬ ប្រទេសលោកសេរី ដើម្បីទទួលបានជំនួយ ហើយបោះបង់សុខសន្តិភាព អធិបតេយ្យភាពរបស់ប្រទេសនោះទេ។​

ក្រោយការប្រកាសរបស់លោកហ៊ុន សែន មានស្ថាប័នរដ្ឋផ្សេងៗបានចេញសេចក្តី ថ្លែងការណ៍ គាំទ្រជាបន្តបន្ទាប់។

អត្ថបទទាក់ទង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ