អាជ្ញាធរបញ្ជូនចិនជិត ១០០​នាក់ទៅប្រទេសចិនវិញ​ក្រោយ​ប្រព្រឹត្ត​បទ​ល្មើស​​នៅ​កម្ពុជា

ជនជាតិចិន៩១នាក់ បញ្ជូនត្រឡប់ទៅស្រុកកំណើតវិញ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ សរុបចំនួន៩១នាក់ ក្នុងនោះស្រី២១នាក់ (រូបភាព៖ បណ្ដាញសង្គម)

ជន​ជាតិ​ចិន​ជិត ១០០​នាក់ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បញ្ជូន​ទៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន ក្រោម​ការ​សង្ស័យ​ថា បាន​ប្រព្រឹត្ត​បទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ប្រធាន​នាយក​ដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្តន៍​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​កម្ពុជា លោក អ៊ុក ហៃសិលា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ជន​ជាតិ​ចិន ៩១​នាក់ ក្នុង​នោះ​មាន​ស្ត្រី ២១​នាក់​ផង​ដែរ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​នៅ​ឯ​សណ្ឋាគារ​ និង​កាស៊ីណូ ស្ថិត​នៅ​លើ​ភ្នំ​បូកគោ ខេត្ត​កំពត កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​មក ដោយ​ត្រូវ​បាន​សង្ស័យ​ថា បាន​ជំរិត​ទារ​ប្រាក់​​តាម​ប្រព័ន្ធ​អ៊ិនធឹណិត​​ពី​ជន​ជាតិ​ចិន​ដូច​គ្នា​ពី​​ប្រទេស​កម្ពុជា។

មន្ត្រី​នគរបាល​កម្ពុជា​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ជន​ជាតិ​ចិន​ទាំង​ ៩១​នាក់​នោះ ត្រូវ​បាន​ចាប់​ខ្លួន​ទៅ​តាម​ការ​ស្នើ​សុំ​ពី​សមត្ថកិច្ច​ប្រទេស​ចិន។

របាយការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឲ្យដឹងថា ជនជាតិចិនដែលត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូន​ទៅប្រទេសចិនវិញនោះ ភាគច្រើនបានប្រព្រឹត្តបទល្មើសចំនួន ២​ប្រភេទ គឺបទល្មើសគំរាមជំរិត និង​ឆបោកតាមប្រព័ន្ធទូរគមនាគមន៍(VOIP) ហើយជនជាតិចិនដែលបានប្រព្រឹត្តបទល្មើសទាំងពីប្រភេទនេះមានចំនួន ៣៧៣នាក់ ក្នុងនោះស្រី ៦៦​នាក់។

របាយការណ៍​ដដែល​នេះ បាន​ឲ្យ​ទៀត​ថា អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​ជន​បរទេស ២៥​សញ្ជាតិ​ផ្សេង​គ្នា ដោយ​សង្ស័យ​ថា បាន​ប្រព្រឹត្តិ​បទល្មើស​ផ្សេង​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​ជន​ជាតិ​ចិន​មាន​ចំនួន​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ ២៥៧​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ