សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាបារម្ភពីឥទ្ធិពលចិនមកលើកម្ពុជា បើអឺរ៉ុបកាត់ផ្ដាច់ EBA

លោកស្រី Cecilia Malmström សមាជិកគណៈកម្មការអ៊ឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម (រូបភាព៖ Twitter EU Trade/ Screenshot)

សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាបានបង្ហាញក្ដីបារម្ភអំពីផលប៉ះពាល់យូរអង្វែង និងការពង្រីកវត្តមានរបស់មហាអំណាចចិនមកលើកម្ពុជា បើអឺរ៉ុបឈានដល់វិធានការកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាមែននោះ។

ក្នុងលិខិតមួយដែលផ្ញើជូនទៅគណៈកម្មាការអឺរ៉ុបទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម លោកស្រី Cecilia Malmström កាលពីថ្ងៃម្សិលមិញ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ហៅកាត់ថា EURO CHAM បានទទូចឲ្យសហភាពអឺរ៉ុបពិចារណាឡើងវិញចំពោះវិធានការរបស់ខ្លួន ដែលអាចឈានទៅកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពីកម្ពុជា។  EURO CHAM  ថា​ទណ្ឌកម្មនេះនឹងបង្កផលប៉ះពាល់យូរអង្វែងមកលើផលប្រយោជន៍ពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងគោលជំហររបស់អឺរ៉ុបក្នុងការជំរុញគោលការណ៍លទ្ធិប្រជាធិបតេយ្យ ខណៈចិនកំពុងពង្រីកវត្តមានរបស់ខ្លួនក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់ផងនោះ។

សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាលើកឡើងក្នុងលិខិតនោះទៀតថា សហភាពអឺរ៉ុបគួរបន្ដកិច្ចសហប្រតិបត្តិការណ៍ជាមួយរដ្ឋាភិបាលកម្ពុជាបន្ដទៀត ជាជាងការអនុវត្តវិធានការកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ។

កាលពីថ្ងៃទី៥ខែតុលាកន្លងទៅ  គណៈកម្មការ​អឺរ៉ុប​បានជូនដំណឹងដល់កម្ពុជាអំពីការចាប់ផ្ដើមដំណើរការដកប្រព័ន្ធអនុគ្រោះ EBA ដោយចោទថា រដ្ឋាភិបាលកម្ពុជាបានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សនិងសិទ្ធិការងារ​ធ្ងន់ធ្ងរ។ សហភាពអឺរ៉ុបលើកឡើងថា កម្ពុជាមិនបានធ្វើឲ្យប្រសើរឡើងនូវបញ្ហាសិទ្ធិមនុស្សរបស់ខ្លួនឡើយ​ បើទោះបីជាគណៈកម្មការស្វែងរកការពិតរបស់អឺរ៉ុបបានស្រាវជ្រាវ និងផ្តល់អនុសាសន៍ឲ្យមានការកែប្រែក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ