ព័ត៌មានបន្ថែម៖ ប្រធាន IPU អះអាងថា មិនបានសាទរចំពោះ​ការបោះឆ្នោតនៅកម្ពុជា

លោកស្រី Gabriela Cuevas Barron ប្រធានសហភាព អន្តរសភា(IPU) និងលោកស្រី ឃួន សុដារី ចូលរួមមហាសន្និបាតលើកទី១៣៩ នៃសហភាពអន្តរសភា ដែលហៅកាត់ថា IPU ដែលប្រព្រឹត្តធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ (រូបភាព៖ ហ្វេសប៊ុក National Assembly Of Cambodia)

ប្រធាន​សហភាពអន្តរសភា IPU លោកស្រី Gabriela Cueva Barron បាន​អះ​អាង​ថា អ្នកស្រី​ពុំ​បាន​សាទរ​ចំពោះ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នោះ​ឡើយ អំឡុង​ជំនួប​​ជាមួយ​សមាជិក​សភា​កម្ពុជា​មក​ពី​បក្ស​កាន់​អំណាច ដែល​ផ្ទុយ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក។

 សារព័ត៌មាន Fresh News បានចុះផ្សាយកាលពីថ្ងៃម្សិលមិញថា ប្រធានសហភាព​អន្តរ​សភា លោកស្រី Gab​rie​la Cueva បា​ន​សាទរយ៉ាងពេញទំហឹងចំពោះដំណើរការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៩កក្កដាខណៈ​លោ​ក​​​ស្រីជួ​​បសំណេះ​សំ​ណា​ល​​​ជា​​​មួ​យគណៈប្រតិភូសភាកម្ពុជា​ដឹកនាំដោយ​លោកស្រី ឃួន សុដារី អនុប្រធានទី​២រដ្ឋសភា ដែលកំ​ពុង​ចូ​លរួម​មហា​សន្និ​បា​ត​​​លើ​កទី១៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី​១៦ខែតុ​លាកន្ល​ងមកនេះ។

ប៉ុន្ដែ តាមរយៈបណ្ដាញសង្គមធ្វីតធ័រកាលពីថ្ងៃម្សិលមិញ លោកស្រី Gabriela Cueva បានអះ​អាង​ថា អ្នកស្រី​ពុំ​បាន​សាទរ​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក​នោះ​ឡើយ។

ផ្ទុយ​ទៅវិញ លោកស្រីបំភ្លឺទៀតថា ក្នុងជំនួប​នោះ លោ​ក​​ស្រី​​​បានចោទសួរ​បញ្ហារំ​លោភ​សិ​​​ទ្ធិ​​​​មនុស្ស និងបញ្ហាន​យោបា​យ​នៅ​​កម្ពុជា។

ក្រៅពីនេះ លោកស្រី ក៏បានស្នើសុំរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យសភា IPU អាចជជែកពីបញ្ហា​នយោបាយ​ជាមួ​យ​នឹង​រដ្ឋាភិបា​ល​​ផ្ទា​ល់ ព្រមទាំងសំណើសុំជួបជាមួយអតីតគណបក្សប្រឆាំង និងសួរសុខទុ​ក្ខអ្នកទោស​កំពុងជា​ប់​ឃុំ​នៅកម្ពុជា។

យ៉ាងនេះក្តី នៅថ្ងៃព្រហស្បតិ៍នេះ Fresh News បានចុះផ្សាយកែតម្រូវឡើងវិញ​ដោយថា ៖

«មន្ត្រី​ខុ​ទ្ទ​​​​​កា​​ល័យលោ​ក​​ស្រី​ ឃួន សុ​ដា​រី អនុ​ប្រធានទី២ នៃរដ្ឋសភា បានចេញមកសម្តែងការសោកស្តាយ និ​ង​​សុំ​ការ​អ​ធ្យា​ស្រ័​​យ​ផងដែរ ចំ​​​ពោះ​​កំ​ហុសឆ្គង និ​ង​កា​​រ​ភា​ន់​​​ច្រ​​ឡំលើការស្រង់ខ្លឹមសារនៃជំនួប»។

នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានលោក មឿន ឈានណារិទ្ធ ពន្យល់​ថា អ្នកសារព័ត៌ជាក​ញ្ចក់ឆ្លុះប​ញ្ចាំងសង្គ​ម ​បើពួកគេប្រកាន់ជំហរឯករាជ្យ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ ។

លោកថា៖ «ដើម្បីឲ្យសារព័ត៌មានហ្នឹង មានកម្រិតវិជ្ជាជីវៈខ្ពស់ គឺយើងគួរតែរាយការណ៍ព័ត៌មាន​ប្រកបដោយសច្ចភាពផង និង​មាន​តុល្យភាពផង បានន័យថា យើងរាយការណ៍ព័ត៌មាន​ពី​ភាគីទាំងសងខាង»

បើតាមអ្នកសិក្សាផ្នែកសារព័ត៌មានរូបនេះ គ្មានស្ថាប័នសារព័ត៌មានណាមួយនៅកម្ពុជា បំពេញវិជ្ជាជីវៈនេះ​បានល្អឥតខ្ចោះ​នោះ​ទេ​ តែលោក​ថា ជាការទទួលខុសត្រូវមួយ ដែលអ្នកសារព័ត៌មានចេះទទួលយកការរិះគន់ និង​ហ៊ាន​ធ្វើការ​ផ្សាយ​កែតម្រូវ​ឡើង​វិញ នៅ​ពេ​​ល​ដឹងថា ខ្លួនពិតជាមានកំហុស។

របាយការណ៍​ «ការ​ប្រឈម​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ឆ្នាំ​២០១៧» ចេញ​ផ្សាយ​ដោយ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​លើក​ឡើង​ថា សារព័ត៌មាន Fresh News ត្រូវ​បាន​វាយ​តម្លៃ​តាម​រយៈ​ការ​ស្ទង់​មតិ​ថា មាន​ឯករាជ្យ​​តិច​តួច​បំផុត។

របាយការណ៍​នោះ បាន​លើក​ឡើង​ថា សារព័ត៌មាន​មួយ​នេះ បាន​ដើរ​តួ​យ៉ាង​ចម្រូង​ចម្រាស់​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​បាន​ផ្សព្វផ្សាយ​អត្ថបទ​​វាយ​ប្រហាារ និង​ការ​បែក​ធ្លាយ​ព័ត៌មាន​ផ្សេងៗ ដូចជា​សំឡេង​សន្ទនា​ឯកជន​តាម​ប្រព័ន្ធ​ទូរស័ព្ទ​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ការ​ផ្សាយ​ចោទ​ប្រកាន់​ដដែល​ៗទៅ​លើ​ក្រុម​អង្គការ​ស៊ីវិល​ថា ពាក់​ព័ន្ធ​នឹង​បដិវត្ដន៍​ពណ៌​ជា​ដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ