សង្គមស៊ីវិល​អះ​អាង​ថា ក្រុមហ៊ុន​ឯកជន​នៅ​មិន​ទាន់​កាយ​អាចម៍​ដី​ចេញ​ពី​ឆ្នេរ​ព្រែកត្រែង​នៅ​ឡើយ

ថ្ម និង​អាចម៍ដី​ដែល​ចាក់​ចូល​តំបន់​ឆ្នេរ​ព្រែកត្រែង​នៅ​មិន​ទាន់​កើប​ចេញ​នៅ​ឡើយ​។ រូបថត អង្គការ CNRO

សង្គមស៊ីវិល និងអាជ្ញាធរអះអាងផ្សេងគ្នា​ចំពោះ​ចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបញ្ជាឲ្យក្រុមហ៊ុន​ឯកជន​មួយ កាយដីចេញពីឆ្នេរសមុទ្រខេត្តព្រះសីហនុ បន្ទាប់ពីរដ្ឋាភិបាលរកឃើញថា ក្រុមហ៊ុននោះបានចាក់ដីរំលោភយកឆ្នេរសមុទ្រ។

កាលពីថ្ងៃទី១៨ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានចេញបញ្ជាបន្ទាន់មួយ ឲ្យក្រសួងរៀបចំ​ដែនដីចាត់វិធានការ​កាយដីចេ​ញពី​ឆ្នេ​រ​ព្រែកត្រែង​ក្នុង​ខេត្ត​ព្រះសីហនុ​ចេញ​វិញ ដោយថា ដើម្បីរក្សាឆ្នេរនេះឲ្យមានលក្ខណ​ធម្ម​​ជាតិដូចដើម។

ប៉ុន្តែ ​ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ (CNRO) ​លោក សុខ សុខុម មានប្រសាន៍ថា ក្រុមហ៊ុន​មិនបានកាយដីចេញពីឆ្នេរសមុទ្រទៅតាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តីនោះទេ ប៉ុន្តែ ក្រុមហ៊ុនបែបជាធ្វើរបងហ៊ុំព័ទ្ធដីដែលបានចាក់លុបឆ្នេរនោះទៅវិញ។ លោកបន្តថា ប្រសិនបើក្រុមហ៊ុនទទួលបានសិទ្ធិអភិវឌ្ឍន៍នៅតំបន់នោះ  ប៉ុន្តែ មិនមែនធ្វើការអភិវឌ្ឍន៍ដោយការចាក់ដីលុបឆ្នេរសមុទ្រនោះទេ។

លោកថា៖ «ឯកឧត្ដម ជា សុផារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចុះមកពិនិត្យ និងកាយអាចម៍​ដីនៅទីតាំងនេះឡើងវិញហើយ ប៉ុន្តែ តាំងពីពេលនោះរហូតមកដល់នេះ មិនទាន់ឃើញមានចំណាត់ការថា កាយអាចម៍​ដីនេះ​ឡើងវិញនៅឡើយទេ។ បច្ចុប្បន្ន អាចម៍ដីហ្នឹងនៅដដែល មានចាក់ពង្រាបខ្សាច់នៅលើទីតាំងដីដែលបានចាក់ហ្នឹង​ដដែល និងធ្វើរបងថ្មព័ទ្ធនៅលើដីហ្នឹង មិនទាន់មានវិធានការកាយដី ហើយដកហូតទុកជាសម្បត្តិរដ្ឋវិញនៅឡើយទេ»

អ្នកនាំពាក្យខេត្តព្រះសីហនុ ​លោក ឱ  សារឿន ប្រាប់វីអូឌីនៅថ្ងៃនេះថា ដីដែលលោកនាយករដ្ឋមន្ត្រីបញ្ជាឲ្យកាយចេញពីឆ្នេរនោះ ពិតជាមិនទាន់ធ្វើបានមួយរយភាគរយទេ​ ហើយលោកក៏បានទទួលស្គាល់ថា ក្រុមហ៊ុនពិតជាបានធ្វើរបងហ៊ុំព័ទ្ធនៅតំបន់នោះមែន ប៉ុន្តែថា អាជ្ញាធរនឹងជំរុញបន្ថែមទៅឲ្យក្រុមហ៊ុ និង​គោរពទៅតាមអ្វីដែលមានចែងនៅក្នុងច្បាប់។

លោកថា៖ «យើងឃើញថា គាត់បានធ្វើហើយជាក់ស្ដែង ប៉ុន្តែ ឲ្យបានទាំងស្រុងឬក៏យ៉ាងណានោះ វាទាមទារទៅបច្ចេកទេសដែលគាត់មានសិទ្ធិក្នុងការវិនយោគ អនុវត្តនៅម្ដុំឆ្នេរហ្នឹង។ ក្នុងករណីដែល​គាត់ធ្វើមិនបានត្រឹមត្រូវដែលគាត់ទទួលសិទ្ធិច្បាប់អនុញ្ញាត គាត់ត្រូវតែបន្តធ្វើឲ្យទាន់ឲ្យបានត្រឹមត្រូវ។ អ្វីដែលខុសច្បាប់​ អាជ្ញាធរនឹងចាត់វិធានការទៅតាមផ្លូវច្បាប់។ និយាយទៅ អាជ្ញាធរតែង​សង្កេតមើល វាត្រូវការពេលវេលាដែរ គឺមិនអាចថា ធ្វើបានភ្លាមៗហ្នឹង​កើតទេ។ សំណូមពរក្រុមហ៊ុន គឺថា ត្រូវតែធ្វើភ្លាមឲ្យហើយនោះដែរ»

នៅពេលសួរថា តើក្រុមហ៊ុននេះ កាយដីចេញពីឆ្នេរបានប៉ុន្មានភាគរយហើយនោះ លោកសុំមិនធ្វើអត្ថាធិប្បាយ ដោយថា លោកមិនទាន់ទទួលរបាយការណ៍ពីក្រុមជំនាញដែលធ្វើកិច្ចការនេះនៅឡើយទេ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា សុំមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះទេ ដោយថា ទុកតួនាទីនេះឲ្យគណៈកម្មាការគ្រប់គ្រង និង​អភិវឌ្ឍន៍ឆ្នេរ ជាអ្នកធ្វើការដោះស្រាយ។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

​ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៨​កញ្ញាថា លោក ហ៊ុន សែន បាន​ចេញ​បញ្ជាទៅ​រដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ឲ្យ​ចុះត្រួត​ពិនិត្យឆ្នេរ​ព្រែកត្រែង ស្ថិត​នៅ​ភូមិ៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ហើយ​បាន​រក​ឃើញ​ថា ឆ្នេរ​សមុទ្រ​មួយ​នេះ ​ត្រូវ​បាន​ចាក់​ដី​លុប​ពី​សំណាក់​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ភរិយា​របស់​​លោក ឡៅ ម៉េងឃីន សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

បើតាមច្បាប់ភូមិបាលឆ្នាំ២០០១ មាត្រា ២៥៩ ចែងថា ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ៥,០០០,០០០ រៀល (ប្រាំលានរៀល) ដល់ ៥០, ០០០,០០០ រៀល (ហាសិបលានរៀល) ឬ /និងផ្ដន្ទាទោសពី ១ ឆ្នាំដល់ ៥ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ