មនុស្ស២នាក់ត្រូវបានឃាត់ខ្លួនជុំវិញឃាតកម្មសម្លាប់ក្មេងស្រី២នាក់នៅកំពង់ឆ្នាំង

កុមារីរ​២​នាក់​បងប្អូន​បង្កើត​ត្រូវ​បាន​ឃាតក​មិន​ស្គាល់​មុខ​ សម្លាប់​ហើយ​ញាត់​ក្នុង​កេះ​ឈើ​​ទុក​ចោល​នៅផ្ទះ​នៅ​យប់​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៨​ នៅ​ក្នុងភូមិ​ថ្មី​ ឃុំ​ផ្សារ​ ស្រុក​បរិបូណ៌​ ខេត្តកំពង់ឆ្នាំង​ ហើយ​រហូត​ដល់​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​ ២០១៨​ ទើប​មាន​គេ​ដឹង​ និង​មានការ​ភ្ញាក់ផ្អើល​ឡើង​។​ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់ប្តីប្រពន្ធជុំ​វិញករណីឃាតកម្មសម្លាប់ក្មេងស្រី២នាក់ នៅឃុំផ្សារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

លោក ជាង សុវណ្ណារិទ្ធ អធិការស្រុកបរិបូណ៍ បានប្រាប់ វី.អូ.ឌី ថាក្មេងស្រី២នាក់បងប្អូនដោយកូនបងមានអាយុ១៤ឆ្នាំ និងកូនប្អូនអាយុ៧ឆ្នាំ ត្រូវបានជនមិនស្គាល់មុខសម្លាប់រួចញាត់ចូលក្នុងកេសខោអាវយកទៅដាក់ចោលលើផ្ទះខ្ទមមួយកន្លែងស្ថិតនៅភូមិថ្មី ឃុំផ្សារ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៨ ខែតុលានេះ។

អធិការនគរបាលស្រុកបរិបូណ៍រូបនេះបន្តថា ក្រោយការស្រាវជ្រាវ និងធ្វើកោសល្យវិច័យរួចមក សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ត្រូវជាឪពុកមានិងម្តាយមីងយកទៅសាកសួរនៅស្នងការនគរបាលខេត្តកំពង់ឆ្នាំង ប៉ុន្តែលោកមិនទាន់​អាចបញ្ជាក់ថា ឃាតកម្មនោះកើតឡើងដោយសារអ្វីពិតប្រាកដនៅឡើយទេ។

លោកបន្ថែមថា៖«គាត់ទាំងពីរនាក់ហ្នឹងត្រូវជាម្តាយមីង និងឪពុកមារបស់ជនរងគ្រោះ។​ រឿងហ្នឹងតាមការធ្វើកោសល្យវិច័យមិនមានដល់ការរំលោភទេ។ ប៉ុន្តែបើយើងទៅប្រហែលជារឿងហ្នឹងជាករណីរំលោភ ប៉ុន្តែក្មេងហ្នឹងវាអត់ព្រម មានការប្រទុសប្រតាយគ្នាជនសង្ស័យវាវាយសម្លាប់តែម្តង។ បើថាទៅប្លន់ទៅអីមិនត្រូវទេ ព្រោះផ្ទះហ្នឹងគាត់អ្នកក្រីក្រ »

អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោក ប៉ា ច័ន្ទរឿន យល់​ឃើញថា បញ្ហាឃាតកម្មរំលោភក្មេងៗសម្លាប់ និងអំពើហិង្សាផ្សេងៗទៀតបានកើតឡើងក្នុងសង្គមខ្មែរហាក់មិនបានថមថយនោះទេ ដោយលោកថា បញ្ហានេះកើតឡើងដោយសារតែសីលធម៌និងគុណធម៌សង្គមធ្លាក់ចុះ។

លោក ប៉ា ច័ន្ទរឿន បញ្ជាក់ថា បញ្ហាសីលធម៌ និងគុណធម៌សង្គមធ្លាក់ចុះដោយសារមនុស្សនៅក្នុងសង្គមខ្វះការអប់រំផ្នែកសីលធម៌និងគុណធម៌ឲ្យបានខ្ពង់​ខ្ពស់ ហើយម្យ៉ាងទៀតប្រព័ន្ធនៃការដឹកនាំ និងមេដឹកនាំប្រទេស ក៏ជាប់ពាក់ព័ន្ធជាមួយនឹងការធ្លាក់ចុះនៃសីលធម៌សង្គមដែរ ដោយលោកថា ប្រសិនបើប្រព័ន្ធនៃការដឹកនាំ និងមេដឹកនាំមិនបានធ្វើជាគំរូល្អសម្រាប់ប្រជាជនទេនោះបញ្ហាសីលធម៌សង្គមនឹងធ្លាក់ចុះតាមនោះដែរ។

លោកបន្ថែមថា«ខ្ញុំគិតថាបញ្ហាវិបត្តិសីលធម៌នៅក្នុងសង្គមខ្មែរហ្នឹង ប្រហែលដល់ដំណាក់មួយប្រកាសអាសន្នហើយ។ សូមឲ្យស្ថាប័នដែលពាក់ព័ន្ធ មានក្រសួងអប់រំ ក្រសួងវប្បធម៌ ក្រសួងធម្មការ និងសាសនា គួរតែឱកាសណាមួយជួបជុំគ្នាស្រាវជ្រាវរកឬសគល់នៃបញ្ហាហ្នឹង។​ ផលវិបាករបស់វាដើម្បីស្វែងរកដំណោះស្រាយរយៈពេលវែង រយៈពេលខ្លី និងលើកកំពស់ការចាប់អារម្មណ៍អំពីស្ថានភាពសីលធម៌ គុណធម៌ក៏ដូចជាតម្លៃមនុស្សនៅក្នុងសង្គម»

មាត្រា២០០ នៃក្រមព្រហ្មទណ្ឌ មានខ្លឹមសារថា បទល្មើសឃាតកម្មគិតទុកជាមុន គឺជាគម្រោងបង្កើតឡើង មុន​អំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។ បទល្មើសនេះ ត្រូវ​ផ្តន្ទាទោសដាក់ពន្ធគារ​អស់​មួយ​ជីវិត​។

មេឃុំផ្សារក្នុងស្រុកបរិបូណ៍លោក ប៉ិន សុផាន ឲ្យដឹងថា កុមារី២នាក់បងប្អូនដែលឃាតករសម្លាប់រួចញាត់ចូលក្នុងកេសខោអាវយកទៅដាក់ចោលលើផ្ទះខ្ទមនោះត្រូវបានឪពុកម្តាយផ្ញើម្តាយមីង និងពូជួយមើល ខណៈម្តាយទៅធ្វើការរោងចក្រនៅរាជធានីភ្នំពេញ និងឪពុកទៅធ្វើកម្មករនៅប្រទេសថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ