គ.ជ.ប ថាដំណើរការពិនិត្យឈ្មោះនិងចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅ​ដោយ​រលូន

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីការបញ្ចប់ការចុះឈ្មោះបោះឆ្នោត ការរៀបចំនិងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។ រូបភាព៖ ហ៊ី ឆាយ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានអះអាងថាដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ​បោះឆ្នោតនៅឆ្នាំ២០១៨​ គឺមានភាពល្អប្រសើរ។

មន្រ្តីជាន់​ខ្ពស់​ គ.ជ.ប អះអាងបែប​នេះក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការបញ្ចប់ការចុះឈ្មោះបោះឆ្នោត ការរៀបចំ និងការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតនៅព្រឹកថ្ងៃទី ១៩ តុលា។

អ្នកនាំពាក្យ គ.ជ.ប លោក ឌឹម​ សុវណ្ណារុំ បញ្ជាក់ថានៅឆ្នាំ ២០១៨ ដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ គឺប្រព្រឹត្តទៅដោយល្អប្រសើរ សុវត្ថិភាព និងទទួលបានលទ្ធផលល្អ។

លោក ឌឹម សុវណ្ណារុំ ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីការបញ្ចប់ការចុះឈ្មោះបោះឆ្នោត ការរៀបចំនិងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។ រូបភាព៖ ហ៊ី ឆាយ

លោក ឌឹម សុវណ្ណារុំ មានប្រសាសន៍បន្ថែម៖ «ក្នុងរយៈពេល១៨ ថ្ងៃកន្លងទៅនេះ ក្រុមអ្នកចុះឈ្មោះបោះឆ្នោត បានកំណត់ទៅតាមផែនការនៃការចុះឈ្មោះ គឺប្រាំថ្ងៃដំបូង យើងចុះឈ្មោះនៅសាលាឃុំ សង្កាត់។ ហើយ៩ថ្ងៃបន្ទាប់ ក្រុមអ្នកចុះឈ្មោះទៅចុះឈ្មោះ តាមបណ្តាឃុំ ហើយនៅ៤ថ្ងៃចុងក្រោយ គឺយើងមកចុះឈ្មោះនៅសាលាឃុំ សង្កាត់វិញ។ ការចល័តការិយាល័យចុះឈ្មោះ ឃើញថាមានប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតច្រើន»។

អ្នកនាំពាក្យ គ.ជ.ប លើកឡើងទៀតថា ដោយសារ​ឆ្នាំនេះ មិនមែនជាឆ្នាំបោះឆ្នោត ​ទើប​ធ្វើឱ្យការចូលរួមពីភាគីពាក់ព័ន្ធមិនសូវមានភាពខ្លាំងខ្លាំ ឬមិនសូវសកម្ម។ លោកថា យ៉ាងនេះក្តី ប្រជាពលរដ្ឋបានអញ្ជើញមកកែតម្រូវឈ្មោះ លុបឈ្មោះ និងចុះបញ្ជីឈ្មោះបានជាង ៥០ភាគរ​យ ។

នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា និចហ្វិច លោក សំ គន្ធាមី មើលឃើញថា ដំណើរការចុះឈ្មោះអ្នកបោះឆ្នោតថ្មីពិតជារលូនមែន ប៉ុន្តែការចុះឈ្មោះសម្រាប់ក្រុម​យុវជ័ន​ដែលទើ​ប​គ្រប់​អាយុ​ហាក់មានតិចតួចនៅឡើយ។

លោកសំ គន្ធាមី នាយកអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វិក

លោកបន្ថែម​ថា៖«អត់មាន៥០% ទេ ដំណើរការវារលូនមែន ប៉ុន្តែគ្រាន់តែថា ក្រុមយុវជនមិនបានចុះឈ្មោះចូលរួមឲ្យបានច្រើនទេ ដោយសារ គាត់មិនសូវចាប់អារម្មណ៍ ដោយសារ ឆ្នាំហ្នឹងទើបបោះឆ្នោតផង បោះឆ្នោត ខែ៧ ហ្នឹង ហើយដល់ខែ១០ ចាប់ផ្ដើមចុះឈ្មោះហ្នឹង ដល់ហើយចំនួនហ្នឹងវាតិចទេ »។

សេចក្តីប្រកាស​ព័ត៌មាន​របស់​គ.ជ.ប ដែលចេញផ្សាយនៅថ្ងៃនេះដែរ បង្ហាញថា​អ្នកដែល​ចុះឈ្មោះ​បោះឆ្នោតថ្មី​មាន​ចំនួន​១៩៥ ០៨៧នាក់​ អ្នកដែល​លុបចេញ​ពីបញ្ជីមាន​ចំនួន​៥៤ ១៦៥ នាក់ និង​អ្នក​ដែល​កែតម្រូវទិន្នន័យមាន​ចំនួន​១៥៥៣។

សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បាន​បញ្ជាក់​បន្ថែម​លើ​សេចក្តីប្រកាស​ព័ត៌មាន​ថាឈ្មោះ​មួួយចំនួន​ត្រូវលុប​​ចេញ​ពីបញ្ជីបោះឆ្នោត​ដោយ​សារតែពួកគេបា​នបាត់បង់​ជីវិត​ ផ្លាស់ប្តូរទីលំនៅ សិទ្ធិបោះឆ្នោតរបស់​ពួកគេត្រួវបាន​ដកហូត និង​មូលហេតុ​មួយទៀតគឺករណី​​ឈ្មោះ ស្ទួន។

យោងតាមលទ្ធផល​បណ្ដោះអាសន្ននៃការ​ពិនិត្យបញ្ជីឈ្មោះ​ និង ការ​ចុះឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ២០១៨ ដែល​ចេញផ្សាយ​ដោយគ.ជ.ប ​ចំនួនអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៨ សរុបមាន​មានចំនួនជាង ៨ ៥៤៧ ២៩៩ នាក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ