យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ និង៤១នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តក្រចេះ ដោយសង្ស័យថាពុលស្រា«ស»។
ប្រធានការិយាល័យបច្ចេកទេសមន្ទីរសុខាភិបាលខេត្តក្រចេះ លោក ហុង ផល្លា បានប្រាប់វីអូឌីនៅថ្ងៃនេះថា ក្រុមការងារជំនាញរបស់មន្ទីរសុខាភិបាល និងស្ថាប័នពាក់ព័ន្ធកំពុងចុះស្រាវជ្រាវរកម្ចាស់ដែលផលិត និងចែកចាយស្រា«ស»នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដែលប្រជាពលរដ្ឋទិញយកទៅពិសារបណ្តាលឲ្យស្លាប់៣នាក់កាលពីម្សិលមិញ និង៤១នាក់កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តនោះ។
បើតាមព័ត៌មានបឋមលោក ផល្លា អះអាងថា អ្នកស្លាប់៣នាក់ និងអ្នកពុលស្រា«ស»៤១នាក់ផ្សេងទៀត ដែលទិញស្រា«ស»ពីក្នុងភូមិយកមកផឹកទំនងជាក្នុងស្រា«ស»នោះ ម្ចាស់សិប្បកម្មបិទស្រា ដាក់ជាតិមេតានុលលើសកម្រិត។
លោកមានប្រសាសន៍ថា៖«ការដែលធ្វើឲ្យមនុស្សស្លាប់ ហើយឈឺកំពុងសង្គ្រោះមួយចំនួន យើងសង្ស័យថា ពុលសារធាតុមេតាណុល»។
អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសំបូរ ខេត្តក្រចេះ លោក នួន សារិន ដែលចុះស៊ើបអង្កេតផ្ទាល់ អះអាងថា សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់សិប្បកម្មបិទស្រា«ស»ម្នាក់នៅតំបន់កើតហេតុ ប៉ុន្តែម្ចាស់សិប្បកម្មនោះអះអាងថា មិនបានដាក់ជាតិមេតាណុលលលើសកម្រិតទេ។ ករណីនេះលោកថានឹងបញ្ចូនសំណុំរឿងនេះទៅថ្នាក់លើចាត់វិធានការបន្តទៀត។
លោកមានប្រសាសន៍ថា៖«យើងកំពុងប្រមូលព័ត៌មានឲ្យអស់លទ្ធភាពជុំវិញព័ត៌មានហ្នឹង។ ប្រសិនបើពាក់ព័ន្ធ[រឿងពុលស្រា]យើងអាចបញ្ជូនទៅការិយាល័យជំនាញគាត់អនុវត្តនីតិវិធីបន្ត»។
បើតាមសមត្ថកិច្ចអះអាងថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារពុលស្រា«ស»នេះ អ្នកខ្លះទិញផឹកនៅផ្ទះឯកជន និងក្នុងកម្មវិធីជួបជុំគ្នាពេលទំនេរពីការងារជាដើម។
នាយកប្រតិបត្តិនៃអង្គការចលនា ដើម្បីសុខភាពកម្ពុជា លោក មុំ គង់ មានប្រសាសន៍ថា ករណីពុលស្រា«ស»នៅខេត្តក្រចេះនេះកើតឡើងច្រើនដងមកហើយ។ លោកជំរុញទៅរដ្ឋាភិបាលបង្កើតច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង ទើបជួយកាត់បន្ថយផលប៉ះពាល់សុខភាពប្រជាពលរដ្ឋបាន។
លោកមានប្រសាសន៍ថា«បើយើងនិយាយស្រា គ្រឿងស្រវឹង ទោះបីជាផលិតយ៉ាងណាក៏ប៉ះពាល់ទៅលើសុខភាព អ្នកផឹកទៅលើសង្គមច្រើន។ ហើយទំរាំការផលិតមិនត្រឹមត្រូវវាកាន់តែមានឥទ្ធិពលធ្ងន់ធ្ងរទៅទៀត។ សម្រាប់ខ្ញុំ ខ្ញុំគិតថា យើងគួរតែមានច្បាប់គ្រប់ដណ្តប់ទាំងស្រា ឬគ្រឿងស្រវឹងគ្រប់ជំពូកទាំងអស់ មិនថាប្រភេទណាទេ ទើបអាចការពារសុខភាពប្រជាពលរដ្ឋយើងបាន »។
ទាក់ទងនឹងបញ្ហាពុលស្រា«ស»នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៥ ធ្លាប់បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះអ្វីដែលពួកគាត់ទទួលទាន ជាពិសេសស្រាស បន្ទាប់ពីពលរដ្ឋជិត២០នាក់នៅខេត្តក្រចេះបានស្លាប់ជាបន្តបន្ទាប់ដោយសារការពុលស្រាស៕