តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លី លោក គិត ធារ ឲ្យ VOD ដឹងថា នៅថ្ងៃនេះ ក្រុមប្រជាពលរដ្ឋប្រមាណ ៤០០ ទៅ ៥០០គ្រួសារ មកពីភូមិជើងឃ្លេ ស្ថិតក្នុងឃុំ ២ធ្នូ ស្រុកស្នួល បានមកសុំស្នាក់អាស្រ័យនៅវត្តសមគ្គីរង្សី នៅរាជធានីភ្នំពេញ ប៉ុន្ដែ ត្រូវបានអាជ្ញាធរហាមឃាត់ ដោយតម្រូវឲ្យពួកគេធ្វើលិខិតសុំការអនុញ្ញាតជាមុនសិន។
លោកបន្ដថា ក្រុមប្រជាពលរដ្ឋទាំងនេះ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់យូរមកហើយ និងបានសម្រេចចិត្តឡើងមកតវ៉ាជាថ្មី បន្ទាប់ពីពួកគេមិនទាន់ទទួលដំណោះស្រាយសមស្របណាមួយ។
លោកបន្ដថា៖ «មកថ្ងៃហ្នឹង ប្រហែលជា ៤០០ទៅ៥០០គ្រួសារ បាទ! សុំអាជ្ញាធរសិន ប៉ុន្ដែ អាជ្ញាធរគាត់ទៅធ្វើសំបុត្រសិនដែរ បានលោកហ៊ានទទួលពួកខ្ញុំ។ និយាយឲ្យចំលោកថា គេមិនឲ្យទទួលពួកខ្ញុំទេ។ ដល់អញ្ចឹងគាត់ថា ចាំឲ្យអាជ្ញាធរសុំគាត់ បានគាត់ហ៊ានឲ្យ»។
កាលពីខែមីនាកន្លងទៅ ប្រជាពលរដ្ឋដែលមានជម្លោះជាមួយក្រុមហ៊ុនចំការកៅស៊ូមេមត់ បានប៉ះទង្គិចគ្នាជាមួយកម្លាំងសមត្ថកិច្ចក្នុងខេត្តនេះ ដោយបណ្ដាលពលរដ្ឋមួយចំនួនរងរបួស បន្ទាប់ពីក្រុមហ៊ុនបានយកគ្រឿងចក្រទៅកាយដីព្រំ និងឈូសឆាយលើដំណាំរបស់ពួកគាត់។
ប៉ុន្តែ ករណីនេះ ក្រុមហ៊ុនមេមត់ បានចោទថា ពលរដ្ឋជាអ្នករំលោភយកដីរបស់ក្រុមហ៊ុន។
កាលពីថ្ងៃទី២៥ ឧសភាកន្លងមក ក្រុមប្រជាពលរដ្ឋមានជម្លោះដីធ្លីទាំងនេះ បានឡើងមកតវ៉ានៅមុខរដ្ឋសភា ប៉ុន្ដែ អាជ្ញាធរក្រុងបានដឹកជញ្ជូនពួកគេត្រឡប់ទៅស្រុកកំណើតវិញ ដោយសន្យាជួយរកដំណោះស្រាយសមស្រប៕