តារាវ័យក្មេងមានជម្ងឺខូចក្រលៀន បន្ទាប់ពីប្រើប្រាស់ថ្នាំធ្វើឲ្យស្បែកស និងផលិតផលថែសម្ផស្ស

តារាសម្ដែង​​អ្នកនាង ​​​​​​នៅ ណាវីន តារាសម្ដែងលោក យូ ឌីស្ដូ និងតារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ។

តារាសម្តែងនិងចម្រៀងកម្ពុជាដែលមានជម្ងឺខូចក្រលៀនបានអះអាងថា អាហារបំប៉ន និងផលិតផលធ្វើឲ្យស្បែកសបង្កឲ្យពួកគេខូចក្រលៀន ដែលតម្រូវឲ្យមានការវះកាត់ជាបន្ទាន់។

ក្នុងរយៈពេលចុងក្រោយ​ គេកត់សម្គាល់ថា​ តារា​វ័យក្មេង​ច្រើន​ឡើងបានក្លាយជា​​អ្នកជម្ងឺខូចក្រលៀន ដោយតម្រូវឲ្យពួកគេ​វះកាត់​​​​បន្ទាន់​​ដើម្បី​បន្តជីវិត ហើយមានអ្នកខ្លះបាត់បង់ជីវិត។ ក្នុងនោះតារាចម្រៀង​កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាពកាលពីខែមុន ព្រោះតែ​ជំងឺ​​ខូចក្រលៀន​​របស់នាង​ព្យាបាលមិនទាន់ពេល។ ​​​យ៉ាងណាមិញ អ្វីដែលគេចាប់អារម្មណ៍ ​គឺ​​​​មូលហេតុដែលនាំអោយខូចក្រលៀន​ទាំង​វ័យក្មេងរបស់តារា​ទាំងនោះ មានប្រភពស្រដៀងគ្នា គឺការប្រើប្រាស់អាហារបំប៉ន និងផលិតផលថែសម្ផស្ស។

លោក យូ ឌីស្កូ ដែលបាន​វះកាត់​ដូរ​ក្រលៀនបានជោគជ័យមុនគេនៅក្នុងប្រទេសឥណ្ឌា​បានអះអាងថា មូលហេតុដែលលោក​​​​​មានជំងឺខូច​ក្រលៀន​កាលពីមួយរយៈមុន គឺបណ្ដាលមកពីលោក​​ប្រើថ្នាំអាហារបំប៉ន​ច្រើន​ពេក​​​​​​​ ដោយក្នុងនោះ​​​លោកក៏បានប្រើថ្នាំ​ដើម្បីឲ្យសាច់ស្អាត និងខ្ចី​​​ក្នុងពេលមិនទាន់ផ្ទុះជំងឺនោះផង។ លោកត្រូវ​គេដឹងថា ​​គឺជាអតីត​​​​​​អ្នកតំណាង​​​លក់​ផលិត​ផលអាហារ​សុខភាព ឬហៅ​ថា​អាហារ​​បំប៉ន ដោយលោកបានសារភាព​ថា​​​​​​​​​​ នៅក្នុងរយៈពេលនោះ ​លោក​បាន​ប្រើ​​ថ្នាំដែលជាប្រភេទអាហារបំប៉​ន​​​​​​​​​យ៉ាង​ច្រើននៅក្នុងពេលនេះ ​ហើយក្រោយមក​ក៏មានជំងឺ​​​​ខូចក្រលៀនទាំងគូតែម្ដង។

ក្រុមការងាររួមសិល្បៈនាំ យូ​ឌីស្កូ​ ឡើងយន្តហោះទៅកូរ៉េ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨។ រូបភាព៖ ហ្វេសប៊ុក Heng Loong

បន្ទាប់ពី លោក យូ ឌីស្កូ ធ្លាក់ខ្លួនឈឺធ្ងន់ ​មហាជ​ន​​ជួយរៃអង្គាសថវិកាគ្នា​​​ឲ្យលោកបានវះកាត់ដូរក្រលៀន​​​ម្ខាង​​នៅក្នុងប្រទេសឥណ្ឌា។ លោក​ត្រូវ​​​លាងឈាម​​​២ដង​ក្នុង​មួយអាទិត្យ​​​នៅមុនពេល​ធ្វើទុក្ខធ្ងន់​។ ​យ៉ាងណាមិញ មកដល់ពេលនេះ​អាការៈរបស់លោកបានជាសះស្បើយ​ហើយ បើទោះជាលោកត្រូវ​ប្រើថ្នាំ​​ជំនួយក្រលៀនដែលបាន​ដូរ​អស់មួយជីវិត។

កញ្ញា ខេមរៈ ស្រីពៅ ​ដែលទើបតែ​​​បានបញ្ចប់ពិធី​បូជាសព​​​ ក៏ត្រូវបានលោក​ ខេមរៈ សិរីមន្ត ជាបងប្រុស​បានអះអាងថា ក៏មានជំងឺ​​ខូចក្រលៀន​​​​​ដូចគ្នាផងដែរ។ លោកថា​​ ប្អូនស្រី​របស់លោក​​ចាប់ផ្ដើមមានជំងឺក្រលៀននេះ ដោយសារតែការញ៉ាំថ្នាំឲ្យស និង​​ថ្នាំ​​​​​​​​ជាច្រើន​ប្រភេទទៀត ដើម្បី​ថែរក្សាសម្រស់ផង និងដោយសារតែនាងឧស្សាហ៍​ប្រើថ្នាំពេលមានអាការៈឈឺផង។

កញ្ញា ខេមរៈ ស្រីពៅ តារាចម្រៀងផលិតកម្មសាន់ដេ កាលពី២ឆ្នាំុមុន
កញ្ញា ខេមរៈ ស្រីពៅ តារាចម្រៀងផលិតកម្មសាន់ដេ កាលពី២ឆ្នាំមុន

លោក ​ ខេមរៈ សិរីមន្ត បានបន្តថា ​​​ប្អូនស្រីរបស់ខ្លួនមានជំងឺ​​ធ្វើទុក្ខប្រមាណ​​៤ឆ្នាំមក​ហើយ ​​​​​​ហើយដោយសារតែនាង​​​​​មិនក្លាហានក្នុងការ​​​​​​​​​​​​ទៅ​ទទួលការព្យាបាលនៅ​​​​ពេទ្យ ទើបបណ្ដាលឲ្យ​នាងសង្គ្រោះលែងបាន បើទោះជាបានបញ្ជូនទៅវះកាត់​​​​ក្រលៀននៅឥណ្ឌា។ ​លោកបានទទូចកុំអោយ​​មហាជន ជាពិសេស​​តារា​ៗជំនាន់​ក្រោយប្រើ​​ថ្នាំ​​​សាច់ស្អាត ថ្នាំសម្រក និង​​​​អាហារបំប៉នជាដើម។ លោក​បញ្ជាក់យ៉ាង​ខ្លីថា បើ​​​ប្អូនស្រីរបស់​លោកមិន​​​​​​ប្រើថ្នាំ​​​​ច្រើនប្រភេទនោះ​ទេ ក៏មិនបណ្ដាលឲ្យខូចក្រលៀន និង​​​​​​​​​​​​បណ្ដាលឲ្យមានជំងឺ​​​ផ្សេងៗ​មកបៀតបៀននោះដែរ។

មិនខុសគ្នាដែរ តារាសម្ដែង​​អ្នកនាង ​​​​​​នៅ ណាវីន​ ដែលទើប​​​ត្រលប់មកពីវះកាត់​​ក្រលៀន​នៅក្នុងប្រទេសឥណ្ឌាបានថ្លែងកាលពីថ្ងៃទី​​១០ ខែកុម្ភៈ ​នៅព្រលានយន្តហោះថា អ្នកនាង​​​​​​ក៏មានជំងឺ​​ខូចក្រលៀន​​ទាំងសងខាងផងដែរ ដោយ​ក្នុងពេល​មិនទាន់មានលទ្ធភាព​វះកាត់​ដូរក្រលៀន គឺអ្នកនាង​​មិនចង់​​រស់នោះទេ ដោយសារតែ​​ការធ្វើទុក្ខពិបាកពេក។

តារាសម្ដែង​​អ្នកនាង ​​​​​​នៅ ណាវីន​ ដែលទើប​​​ត្រលប់មកពីវះកាត់​​ក្រលៀន​នៅក្នុងប្រទេសឥណ្ឌាបានថ្លែងកាលពីថ្ងៃទី​​១០ ខែកុម្ភៈ ​នៅព្រលានយន្តហោះ។ រូបភាព៖ វង្ស សុម៉ាលីន

អ្នកនាង ​​​​​​នៅ ណាវីន ចាប់​ផ្ដើម​មានជំងឺខូចក្រលៀន ដោយសារតែកាលពីមុន​​​​​ទម្លាប់ញ៉ាំថ្នាំឲ្យស និង​ញ៉ាំ​​​ថ្នាំ​សម្រក ខណៈដែលថ្នាំ​ងងុយគេង ក៏អ្នកនាង​​ទទួលទានច្រើន​​​ក្នុងពេលមិន​​​ស្រួលខ្លួន។ អ្នកនាងថា ​​​​ថ្នាំទាំងនោះត្រូវបានគ្រូពេទ្យប្រាប់ថា​ គឺជាមូលហេតុ​បណ្ដាលឲ្យ​ក្រលៀននាង​ខូច ហើយនាង​ក៏​​សប្បាយចិត្ត​ផងដែរ ដែលមានលទ្ធភាព​វះកាត់ដាក់ក្រលៀនថ្មីបានម្ខាង បើទោះជាត្រូវ​​លេបថ្នាំអស់​​មួយជីវិត។ ​អ្នកនាងថា​​ ថ្នាំឲ្យស្បែក​ស ថ្នាំឲ្យ​សាច់ស្អាត ថ្នាំសម្រក និង​ថ្នាំងងុយគេងជាដើម ប្រសិនបើអាចជៀស​​បានគឺ​​គួរតែជៀស​ ដោយសារតែ​​នាង និងអ្នក​ដែលមានជំងឺ​​ខូចក្រលៀន​ផ្សេង​ទៀត សុទ្ធតែមកពីហេតុផលហ្នឹង៕


កែតម្រូវ៖ ត្រង់កថាខណ្ឌទី៥ នៃអត្ថបទខាងលើនេះ លោក ខេមរៈ សិរីមន្ត មិនបានមានប្រសាសន៍ដូចការចុះផ្សាយកាលពីម៉ោង១៤និង០៦នាទីនោះទេ ហើយកថាខណ្ឌនេះ ត្រូវបានផ្ទៀងផ្ទាត់ឡើងវិញ និងត្រូវបានកែសម្រួលនៅម៉ោង៥និង៥៧នាទី ដូចខ្លឹមសារខាងក្រោមនេះ៖

«កញ្ញា ខេមរៈ ស្រីពៅ ​ដែលទើបតែ​​​បានបញ្ចប់ពិធី​បូជាសព​​​ ក៏ត្រូវបានលោក​ ខេមរៈ សិរីមន្ត ជាបងប្រុស​បានអះអាងថា ក៏មានជំងឺ​​ខូចក្រលៀន​​​​​ដូចគ្នាផងដែរ។ លោកថា​​ ប្អូនស្រី​របស់លោក​​ចាប់ផ្ដើមមានជំងឺក្រលៀននេះ ដោយសារតែការប្រើថ្នាំញឹកញាប់ ដោយលោកបញ្ជាក់ថា ជាពិសេសគឺថ្នាំបំបាត់ការឈឺចាប់ ក្រោយពេលប្អូនស្រីរបស់លោកមានបញ្ហាជើងក្រោយពេលរាំហើយភ្លាត់ឆ្អឹង។ លោកក៏ចង់សំដៅថា ការញ៉ាំថ្នាំឲ្យស អាហារបំប៉នមួយចំនួន និង​​ថ្នាំ​​​​​​​​​ថែរក្សាសម្រស់ក៏ជាមូលហេតុដែលធ្វើអោយមានបញ្ហាក្រលៀនផងដែរ។»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ