រដ្ឋាភិបាលស្នើ​ឲ្យ​​ផ្អាក​ផ្សាយ​​គ្រឿង​ស្រវឹង​ថ្ងៃ​បុណ្យ​​សាសនា ខណៈ​សង្គម​ស៊ីវិល​ទាមទារ​វិធានការ​ជាក់​លាក់

ស្លាកផ្សព្វផ្សាយគ្រឿងពាណិជ្ជកម្មស្រាបៀ

ក្រសួងព័ត៌មានអំពាវនាវ​ទៅ​សារព័ត៌មាន​​ទាំង​អស់​ឲ្យ​ផ្អាកផ្សាយស្ប៉តពាណិជ្ជកម្មគ្រឿងស្រវឹងនៅថ្ងៃប្រារព្ធពិធីបុណ្យ​​បែប​ព្រះ​ពុទ្ធ​សាសនា​នា​ពេល​ខាង​មុខ ខណៈ​ដែល​ក្រសួង​ក៏​បាន​ស្នើ​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ​ឲ្យ​​ដាក់​សារ​ព្រមាន​លើ​សំបក​គ្រឿង​ស្រវឹង​ផង​ដែរ។

ក្រសួងព័ត៌មាន បាន​អំពាវ​នាវ​បែប​នេះ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាលពីថ្ងៃទី៣០ ខែមេសា ប្រហែល ៣​សប្ដាហ៍​មុន​​ពេល​​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា។

រដ្ឋ​មន្ត្រី​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​លើក​ឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា ក្រសួង​ស្នើ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្អាក​ការ​ផ្សព្វផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ដើម្បី​លើក​ស្ទួយ​ព្រះ​ពុទ្ធ​សាសនា។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ផុស សុវណ្ណ បញ្ជាក់បន្ថែមថា ក្រសួង​បាន​ត្រឹម​ស្នើឡើង​បែប​នេះ ប៉ុន្តែ លោក​ថា ក្រសួង​ក៏​មិន​អាច​ហាម​ឃាត់​​ការ​ផ្សព្វផ្សាយ​ ការ​ចែក​ចាយ និង​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​​​នៅ​ចំ​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យ​តាម​បែប​ព្រះ​ពុទ្ធ​សាសនា​នោះ​បាន​ឡើយ។

លោក សុវណ្ណ ប្រាប់​ថា៖ «យើងគិតថា ថ្ងៃ​ហ្នឹង​ជាថ្ងៃគោរពបូជា​ទាំងអស់គ្នា អ៊ីចឹង យើងគ្រាន់តែថា កុំឱ្យប្រព័ន្ធផ្សព្វផ្សាយ វាផ្សព្វផ្សាយថែមបន្ថែមទៀតអ៊ីចឹង។ តែយើងបម្រាមបុគ្គលមិនឱ្យគេហូប យើងពិបាកនិយាយណាស់។ បើយើងបិទសិទ្ធិគេទាំងអស់ទៅ ដូចជាយើងហាមគេទាំងអស់»

ក្រៅ​ពី​អំពាវ​នាវ​ឲ្យ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ហើយ​នោះ រដ្ឋ​មន្ត្រី​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏​បាន​ស្នើ​ទៅ​រដ្ឋ​មន្ត្រី​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធ ឲ្យ​​បោះពុម្ព​សារ​ព្រមាន​នៅ​លើ​សំបក​កំប៉ុង ឬ​ក៏​ដប​នៃ​គ្រឿង​ស្រវឹង​ផង​ដែរ។

រដ្ឋ​មន្ត្រី​ព័ត៌មាន​លើក​ឡើង​ថា សារ​ព្រមាន​លើ​សំបក​កំប៉ុង ឬ​ក៏​សំបក​ដប​នៃ​គ្រឿង​ស្រវឹង​ នឹង​ជួយ​ដាស់​ស្មារតី​ពលរដ្ឋ​ឲ្យ​​គិត​គូរ​ពី​សុខភាព និង​សុវត្ថិភាព​អាយុ​ជីវិត​ផ្ទាល់​ខ្លួន។

អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក អ៊ុំ សុថា បាន​ឲ្យ​ដឹង​ថា ក្រសួង​នៅ​មិន​ទាន់ទទួលបានសំណើរបស់ក្រសួងព័ត៌មាននៅឡើយ។

​ព្រះ​មេគុណ​សង្ឃ​រាជធានី​ភ្នំពេញ ព្រះ​តេជ​គុណ ឃឹម សន សាទរចំពោះសេចក្ដីប្រកាសរបស់ក្រសួងព័ត៌មាន ប៉ុន្តែ ព្រះអង្គមានដីកាថា ការផ្អាកផ្សព្វផ្សាយស្ប៉តគ្រឿងស្រវឹងក្នុងមួយឆ្នាំតែ ២​ថ្ងៃនេះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ ហើយ​ព្រះអង្គចង់ឱ្យរដ្ឋាភិបាលផ្អាកការផ្សាយស្ប៉តស្រាជារៀងរាល់ថ្ងៃសីល ហើយយកថ្ងៃសីលទៅផ្សព្វផ្សាយព្រះធម៌វិញ។

ព្រះ​មេគុណ​ ឃឹម សន មានសង្ឃដីកាថា៖ «ព្រោះប្រទេសជាតិខ្លះ មានអ្នកកាន់ព្រះពុទ្ធសាសានាខ្លះ សូម្បីតែលក់ ក៏​គេមិនឱ្យឃើញ​គ្រឿងស្រវឹងផង កុំថាឡើយឡើងដល់ផ្សាយជាសាធារណៈតាមទូរទស្សន៍ បិទផ្លាកផ្សាយអ៊ីចឹង គេមិនឱ្យឃើញទៀត គេលក់គេប្រយ័ត្នណាស់ ព្រោះអីជារឿងសំខាន់សម្រាប់ប្រទេសជាតិមួយដែលចង់ឱ្យកុមារភាពទាំងឡាយក្លាយទៅជាមនុស្សល្អ គឺគេឱ្យល្អពីតូចហ្នឹងទៅ»

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ចាត់ទុកសេចក្ដីប្រកាសនេះថា ជារឿងល្អ ប៉ុន្តែ លោក​ជំរុញ​ឲ្យ​មាន​វិធានការ​ជាក់​លាក់​ដើម្បី​ការ​អនុវត្ត​មាន​ប្រសិទ្ធភាព។

លោក យង់ គិមអេង ប្រាប់ថា៖ «ត្រូវតែមានច្បាប់ ដើម្បីគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្មហ្នឹង ទី២ អ្នកនយោបាយត្រូវតែមានឆន្ទៈតម្កល់ផលប្រយោជន៍រួមជាធំ ជាពិសេសគិតគូរទៅដល់​សុខុមាលភាពសង្គមជារួម ទាំងសុខភាព ទាំងគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងនៅក្នុងសង្គមដែលបណ្ដាលឱ្យមកពីគ្រឿង​ស្រវឹង ទី៣ ត្រូវតែឱ្យមានការដាក់ពិន័យ ដោយការផ្សាយត្រូវឱ្យមានការគិតគូរអំពីតម្លៃសីលធម៌ និងសុខភាពខ្ពស់»។

សេចក្ដី​ព្រាង​ច្បាប់​សម្រាប់​គ្រប់​គ្រង​គ្រឿង​ស្រវឹង ដែល​ត្រូវ​បាន​ផ្ដួច​ផ្ដើម​ឡើង​ដោយ​សង្គម​ស៊ីវិល​តាំង​ពី​ជាង ១០​ឆ្នាំ​មុន​នោះ នៅ​មិន​ទាន់​ត្រូវ​បាន​រដ្ឋាភិបាល​​អនុម័ត​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ។

គ្រឿង​ស្រវឹង​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ជា​កត្តា​ចម្បង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​សម្លាប់​មនុស្ស​លើស​ពី ១៥០០​នាក់​ និង​បណ្ដាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ទៀត​រង​របួសនៅ​រៀង​រាល់​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ