បទ​យកការណ៍៖ ភាព​ឈឺ​ចាប់​នៃ​ការ​ជិះជាន់​ពី​ថៅកែ​ ជំរុញ​ឲ្យ​កម្មករ​ដង្ហោយ​រក​ដំណោះស្រាយ​ពី​រដ្ឋាភិបាល

ក្បួនដង្ហែររបស់ក្រុមកម្មករដើម្បីដាក់ញត្តិក្នុងទិវាពលកម្មអន្តជាតិឆ្នាំ២០១៩ ម្ដុំវត្តភ្នំ។ រូបភាព៖ ហួត វុទ្ធី

​សម្រែក​តាម​ឧគ្ឃោសនាសព្ទ និង​បដា​ជា​ច្រើន​ ត្រូវ​បាន​លើ​បង្ហាញ​នៅ​ទីធ្លា​សួន​ច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ ​ជាទី​ដែល​មាន​កម្មករ​ប្រមាណ ​២ពាន់នាក់​ ​បាន​ចូល​រួម​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​​ កាល​ពី​ថ្ងៃ​ម្សិលមិញនេះ​។

ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៩ ​គឺ​ជា​ទិវា​ពលកម្ម​អន្តរជាតិ​ ដើម្បី​រំលឹក​ដល់​ដល់​ការ​លះបង់​របស់​កម្មករ​កាល​ពី​ជាង ​១០០ឆ្នាំ ​បាន​ធ្វើ​ការ​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​ដល់​កម្មករ​និយោជិត​ដែល​ទទួល​រង​ការ​គៀប​សង្កត់​ពី​សំណាក់​ថៅកែ ឬ​ពួក​នាយទុន។

ក្បួនដង្ហែររបស់ក្រុមកម្មករដើម្បីដាក់ញត្តិក្នុងទិវាពលកម្មអន្តជាតិឆ្នាំ២០១៩ ម្ដុំវត្តភ្នំ។ រូបភាព៖ ហួត វុទ្ធី

ឆ្នាំ​២០១៩​នេះ ជា​ខួប​លើក​ទី​១៣៣​ហើយ​នៃ​ការ​អបអរ​ទិវា​នេះ។

បើ​ទោះ​បី​លក្ខខណ្ឌ​ការងារ​ក្នុង​ពិភព​លោក​នៅ​ប្រទេស​មួយ​ចំនួន​បាន​អនុវត្ត​បាន​ល្អ​ហើយ​ក្ដី តែ​សម្រាប់​ប្រទេស​កម្ពុជា​ កម្មករ​មួយ​ចំនួន​ថា ​ពួកគេ​នៅ​តែ​រង​ការ​គាបសង្កត់​ពី​សំណាក់​ម្ចាស់​រោងចក្រ និង​ទទួល​បាន​លក្ខណៈការងារ​លំបាក​ដដែល។

ជា​កម្មករ​កាត់ដេរ​នៅ​រោង​ចក្រ​ QMI B ក្នុង​រាជធានី​ភ្នំពេញ ​លោក ស៊ុន ឌី មាន​ប្រសាសន៍​ថា ​មូលហេតុ​ដែល​លោក​ចូលរួម​ទិវា​ពលកម្ម​អន្តរជាតិ​នេះ​ ដោយ​សារ​ លោក​ចង់​បង្ហាញ​ពី​ភាព​មិន​ពេញ​ចិត្ត​របស់​លោក​ចំពោះ​រោងចក្រ​ដែល​តែង​តែ​គាប​សង្កត់​មក​លើ​កម្មករ។

លោក​ ស៊ុន ឌី ៖ «នៅ​កន្លែង​ការងារ​ខាង​ប្រធាន​ក្រុម ឬ​ខាង​រដ្ឋបាល​បាន​គាប​សង្កត់​កូន​ក្រុម​ជា​ច្រើន​ ទាំង​ថ្នាក់​លើ​ ទាំង​ថ្នាក់​ក្រោម។ ដូច​ជា​ ការ​បង្ខិត​បង្ខំ​ ការ​គំរាម​កំហែង ការ​ព្រមាន​ ជា​ដើម។ ឧទាហរណ៍​ កម្មករ​គាត់​សុំ​ចេញ​ម៉ោង​៤​ជា​ដើម​ គាត់​សុំ​ទៅ ​តែ​ប្រធាន​ក្រុម​អត់​ឲ្យ​ចេញ​ទេ ដោយ​ព្រមាន​ដក​ចេញ ឬ​ក៏​ដល់​កុងត្រា​គាត់​ដក​ចេញ​ ជា​ដើម​»

ជា​កម្មករ​រោងចក្រ W&D ដែល​ទើប​នឹង​ទទួល​បាន​ដំណោះ​ស្រាយ​ពី​រដ្ឋាភិបាល ​អ្នក​ស្រី ឈាង វណ្ណា មាន​ប្រសាសន៍​ថា​ បើ​ទោះ​បី​ត្រូវ​បាន​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ដើម្បី​ឲ្យ​ពួកគាត់​បាន​ចូល​ធ្វើ​ការ​វិញ​ក្ដី តែ​សម្រាប់​ខាង​រោងចក្រ​នៅ​តែ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​កម្មករ​ដែល​ធ្លាប់​តវ៉ា​ពីមុន​មក​ដដែល ដោយ​រំលាយ​ក្រុម​ដេរ​របស់​អ្នកស្រី និង​បង្ខំ​ឲ្យ​កម្មករ​ធ្វើ​ការ​ ជា​ដើម។

អ្នក​ស្រី​ថា៖ «នៅ​ពេល​ដែល​យើង​សុំ​ច្បាប់ ​ដូច​ជា ​ម៉ែ​ឈឺ កូន​ឈឺ​អី ខាង​រោង​ចក្រ​គាត់​តប​មក​វិញ​ថា ​យើង​មិន​មែន​ពេទ្យ​ទៅ​ធ្វើ​អី​បាន! អញ្ចឹង​ណា​។ យើង​ពិបាក​ណាស់​ គាប​សង្កត់​សព្វ​បែប​យ៉ាង»

មិន​ត្រឹម​តែ​កម្មករ​រោង​ចក្រ​កាត់​ដេរ​ប៉ុណ្ណោះ​ទេ​ ដែល​ពួកគេ​រង​ការ​បំពារបំពាន​សិទ្ធិ​នោះ កម្មករ​ក្នុង​វិស័យ​ដទៃ​ទៀត​ក៏​រង​ការ​បំបិទ​សិទ្ធ​ដូច​គ្នា​ ឬ​លើស​ពី​កម្មករ​រោងចក្រ​ផង​ដែរ។

តំណាង​កម្មករ​ក្នុង​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​ លោក ម៉ម ឬទ្ធី មាន​ប្រសាសន៍​ក្នុង​ទិវា​នោះ​ថា​មក​ដល់​ពេល​នេះ​ហើយ ​កម្មករ​ក្នុង​វិស័យ​ទេសចរណ៍​ និង​សេវាកម្ម​នៅ​មិន​ទាន់​មាន​ការ​កំណត់​ពី​ប្រាក់​អប្បបរមា​ដល់​ពួកគេ​នៅ​ឡើយ​ ហើយ​បើ​សិន​ជា​មាន​ការ​តវ៉ា​នោះ​ ពួកគេ​ក៏​ទទួល​រង​នូវ​ការ​គំរាម​កំហែង​ពី​​ថៅកែ​ផង​ដែរ។ ​​

លោក​ថ្លែង​ថា៖ «ខ្ញុំ​សុំ​ជម្រាប​ថា ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ និង​សេវាកម្ម មក​ដល់​ពេល​នេះ ម៉ោង​នេះ​ នៅ​តែ​មាន​កម្មករ​ប្រាក់​ខែ​៨០​ដុល្លារ ៩០​ដុល្លារ​ ១០០ដុល្លារ។ រហូត​ដល់​សណ្ឋាគារ​ផ្កាយ​៥​ យើង​រក​ឃើញ​ថា​ នៅ​មាន​ប្រាក់​ខែ​នៅ​៩០​ដុល្លារ​ទៀត តើ​នេះ​ជា​រឿង​សម​ហេតុផល​ទេ? តើ​កម្មករ​អាច​រស់​នៅ​បាន​ទេ? យើង​គិត​ថា​ រឿង​នេះ​ជា​រឿង​ដែល​កម្មករ​ពិបាក​រស់នៅ​មែនទែន»

​តំណាង​សហជីព​ក្នុង​វិស័យ​ដឹក​ជញ្ជូន ​លោក ងិន កុសល បាន​លើក​ឡើង​ថា​ កម្មករ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ ក្រៅ​ពី​ទទួល​ប្រាក់​ខែ​ការងារ​ទាប​ហើយ ពួកគេ​ក៏​ត្រូវ​ប្រឈម​នឹង​ការ​ដេញ​ចេញ​ពី​ការងារ​ទៀត ហើយ​លើស​ពី​នោះ​ក៏​ត្រូវ​បាន​ថៅកែ​ប្ដឹង​ទៅ​តុលាការ​ ដើម្បី​មាន​វិធានការ​ចំពោះកម្មករ​នៅ​ពេល​ដែល​តវ៉ា​ផង​ដែរ។

លោក​ថា៖ «ខ្ញុំ​តំណាង​ឲ្យ​វិស័យ​ដឹក​ជញ្ជូន​ ស្នើ​ដល់​រដ្ឋាភិបាល​មេត្តា​ជួយ​ដោះស្រាយ​ឲ្យបាន​លឿន​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ ក៏​ដូច​ជា ​វិស័យ​ដឹក​ជញ្ជូន​បច្ចុប្បន្ន​ ដូចជា ​ក្រុមហ៊ុន​ កាពីតូល និង​ព្រលាន​យន្តហោះ។ ហើយ​នៅ​ពេល​ថ្មីៗ​នេះ ​នៅ​ក្នុង​ក្រុមហ៊ុន​ សុរិយា​ដឹកជញ្ជូន​ ក៏​បាន​ធ្វើ​​ទុក្ខបុកម្នេញ​បញ្ឈប់​ថ្នាក់​ដឹក​នាំ​សហជីព​ជា​បន្តបន្ទាប់​ ដោយ​ប្រើ​រូបភាព​ដដែលៗ ចាប់​កំហុស​ដោយ​មិន​មាន​កំហុស​ជាក់​ស្ដែង»

ក្នុង​ការ​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ​កាល​ពី​ម្សិលមិញ​នេះ តំណាង​សហភាព​ការងារ​កម្ពុជា និង​សហព័ន្ធ​សហជីព​ចំនួន​៨​ទៀត​ បាន​ដាក់​ញាតិ​មួយ​ច្បាប់​ដើម្បី​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​របស់​កម្មករ​និយោជិក​ចំនួន​២០​ចំណុច​ ដែល​ក្នុង​នោះរួម​មាន ​ស្នើ​ឲ្យ​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​២៥០​ដុល្លារ ដល់​កម្មករ​កាត់ដេរ ព្រម​ទាំង​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិក​នៃ​វិស័យ​ផ្សេង​ទៀត​ផង​ដែរ ពង្រឹង​គុណភាព​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម​ ទម្លាក់​ចោល​បណ្ដឹង និង​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ប្រឆាំង​សហជីព បង្កើត​តុលាការ​ឯករាជ្យ បង្កើត​បរិយាកាស​ល្អ និង​សុវត្ថិភាព​ដល់​កម្មករ​នៅ​កន្លែង​ធ្វើ​ការ​ ជា​ដើម។

តំណាង​រដ្ឋាភិបាល និង​សភាជាតិ​ដែល​មក​ទទួល​ញាតិ​នេះ ​លោក សួន រិនឌី ទទួល​ស្គាល់​ពី​កង្វល់​របស់​កម្មករ​នេះ​ តែ​លោក​ថា​ រដ្ឋាភិបាល​កំពុង​ដោះស្រាយ​ជូន​ជា​បណ្ដើរៗ​ហើយ​ផង​ដែរ។

លោក សួន រិនឌី តំណាងគណកម្មការទីមួយរដ្ឋសភាមកទទួលញត្តិ ពីក្រុមសហជីព និងកម្មករ នៅថ្ងៃទិវាពលកម្មអន្តជាតិឆ្នាំ២០១៩។ រូបភាព៖ ហួត វុទ្ធី

លោក សួន រិនឌី៖ «តម្រូវ​ការ​របស់​បងប្អូន​យើង ​វា​តែង​តែ​រត់​ប្រណាំង​ជា​មួយ​ការ​អភិវឌ្ឍ វា​តែងតែ​មាន​ការ​ខ្វះខាត​ វា​តែងតែ​មាន​ការ​នៅ​សេសសល់ ​វា​តែងតែ​មាន​សំណូម​ពរ​ដូច​ដែល​បាន​អាន​អំបាញ់​មិញ​អ៊ីចឹង​ ទាំង​២០​ចំណុច​ហ្នឹង។ អ៊ីចឹង ​ខ្ញុំ​ដែល​តំណាង​ឲ្យ​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា យើង​ខ្ញុំ​នឹង​ពាំនាំ​យក​សំណូមពរ​នេះ​ និង​ខិតខំ​រាយការណ៍​ជូន​ទៅ​ថ្នាក់​លើ ​ដើម្បី​ដោះស្រាយ​ជា​បន្តបន្ទាប់»

ទោះ​ជា​យ៉ាងណា ​ប្រធាន​សហភាព​ការងារ​កម្ពុជា ​លោក អាត់ ធន មាន​សង្ឃឹម​តិចតួច​ប៉ុណ្ណោះ​ពី​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ទៅ​លើ​ញត្តិ​នេះ។

លោក​ថា៖ «ទោះ​បី​យ៉ាង​ណា​ ខ្ញុំ​យល់​ថា ​បរិបទ​ចាប់​ពី​ឆ្នាំ​នេះ​តទៅ គឺ​វា​ពិត​ជា​មាន​ការ​ប្រែប្រួល​ខ្លះ ដោយសារ​ខាង​រដ្ឋាភិបាល​គាត់​យក​ចិត្ត​ទុកដាក់​លើ​កម្មករ​ច្រើន ដោយ​សារ​រឿង​នយោបាយ​ក៏​យើង​ឃើញ​ថា​ពលរដ្ឋ​ និង​កម្មករ​គាត់​មាន​ការ​ចេះ​ដឹង​ជាង​មុន។ អ៊ីចឹង ​ដាច់​ខាត​ រដ្ឋាភិបាល និង​ថ្នាក់​ដឹក​នាំ​រដ្ឋសភា ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់! បើ​អត់​យក​ចិត្ត​ទុក​ដាក់ វា​បាត់​ការ​គាំទ្រ​ពី​កម្មករ​ ព្រោះ​មាន​ការ​បង្កើន​ល្បឿន​បន្តិច​បើ​ធៀប​ទៅ​នឹង​បី​បួន​ឆ្នាំ​មុន។ ប៉ុន្តែ​គ្រាន់​តែ​ថា​ ពាក់ព័ន្ធ​រឿង​សេរីភាព​ ពាក់ព័ន្ធ​នឹង​ការ​រឹត​បន្តឹង​ ដូច​ជា បណ្ដឹង​ ឬ​ក៏​ស្អី​ផ្សេង​ អានេះ​ ខ្ញុំ​មើល​ឃើញ​វា​មិន​ទាន់​រីកចម្រើន​ទេ តែ​លក្ខខណ្ឌ​ ឬ​ក៏​ស្អី​ផ្សេង​គឺ​អាច​មាន​ការ​រីកចម្រើន»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ