ក្រុម១០០រាត្រីរកឃើញថា រចនាសម្ព័ន្ធដឹកនាំរបស់បក្សកាន់អំណាចមានលំនាំដូចប្រទេសកុម្មុយនីស្ត

ស្ថានភាពចរាចររបស់ពលរដ្ឋ នៅតាមបណ្ដោយផ្លូវមុខទីស្ដីការគណរដ្ឋមន្ត្រី ក្រុងភ្នំពេញ។ (រូបភាព៖ ជន ចាន់រ៉ែន)

យុវជនក្រុមការងារ១០០រាត្រីចេញរបាយការណ៍ថា រចនាសម្ព័ន្ធដឹកនាំរបស់គណបក្សកាន់អំណាចមានលំនាំដូចប្រព័ន្ធដឹកនាំបែបកុម្មុយនីស្ត ដោយថា បក្សមួយនេះបានយកប្រព័ន្ធតុលាការធ្វើជាឧបករណ៍ពង្រឹងអំណាច ។

ក្នុងរបាយការណ៍៤ទំព័របស់ក្រុមការងារ១០០រាត្រី បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាបានដាក់បញ្ចូលសមាជិកគណៈកម្មការកណ្តាល និងអចិន្ត្រៃយ៍សំខាន់ៗរបស់ខ្លួនប្រមាណ១០នាក់ ឲ្យគ្រប់គ្រងអំណាចតុលាការ ដូចជា នៅក្រុមប្រឹក្សានៃអង្គចៅក្រម សាលាឧទ្ធរណ៍ និងតុលាការកំពូល ជាដើម។

ក្រុមការងារ១០០រាត្រី បញ្ជាក់ក្នុងរបាយការណ៍ថា ក្នុងបញ្ជីរាយនាមមន្ត្រីគណៈកម្មការអចិន្រ្តៃយ៍របស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងមានតួនាទីក្នុងស្ថាប័នតុលាការនោះមាន លោក ឌិត មន្ទី ជាប្រធានតុលាការកំពូល លោក អង្គវង្ស វឌ្ឍនា ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក ឃឹម ប៉ុណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងជាអនុប្រធានតុលាការកំពូល លោក យូ ប៊ុនឡេង ជាប្រធានសាលាឧទ្ធរណ៍  លោក អ៊ី សារឹទ្ធ ជាចៅក្រមសាលាឧទ្ធរណ៍ និងលោក អ៊ី សារិទ្ធិ សមាជិកក្រុមប្រឹក្សានៃអង្គចៅក្រម។

ចំណែក មន្ត្រីគណៈកម្មការកណ្តាលមាន លោកស្រី លី វួចឡេង ចៅក្រមក្រសួងយុត្តិធម៌  លោក ជីវ កេង អនុប្រធានតុលាការកំពូល លោក ឈួន ចាន់ថា ជាអគ្គព្រះរាជអាជ្ញារង និងជាតំណាងមហាអយ្យាការតុលាការកំពូល លោកស្រី ជា លាង ជាសហព្រះរាជអាជ្ញាជាតិអង្គជុំនំជម្រះសាលាក្តីខ្មែរក្រហម។

ក្រុមការងារ១០០រាត្រីបានចាត់ទុកករណីបក្សកាន់អំណាចដាក់មន្រ្តីរបស់ខ្លួនឲ្យគ្រប់គ្រងប្រព័ន្ធយុត្តិធម៌នេះ គឺមានលំនាំដូចការដឹកនាំរបស់ប្រទេសកុម្មុយនីស្តមួយចំនួនក្នុងពិភពលោក ដូចជា វៀតណាម ចិន ជាដើម ដែលបានគ្រប់គ្រងប្រព័ន្ធតុលាការដើម្បីបម្រើផលប្រយោជន៍ និងរបបនយោបាយរបស់ខ្លួន។

ក្រុមការងារ១០០រាត្រី បញ្ជាក់ថា ការដឹកនាំបែបនេះនឹងធ្វើឲ្យមានអំពើអយុត្តិធម៌នៅក្នុងសង្គម ដែលឈានទៅរកការបែកបាក់ជាតិ សង្គមគ្មាននីតិរដ្ឋ ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ជាដើម ដោយសារតែភាពលម្អៀងរបស់មន្រ្តីតុលាការទាំងនោះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលរបាយការណ៍នេះ ដោយលោកថា ការលើកឡើងក្នុងរបាយការណ៍មិនឆ្លុះបញ្ចាំងពីការពិតឡើយ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា កាលណាគណបក្សមួយឈ្នះឆ្នោត គឺវាចៀសមិនរួចឡើយពីការយកមន្រ្តីក្នុងបក្សឲ្យទៅបម្រើការងារតាមស្ថាប័នរដ្ឋនីមួយៗនោះ ហើយវាក៏មិនធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាពនៃការធ្វើការងាររបស់មន្រ្តីទាំងនោះដែរ។

លោកបន្ថែមថា៖ «មិនមែនតែមន្ត្រីតុលាការទេ មន្រ្តីក្នុងជួរកងទ័ពក៏ចេញពីគណបក្សប្រជាជនដែរ អញ្ចឹងមិនអាចមានការចោទប្រកាន់ណាមួយថា មន្រ្តីតុលាការជាមន្រ្តីមកពីគណបក្សប្រជាជនទេ អាហ្នឹងវាត្រូវហើយ ច្បាស់ជាយកពីគណបក្សប្រជាជនហើយ មិនអាចយកមន្រ្តីពីគណបក្សប្រឆាំងទៅធ្វើមន្រ្តីតុលាការបានទេ អាហ្នឹងត្រូវយល់ ហើយបញ្ហាសំខាន់ថា ឯករាជ្យមិនឯករាជ្យ វាអាស្រ័យទៅលើច្បាប់ស្តីពីការបង្កើតតុលាការ។ ហើយពាក្យមួយទៀតដែលនិយាយថា រចនាសម្ព័ន្ធដឹកនាំបែបកុម្មុយនីស្តអី! សុំឲ្យគាត់មើលរដ្ឋធម្មនុញ្ញ»

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានគាំទ្ររបាយការណ៍របស់ក្រុមការងារ១០០រាត្រី ដោយលោកថា តុលាការនៅកម្ពុជាបច្ចុប្បនេះមិនស្របតាមរដ្ឋធម្មនុញ្ញនោះទេ ដោយស្ថិតនៅក្រោមឧបករណ៍នយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

អ្នកវិភាគនយោបាយរូបនេះ បញ្ជាក់ថា ដើម្បីកែប្រែ លុះត្រាតែតុលាការឯករាជ្យដោយមិនឲ្យជាប់ពាក់ព័ន្ធជាមួយបក្សនយោបាយ ហើយត្រូវធ្វើលក្ខខណ្ឌផ្សេងៗទៀត និងត្រូវដាក់ទោសដល់អ្នកនយោបាយណាដែលលូកដៃចូលក្នុងតុលាការ។

លោកបន្ថែមថា៖ «តុលាការត្រូវគេប្រើប្រាស់ជាឧបករណ៍របស់រដ្ឋាភិបាល រដ្ឋាភិបាលជាអ្នកណា ជាគណបក្សប្រជាជនកម្ពុជាហ្នឹងហើយ។ ហើយឯករាជ្យរបស់តុលាការត្រូវធានាបាន លុះត្រាតែមានលក្ខខណ្ឌអីតៗទៀត។ លក្ខខណ្ឌសំខាន់គឺ ឲ្យចៅក្រម ព្រះរាជ្ញា និងមន្រ្តីតុលាការឯទៀតឯករាជ្យពីគណបក្សនយោបាយ មានន័យ(ថា) ហាមឃាត់មិនឲ្យធ្វើជាសមាជិកគណបក្ស និងមិនឲ្យធ្វើសកម្មភាពនយោបាយ និងត្រូវដាក់ទណ្ឌកម្មអ្នកដែលលូកចូលក្នុងកិច្ចការតុលាការ»

ច្បាប់រៀបចំអង្គការតុលាការឆ្នាំ២០១៤ បានកំណត់ឲ្យក្រសួងយុត្តិធម៌មានសិទ្ធិជ្រើសរើសចៅក្រម ព្រះរាជ្ញា និងតែងតាំងអគ្គលេខាធិការដ្ឋាននៃតុលាការគ្រប់ជាន់ថ្នាក់។

ក្រុមការងារ១០០រាត្រី យល់ថា ការផ្តល់សិទ្ធិឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាចបញ្ជាទៅអង្គអយ្យការគ្រប់ជាន់ថ្នាក់បែបនេះ វាហាក់ប្រាស់ចាកពីច្បាប់រដ្ឋធម្មនុញ្ញដែលចែងថា អំណាចតុលាការជាអំណាចឯករាជ្យ ហើយចែកដាច់ពីអំណាចនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។

អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានចេញផ្សាយរបាយការណ៍ស្ដីពី «សន្ទស្សន៍និតីរដ្ឋសម្រាប់ឆ្នាំ២០១៩» ដែលចេញផ្សាយកាលពីថ្ងៃទី២៨ ខែកុម្ភៈ បានចាត់ថ្នាក់កម្ពុជា ជាប្រទេសមានប្រព័ន្ធយុត្តិធម៌ស្ទើរតែអន់ជាងបំផុតនៅលើពិភពលោក។ បើតាមតារាងសន្ទស្សន៍ចេញដោយអង្គការមួយនេះ កម្ពុជាត្រូវបានវាយតម្លៃនៅចំណាត់ថ្នាក់១២៥ ក្នុងចំណោមបណ្ដាប្រទេស ១២៦ ពោលគឺកម្ពុជាល្អជាងតែប្រទេសវេណេស៊ុយអេឡាតែមួយប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ