អ្នកភូមិនៅខេត្តកណ្តាល តវ៉ាមុខសាលាស្រុកកណ្តាលស្ទឹងឲ្យអាជ្ញាធរ​ដោះស្រាយបញ្ហាដីធ្លីជាង៨០ហិកតា

អ្នកភូមិប្រមាណ៤០០នាក់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្រមូលផ្តុំគ្នាតវ៉ាមុខសាលាស្រុកកណ្ដាលស្ទឹង ដើម្បីស្នើទៅអាជ្ញាធរស្រុកឲ្យ​ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេដែល​រងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ ផ្ដល់ឲ្យ

តំណាងពលរដ្ឋ អះអាងថា អ្នកភូមិប្រមាណ៤០០នាក់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្រមូលផ្តុំគ្នាតវ៉ាមុខសាលាស្រុកនៅព្រឹកនេះ ដើម្បីស្នើទៅអាជ្ញាធរស្រុកឲ្យ​ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេដែល​រងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC។

លោក ភោគ ផាន់នី ដែលអះអាងថា ជាតំណាងពលរដ្ឋប្រាប់ វី.អូ.ឌី ថា ដី៨៣ហិកតាជាដីក្រុមសាមគ្គីរបស់ប្រជាសហគមន៍នៅឃុំ​អំពៅព្រៃ ត្រូវបានគេលួចលក់តៗគ្នាទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តថ្មី គឺក្រុមហ៊ុន OCIC ច្រើនឆ្នាំហើយ ដោយអាជ្ញាធរមិនបានដោះស្រាយជូនពលរដ្ឋឡើយ។

លោក បន្ថែមថា៖ «ដីនោះជាដីក្រុមសាមគ្គី ដែលមេឃុំចាស់គាត់បានកំណត់ចែកជាដីក្រុមសាមគ្គីមួយផ្នែក ដីព្រៃសហគមន៍រួមឃុំមួយផ្នែក និងដីបឹងរួមឃុំមួយផ្នែក។ វាមានពីរបីចំណុះនោះ។ ហើយដល់ពេលឥលូវនេះ ខ្ញុំយកដីក្រុមសាមគ្គីដែលមិនទាន់ដោះស្រាយហ្នឹងមកឲ្យអាជ្ញាធរដោះស្រាយ ព្រោះដីក្រុមសាមគ្គីនេះមិនអាចពលរដ្ឋណាអាចលក់តែម្នាក់ឯងបានទេ។ បើលក់ត្រូវតែទទួលបានផលប្រយោជន៍ក្នុងក្រុមទាំងអស់ហ្នឹង ប៉ុន្តែ ក្រុមគាត់អត់ទាន់ទទួលបានសំណងហ្នឹង គាត់ស្នើឲ្យខ្ញុំដាក់សំណើទៅអាជ្ញាធរស្រុកអន្តរាគមន៍ទៅក្រុមហ៊ុនដោះស្រាយបញ្ចប់ចំណុចសេសសល់ហ្នឹង»

ពលរដ្ឋម្នាក់ទៀត លោក យ៉ែម យ៉ាត ឲ្យដឹងថា កាលឆ្នាំ១៩៨៤ អាជ្ញាធរមូលដ្ឋាននៅឃុំអំពៅព្រៃ បានកំណត់ដីរួមជូនពលរដ្ឋប្រើប្រាស់ និងអាស្រ័យផល គឺមានដីព្រៃសហគមន៍ ដីបឹងសហគមន៍ និងដីក្រុមសាមគ្គីសហគមន៍ ដែលដីទាំងអស់នោះសុទ្ធតែកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តថ្មីរបស់ក្រុមហ៊ុន OCIC។

លោក បន្ត​ថា៖ «ពួកយើងតវ៉ានៅកន្លែងស្រុកហ្នឹង ចង់ឲ្យស្រុកអន្តរាគមន៍ទៅក្រុមហ៊ុនចេញមកដោះស្រាយជូនពលរដ្ឋមក ព្រោះដីនេះជាដីរបស់ប្រជាពលរដ្ឋទេ មិនមែនជាដីរបស់ឈ្មួញទេ ដីអាជ្ញាធរចាស់ពីដើមបែងចែកឲ្យក្រុមសាមគ្គីតើ! អ៊ីចឹង សូមឲ្យខាងសុរិ​យោដីស្រុកហ្នឹងជួយដោះស្រាយឲ្យពលរដ្ឋមក តាមតម្លៃសមស្របណាមួយមក ព្រោះម្ចាស់ដើមមិនបានលក់ទេ»

កាលពីចុងឆ្នាំ២០១៨ ពលរដ្ឋជាង២ពាន់គ្រួសារនៅឃុំអំពៅព្រៃនេះ ធ្លាប់ទទួលបានសំណងគោលនយោបាយម្នាក់១០០ដុល្លារម្តងមកហើយជុំវិញជម្លោះដីបឹងរួមសហគមន៍ជាង៤០០ហិកតា ដែលពួកគេចោទថា អាជ្ញាធរមូលដ្ឋានឃុបឃិតគ្នាលួចលក់ទៅឲ្យក្រុមហ៊ុនឯកជនមួយ។

អភិបាលស្រុក​កណ្តាលស្ទឹង​ លោក បូ ណារ៉េត មានប្រសាសន៍ថា បញ្ហានេះគឺមានភាពស្មុគ្រស្មាញពិបាកដោះស្រាយណាស់ ដោយថា រឿងនោះវាបានកន្លងផុតទៅជាច្រើនឆ្នាំហើយដោយពលរដ្ឋទើបតវ៉ា ប៉ុន្តែ យ៉ាងណា លោកនឹងពិនិត្យមើលឯកសាររបស់​អ្នកភូមិសិន ថាត្រូវដោះស្រាយបានឬក៏អត់។

លោក បន្ថែមថា៖ «សម្រាប់ឃុំអំពៅព្រៃ ដោះស្រាយយ៉ាងម៉េចក៏មិនចប់ដែរ។ មូលហេតុមកពីប្រជាពលរដ្ឋ មកដល់ដំណាក់កាលនេះហើយដីវាមានការប្រែប្រួល ហើយនិយាយរួម ដីនៅម្តុំនេះ វាអត់មានដីណាទំនេរទេ។​ វាសុទ្ធតែដីក្រុមហ៊ុនដែលបានទិញពីប្រជាពលរដ្ឋក្នុងសហគមន៍។ ប៉ុន្តែ បើលោកយល់ឃើញថា ចំណុចនេះចំណុចនោះមិនទាន់បានទិញ ចាំខ្ញុំយកឯកសារគាត់មកពិនិត្យមើលសិនលទ្ធផលម៉េច ចាំជំរាបប្រាប់គាត់វិញ»

វី.អូ.ឌី មិនអាចសុំការឆ្លើយតបពីម្ចាស់ក្រុមហ៊ុន OCIC បានទេជុំវិញរឿងនេះ។

អាកាសយានដ្ឋានលំដាប់អន្តរជាតិថ្មី ដែល​រដ្ឋាភិបាល​គ្រោង​នឹង​សាង​សង់ មានទីតាំងនៅក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង​ផ្នែកខ្លះ​ក្នុងស្រុកបាទី ខេត្តតាកែវ។ វាគ្រប់ដណ្ដប់​លើផ្ទៃដីទំហំប្រមាណ ២ ៦០០ហិកតា និងគ្រោងចំណាយប្រាក់ ១ ៥០០លានដុល្លារ ហើយ​ស្ថិត​ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន។

ថវិការបស់ក្រុមហ៊ុននេះ បានមកពីប្រាក់កម្ចីធនាគារបរទេសចំនួន ១ ១០០ លានដុល្លារ កម្ចីពីភាគទុនក្រុមហ៊ុន OCIC ចំនួន ២៨០លានដុល្លារ និងដើមទុនចុះបញ្ជីចំនួន ១២០លានដុល្លារ ក្នុងទុនវិនិយោគទាំងនោះមាន ៩០ភាគរយជារបស់ក្រុមហ៊ុន OCIC និង ១០ភាគរយទៀត ជារបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងរាជរដ្ឋាភិបាលកម្ពុជា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ