ធនាគារ​ពិភព​លោក​៖ កម្ពុជា​ប្រឈម​ការ​ខាត​បង់ជាង​៦៥០លានដុល្លារ​ប្រសិន​បាត់បង់ ​EBA

ស្ថានភាពចរាចរតាមដងផ្លូវមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។ (រូបភាព៖ ហេង វិចិត្រ)

ធនាគារ​ពិភព​លោក​ព្រមាន​ថា​ កម្ពុជា​ប្រឈម​នឹង​ការ​ខាតបង់​ទឹក​ប្រាក់​ចន្លោះ​ពី​៥១៣​លាន​ដុល្លារ ដល់​៦៥៤លានដុល្លារ​ ប្រសិន​ជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប ​​EBA ។

ក្នុង​របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​កម្ពុជា​ចេញ​ផ្សាយ​ថ្ងៃ​៦ ឧសភា នេះ ​ធនាគារ​ពិភព​លោក​បាន​វាយ​តម្លៃ​ថា​ ប្រសិន​ជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ ​(EBA) ត្រូវ​បាន​ដក​ហូត​ពី​កម្ពុជា​នោះ វិស័យ​កាត់ដេរ​ត្រូវ​ប្រឈម​នឹង​ការ​ខាតបង់​ជាង​៣៨១លានដុល្លារ ​ស្បែក​ជើង​ត្រូវ​ប្រឈម​នឹង​ការ​ខាត​បង់​ជាង​១២៨លានដុល្លារ​​ ខណៈ​អង្ករ​ដែល​ត្រូវ​បាន​អឺរ៉ុប​ចាប់​ផ្ដើម​យក​ពន្ធ​ហើយ​នោះ​ត្រូវ​ខាតបង់​ជាង​១៤៤លានដុល្លារ។

ចំនួន​ពន្ធ​គយ​ដែល​អឺរ៉ុប​នឹង​យក​ពី​ផលិត​ផល​ពី​កម្ពុជា​មាន​ ១២​ភាគរយ​ទៅ​លើ​ផលិតផល​កាត់ដេរ ១៦​ភាគរយ​ពី​ផលិតផល​ស្បែក​ជើង អង្ករ​២៦,២​ភាគរយ និង​កង់​១០​ភាគរយ។

ធនាគារ​ពិភព​លោក​លើក​ឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃនេះ​ផង​ដែរ​​ថា៖ « លទ្ធភាព​ដែល​កម្ពុជា​នឹង​អាច​បាត់បង់​ភាព​អនុគ្រោះ​នាំ​ទំនិញ​ចូល​ទីផ្សារ​អឺរ៉ុប​ដោយ​រួច​ពន្ធ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទំនង​ជា​នឹង​អាច​បន្ថយ​ល្បឿន​នៃ​ការ​នាំ​ចេញ​ពី​កម្ពុជា » ។

បើ​តាម​ធនាគារ​ពិភព​លោក ផលិត​ផល​កាត់ដេរ​ ស្បែក​ជើង កង់​ និង​អង្ករ ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​អឺរ៉ុប​មាន​តម្លៃ​ប្រមាណ​​៤​ ៦៧០លានដុល្លារ​ក្នុង​ឆ្នាំ​២០១៨។

កាល​ពី​ដើម​ឆ្នាំ​២០១៩​នេះ​ លោក ហ៊ុន សែន បាន​ប្រកាស​ពី​យុទ្ធនាការ​ពង្រឹង​ឯករាជ្យ​ភាព​របស់​កម្ពុជា​តាម​រយៈ​វិធាន​ការ​ជួយ​ដល់​ធុរកិច្ច​មួយ​ចំនួន ដែល​លោក​ថា​បើ​ទោះ​បី​ជា​គ្មាន​ឬ​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក៏​កម្ពុជា​នៅ​តែ​ទៅ​មុខ។

​ក្នុង​វេទិកា​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​ កាល​ពី​ថ្ងៃ​ទី​២៩ មីនា​កន្លង​ទៅ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជា​ក់​នៅ​ចំពោះ​មុខ​អ្នក​រកស៊ី​នៅ​ស្រុក​ខ្មែរ​ទាំង​អស់​ថា​ កម្ពុជា​នឹង​សម្រេច​គោលដៅ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០ខាងមុខ​ ទោះ​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ក៏​ដោយ ​។

លោក​ថា៖ «បើ​ទោះបី​ជា​ត្រូវ​រឹត​ក្រមា​នឹង​ចង្គេះ ដើម្បី​ស៊ី​ឲ្យ​តិច​ក៏​ត្រូវតែ​ធ្វើ​ដែរ ក៏​ត្រូវតែ​រឹត​ដែរ ដើម្បី​ការពារ​ឯករាជ្យ​របស់​ប្រទេស។ បើ​នរណា​មួយ​ហ៊ាន​ឱន​ក្បាល​លិឍ​ជើង​គេ ដើម្បី​ទទួល​បាន​ភាព​អនុគ្រោះ​មិនបាច់​ធ្វើ​មេ​ដឹក​នាំ​គេ​ទេ»។

ទោះ​ជា​យ៉ាង​ណា ​កាលពី​ថ្ងៃ​ទី​២ ឧសភា ម្ចាស់​ម៉ាក និង​អ្នក​បញ្ជា​ទិញ​ចំនួន​២០​ស្ថាប័ន រួមមាន Adidas Gap Nike New balance ជា​ដើម​ បាន​ស្នើ​ទៅ​លោក​ ហ៊ុន សែន បង្ហាញ​ពី​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស សិទ្ធិ​សហជីព និង​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា និង​ធ្វើ​យ៉ាង​ណា​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ឲ្យ​បាន​។

សហភាព​អឺរ៉ុប​ កាលពី​ខែ​កុម្ភៈ ​ឆ្នាំ២០១៩នេះ​ បាន​ប្រកាស​រាប់​ថ្ងៃ​ថយក្រោយ​​លើ​វិធានការ​ព្យួរ​ជា​បណ្ដោះ​អាសន្ន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម EBA​ ពី​កម្ពុជា ​ក្រោយពី​ប្លុក​លោកសេរី​មួយ​នេះ​រក​ឃើញ​ថា​ រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ