តុលាការកោះហៅលោក សុខ ទូច តាមបណ្តឹងចោទពីបទកុបកម្ម

ប្រធានរាជបណ្ឌិតសភាកម្ពុជា​និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ​ លោក សុខ ទូច។ (រូបថតឯកសារ)

ប្រធានរាជបណ្ឌិត្យសភាកម្ពុជារបស់រដ្ឋាភិបាល លោកបណ្ឌិត សុខ ទូច ត្រូវតុលាការកោះហៅឲ្យចូលទៅបំភ្លឺនៅចុងសប្តាហ៍នេះ តាមបណ្តឹងគណបក្សខ្មែរក្រោក ដែលចោទពីបទ កុបកម្ម និងជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ។

ដីកាកោះចុះថ្ងៃទី២ ខែឧសភានេះ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី វា សក្តា លើកឡើងថា ដីកាកោះនេះ ដើម្បីសាកសួរ និងស្ដាប់ចម្លើយតាមបណ្តឹងរបស់លោក ខែម ស៊ីឡេង ភេទប្រុស អាយុ៣៧ឆ្នាំ ជាអគ្គលេខាធិការរងគណបក្សខ្មែរក្រោក។

កាលពីឆ្នាំ២០១៨ គណបក្សខ្មែរក្រោកប្រកាសធ្វើយុទ្ធនាការប្រមូលស្នាមមេដៃដាក់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យសន្និសញ្ញាបំពេញបន្ថែម ដែលគណបក្សនេះចាត់ទុកថា ធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី។​ គណបក្សនេះចោទថា លោក សុខ ទូច រារាំងពលរដ្ឋមិនឱ្យផ្តិតស្នាមមេដៃ។​

គណបក្សខ្មែរក្រោកសរសេរលើហ្វេសប៊ុកម្សិលមិញបន្ថែម៖ «ឥឡូវ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ល្មមស្គាល់តុលាការម្ដងហើយ ដោយសារសម្ដីបណ្ឌិតរូបនេះគំរាមមកលើយុទ្ធនាការរកស្នាមមេដៃ១ ដើម្បីកោះត្រល់ ទើបធ្វើអោយមហាជនភ័យរអា ចំពោះការចូលរួមផ្ដិតមេដៃបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋចំពោះបញ្ហាជាតិទឹកដី ! ជាហេតុនាំអោយយុទ្ធនាការរបស់គណបក្សខ្មែរក្រោកយឺតយ៉ាវមិនរលូនតាមការគ្រោងទុក។»

លោក សុខ ទូច សរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកថា លោកនឹងចូលទៅបំភ្លឺតាមដីកាកោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ