អ្នករាយការណ៍ពិសេសទទួលបានញត្តិច្រើនពីអ្នកមានជម្លោះដីធ្លី

លោកស្រី រ៉ូណា ស្មីត ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត បន្ទាប់​ពី​ប្រជុំ​ពិភាក្សា​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​ដែន​ដី​ លោក ជា សុផារ៉ា នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ ខាន់ លក្ខិណា /Screenshot

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ​ថ្លែងថា លោកស្រីទទួលបានញត្តិច្រើនពីប្រជាពលរដ្ឋមានជម្លោះដីធ្លីទូទាំងប្រទេស ហើយបានយកបញ្ហាទាំងអស់នេះប្រាប់ទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា។​

បន្ទាប់​ពី​ប្រជុំ​ពិភាក្សា​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​ដែន​ដី​ លោក ជា សុផារ៉ា កាល​ពី​ម្សិលមិញ​ លោកស្រី រ៉ូណា ស្មីត​ បាន​ឲ្យ​ VOD ដឹង​ថា​ លោក​ស្រី​បាន​លើក​យក​បញ្ហា​ជម្លោះ​ដីធ្លី​ជា​ច្រើន​ដែល​រួម​មាន​បញ្ហា​ស្មុគស្មាញ​នៃ​​ជម្លោះ​ដី​ធ្លី​ក្នុង​ខេត្ត​កោះកុង និង​ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ផង​នោះ​ ដើម្បី​ពិភាក្សា​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី។

លោកស្រី​ថា៖ «ខ្ញុំ​បាន​លើក​ឡើង​ករណី​​នៅ​កោះកុង​ ហើយ​ខ្ញុំ​នៅ​តែ​បន្ត​ទទួល​បាន​ញាត្តិ​ជា​ច្រើន​ ពី​ក្រុម​ផ្សេង​គ្នា​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដី​។ ​ហើយ​ខ្ញុំ​បាន​រៀបរាប់​ករណី​នៅ​ក្នុង​ខេត្ត​កោះកុង និង​ភាព​ស្មុគស្មាញ​នៃ​ស្ថានភាព​នេះ»។

ទោះ​ជា​យ៉ាង​ណា​ លោកស្រី​ រ៉ូណា ស្មីត ទទួល​ស្គាល់​ថា ​ក្រសួង​មាន​ការ​ជឿន​លឿន​ច្រើន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដែន​ដី​កាល​ពី​ម្សិលមិញ លោក​ ជា សុផារ៉ា បាន​បញ្ជាក់​ថា​រហូត​មក​ដល់​ពេល​នេះ​ ក្រសួង​បាន​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​បាន​ជាង​៨​ពាន់​ករណី នៅ​សល់​ជាង​២០០០ករណី​មិន​ទាន់​ដោះស្រាយ ដោយ​ព្យាយាម​នឹង​ដោះស្រាយ​បន្ត​ផង​ដែរ។

​ប្រធាន​ការិយាល័យ​ផ្នែក​អង្កេត​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ​មូលហេតុ​ដែល​ពលរដ្ឋ​តែងតែ​ឡើង​មក​តវ៉ា​នៅ​ក្រសួង ​គឺ​មក​ពី​អស់​ជំនឿ​ទៅ​លើ​ដំណោះស្រាយ​របស់​ថ្នាក់​ក្រោម​ជាតិ​ ដោយ​លោក​ជំរុញ​ឲ្យ​រដ្ឋ​ត្រូវ​ពង្រឹង​អំណាច និង​យន្ត​ការ​ថ្នាក់ក្រោម​ជាតិ​ឡើង​វិញ​ឲ្យ​បាន​ខ្លាំង​។

លោក​ថា៖ «អ៊ីចឹង គឺ​ត្រូវ​ពង្រឹង​យន្តការ​នៃ​ការ​ដោះស្រាយ​នៅ​ថ្នាក់​ស្រុក​ខេត្ត​ហ្នឹង​ឲ្យ​មាន​ប្រសិទ្ធភាព​។ ទីពីរ ​ត្រូវ​តែ​ពង្រឹង​យន្តការ​ បាន​ន័យ​ថា​ ការ​ផ្ដល់​អំណាច​ជា​មួយ​យន្ត​ការ​ដែល​មាន​ស្រាប់​ហ្នឹង​ ដើម្បី​ឲ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​ហ្នឹង​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​បញ្ហា​សំខាន់​បំផុត​នោះ​គឺ​អ្នក​ដែល​មាន​សិទ្ធិ​អំណាច​ហ្នឹង​មិន​ត្រូវ​ខ្លាច​អំណាច​របស់​អ្នក​ដែល​មាន​បញ្ហា​ដីធ្លី​(ជា​មួយ​ពលរដ្ឋ​) ​នោះ​ទេ​។»

កាល​ពី​ដើម​ខែ​ឧសភានេះ ​ក្រសួង​ដែន​ដី​បាន​ប្រកាស​ថា​ ក្នុង​រយៈ​ពេល​ ៤​ខែ​ដើម​ឆ្នាំ​២០១៩ ក្រសួង​ទទួល​បណ្ដឹង​ជម្លោះ​ដីធ្លី​បាន​ជាង​១​ម៉ឺន​បណ្ដឹង ហើយ​ភាគ​ច្រើន​នៃ​បណ្ដឹង​ទាំង​នោះ​ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ហើយ ខណៈ​បាន​ចុះ​បញ្ជី​ដី​ធ្លី​បាន​ ៣​ភាគ៤ នៃ​ចំនួន​ក្បាល​ដី​សរុប​ ៧​លាន​ក្បាល​ដី​នៅ​ទូទាំង​ប្រទេសចាប់​ពី​ដើម​ខែ​មករា​រហូត​ដល់​ដំណាច់​ខែ​មេសា​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ