លោក អាត់ ធន់ អំពាវនាវឲ្យដោះលែងក្រុមការងារដែលធ្វើសកម្មភាពលើកកម្ពស់សិទ្ធិកម្មករ

ប្រធានស​ហភាព​កា​រងា​រកម្ពុជា ​លោក អា​ត់ ធន់​

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ អំពាវនាវរកកិច្ចអន្តរាគមន៍ដោះលែងតំណាងសហជីពរបស់ខ្លួន ពីររូប ដែលកងរាជអាវុធហត្ថស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់ខ្លួន ខណៈមានការប៉ះទង្គិចជាមួយសហជីពមួយទៀត ពេលចុះពន្យល់កម្មករឲ្យចូលសមាជិកសហជីព។

កាលពីថ្ងៃទី៧ ខែឧសភា កងរាជអាវុធហត្ថស្រុកអង្គស្នួល ចាប់ឃាត់ខ្លួនមន្ត្រីសហជីព៤នាក់ ក្រោយពីពួកគេបានវាយតប់គ្នានៅក្បែររោងចក្រ QMI ។ ប៉ុន្តែ ក្រោយមកសមត្ថកិច្ចបានដោះលែងមនុស្សពីរនាក់វិញ។

រោងចក្រ QMI ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តណ្តាល ។

លោក អាត់ ធន់ អះអាងថា មនុស្សពីរនាក់ដែលសមត្ថកិច្ចដោះលែងនោះ ជាភាគីសហជីពម្ខាងទៀត ដែលថាបានបង្កជម្លោះវាយតប់ក្រុមការងារលោកមុន​។ ប្រធានសហជីពរូបនេះ បង្ហាញការខកចិត្តថា ការបន្តឃាត់ខ្លួនតែមន្ត្រីរបស់លោកជារឿងអយុត្តិធម៌ មិនអាចទទួលយកបាន និងស្នើឲ្យដោះលែងវិញ។

លោកថា៖ «យើងចង់ឃើញការដោះស្រាយរឿងហ្នឹង ដោយបញ្ចប់រឿង ដោះលែងឲ្យគាត់មានសេរីភាពវិញ ហើយបន្តបើកការស៊ើបអង្កេតទៅថា មានមូលហេតុអ្វីបានពួកគេ [សហជីពមួយទៀត] មកបង្ករឿងជាមួយយើង។ ហើយបើឃាត់ ត្រូវឃាត់ទាំងសងខាង មិនមែនអ៊ីចឹងទេ។ នេះវាបង្ហាញការរើសអើងពេញទំហឹង»។

VOD មិនអាចទាក់ទងមេបញ្ជាការកងរាជអាវុធហត្ថស្រុកអង្គស្នួល ដើម្បីសុំការអត្ថាធិប្បាយជុំវិញករណីនេះបាននៅឡើយទេ។

បើតាមលោក អាត់ ធន់ មុនមានការវាយតប់គ្នា ក្រុមការងាររបស់លោកបានចុះជួបកម្មកររោងចក្រ QMI ដើម្បីពង្រីកសមាជិក ក្នុងបំណងឲ្យពួកគេបានចូលរួមជំរុញលក្ខខណ្ឌការងារក្នុងរោងចក្រនេះ។ ប៉ុន្តែ លោកថា ក្រុមសហជីពមួយក្រុមទៀតនៅរោងចក្រនេះ បានចេញមករករឿងពួកគាត់នៅខាងក្រៅរោងចក្រ រហូតមានការបះទង្គិចគ្នា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ