សភា​សឹង្ហបុរី​អនុម័ត​ច្បាប់​​ប្រឆាំង​​ព័ត៌មាន​ក្លែងក្លាយ ទោះ​មាន​ការ​​រិះគន់​ពី​ក្រុម​សិទ្ធិ​មនុស្ស​​

សភាសឹង្ហបុរី (Wong Maye-E/AP)

រដ្ឋសភាប្រទេសសឹង្ហបុរី​កាលពីម្សិលមិញ បាន​អនុ​ម័តច្បាប់ស្តី​ពីការប្រយុទ្ធប្រឆាំងព័ត៌មាន​ក្លែងក្លាយ ក្រោម​ការរិះគន់​ពីក្រុម​សិទ្ធិមនុស្ស​ និង​ស្ថាប័នអន្តរជាតិ​នានាដែល​ធ្វើការលើកកម្ពស់​សេរីភាពបញ្ចេញ​មតិ។

តាមការចុះផ្សាយរបស់សារព័ត៌មា​ន​ Japan Times ច្បាប់​ថ្មីនេះ អនុញ្ញាតឲ្យអាជ្ញាធរសឹង្ហបុរី​ លុបចោល​នូវខ្លឹមសារ​ទាំងឡាយនៅលើ​បណ្ដាញ​អ៊ិន​ធឺណិត ប្រសិនបើរកឃើញ​ថា​ វា​ជាព័ត៌មាន​ដែល​ក្លែងក្លាយ។ ម្យ៉ាងវិញ​ទៀត ប្រសិនបើ​ខ្លឹមសារទាំងនោះបង្កគ្រោះថ្នាក់ និង​បំផ្លាញ​ផលប្រយោជន៍របស់ប្រទេសសឹង្ហបុរី​ បុគ្គល ឬក្រុមហ៊ុន​នោះ ​ត្រូវ​បង់ប្រាក់​ពិន័យរហូតដល់ ​៧៣៥​ ០០០ដុល្លាអាមេរិក​។ អ្នកដែល​ប្រព្រឹត្តអាចប្រឈម​នឹងជាប់​ពន្ធនាគារ​រហូតដល់​១០​ឆ្នាំទៀតផង។

ក្រុមហ៊ុន ​Google និង Facebook បាន​លើកឡើង​ស្រដៀងគ្នាថា ​ច្បាប់ប្រឆាំង​នឹងព័ត៌មាន​ក្លែងក្លាយ​ដែល​ទើប​តែ​អនុម័តនេះ ផ្ដល់​សិទ្ធិហួសហេតុ​ដល់​រដ្ឋាភិបាល​សឹង្ហបុរី​ក្នុងការសម្រេច​ថាព័ត៌មាន​ណាពិត ឬមិនពិត។

តំណាង​ក្រុមហ៊ុន​ Google បាននិយាយជាមួយសារព័ត៌មាន​ Reuters ថា ​វាជាការ​ព្រួយបារម្ភមួយសម្រាប់ ​​Google ព្រោះ​ថា ​ច្បាប់ថ្មីនេះនឹងប៉ះពាល់​ដល់​​ការ​បង្កើតថ្មី ក៏ដូចជា​ ប្រព័ន្ធ​ព័ត៌មាន​ឌីជីថល ថែមទៀតផង។ ទោះយ៉ាងណាក៏ដោយ​ តំណាងក្រុមហ៊ុន Google ប្ដេជ្ញាថា នឹងធ្វើការជាមួយ​អ្នករៀបចំគោលនយោបាយ​នៅពេល​ដែល​ច្បាប់នេះយកមកអនុវត្ត។

អនុប្រធាន​គោល​នយោបាយ​សាធារណៈក្រុមហ៊ុន​ Facebook ប្រចាំតំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក Simon Milner បានថ្លែងប្រាប់​សារព័ត៌មាន​ SBS News របស់​អូស្រ្តាលី ថា​ច្បាប់​ដែល​រដ្ឋសភា​សឹង្ហបុរី​ទើប​តែអនុម័តនេះ ផ្ដល់​សិទ្ធិ​យ៉ាងធំធេងដល់ស្ថាប័ន​នីតិប្រតិបត្តិ ដោយ​អាចបង្ខំ​ឲ្យ​អ្នកបង្ហោះ​ដក​ចេញ​នូវខ្លឹម​សារ​ណាមួយ ប្រសិនបើ​រដ្ឋាភិបាល​ចង់បាន។

កាលពីឆ្នាំ២០១៨ កន្លងទៅ ក្រុមហ៊ុន Facebook បាន​ប៉ះទង្គិចគ្នា​យ៉ាងខ្លាំងជាមួយនឹងរដ្ឋាភិបាល​សឹង្ហបុរី។ ពេលនោះរដ្ឋាភិបាល​សឹង្ហបុរី បាន​ស្នើ​ឲ្យក្រុមហ៊ុន​ Facebook ដកព័ត៌មានទាក់​ទងនឹង​​ធនាគាររដ្ឋសឹង្ហបុរី ថា​ជាប់​ពាក់ព័ន្ធនឹងរឿងអាស្រូវនៃគម្រោង​ 1 Malaysia Development Berhad របស់ម៉ាឡេស៊ី។ រដ្ឋាភិបាលសឹង្ហបុរី ថាព័ត៌មាន​នោះ​ជាព័ត៌មានមិនពិត។ តែទោះ​យ៉ាងណាក៏ដោយ ក្រុមហ៊ុន ហ្វេសប៊ុក មិនបានធ្វើ​តាមការចង់បានរបស់​សឹង្ហបុរីឡើយ។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់​អាស៊ី លោក Phil Robertson បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា ការអនុម័ត​ច្បាប់​ប្រឆាំងព័ត៌មាន​ក្លែងក្លាយរបស់​សឹង្ហបុរីនាពេលនេះ នឹងជះឥទ្ធិពល​អាក្រក់​ដល់​សេរីភាព​តាម​អ៊ិន​ធឺណិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

គណៈកម្មាធិការអ្នក​ច្បាប់អន្តរជាតិ ដែលធ្វើយុទ្ធនាការលើកកម្ពស់ស្តង់ដាសិទ្ធិមនុស្សនៅជុំវិញពិភពលោក បាននិយាយថា ច្បាប់នេះអាចនឹងយក​មក​ប្រើ​ក្នុងការ​រារាំងសេរីភាព​បញ្ចេញមតិ និង​ការផ្លាស់ប្តូរព័ត៌មាន​នានា។

ទោះ​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​សឹង្ហបុរី បាន​ច្រានចោល​រាល់​ការ​ចោទប្រកាន់ និងការព្រួយបារម្ភ​ទាំងឡាយ ដោយថា​ ច្បាប់នេះមិនប៉ះពាល់​ដល់​សេរីភាព​បញ្ចេញ​មតិ​នោះទេ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ