លោកស្រី រ៉ូណា ស្មីត ស្នើរដ្ឋាភិបាលកម្ពុជាកែច្បាប់តាមបទដ្ឋានអន្តរជាតិ ដើម្បីស្តារប្រជាធិបតេយ្យ

លោកស្រី រ៉ូណា ស្មីត ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរាជធានីភ្នំពេញ អំឡុងបញ្ចប់ទស្សនកិច្ចរបស់លោកស្រី នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត អំពាវនាវឱ្យពិនិត្យឡើងវិញ ទៅលើច្បាប់គណបក្សនយោបាយ និងច្បាប់បោះឆ្នោត តាមច្បាប់អន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន ដោយថា ដើម្បីបើកលំហប្រជាធិបតេយ្យឡើងវិញ។

ក្នុងសន្និសីទសារព័ត៌មាននៅរាជធានីភ្នំពេញ អំឡុងបញ្ចប់ទស្សនកិច្ចរបស់លោកស្រី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកស្រី រ៉ូណា ស្មីត ថ្លែងថា លោកស្រីនៅតែបារម្ភទៅលើការដាក់សម្ពាធទៅលើគណបក្សសង្គ្រោះជាតិដែលបានរំលាយពីសំណាក់នគរបាល និងតុលាការ។

អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិរូបនេះ ថ្លែងទៀតថា ចំណាត់ការនេះមិនអាចនាំទៅរកការពង្រឹងសិទ្ធិនយោបាយ និងលំហប្រជាធិបតេយ្យដូចដែលរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីខែធ្នូឆ្នាំមុន នៅកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនោះទេ។

លោកស្រី រ៉ូណា ស្មីត លើកឡើងទៀតថា លោកស្រីបានដឹងអំពីសង្គ្រាមពាក្យសម្តី ដែលមានលក្ខណៈធ្ងន់ធ្ងរដែលកើតឡើងពីភាគីទាំងពីរ។ លោកស្រីជឿជាក់ថា នឹងមានតម្រូវការផ្លាស់ប្តូរវប្បធម៌នយោបាយតែមួយផ្តោតទៅលើបញ្ហាជាជាងផ្តោតលើបញ្ហាបុគ្គល ដើម្បីជាផលប្រយោជន៍ប្រជាជនកម្ពុជាទាំងមូល។

លោកស្រី មានប្រសាសន៍​ថា៖ «ការការពារផ្នែកនយោបាយ ការការពារសេរីភាពបញ្ចេញមតិ និងជួយដើម្បីជម្នះនូវឧបសគ្គទាំងអស់នេះ នៅក្នុងស្ថានភាពនយោបាយបច្ចុប្បន្ន ដើម្បីជាផលប្រយោជន៍របស់ពលរដ្ឋកម្ពុជា។ ខ្ញុំក៏សូមអំពាវនាវទៅដល់រដ្ឋាភិបាលឱ្យពិនិត្យឡើងវិញ ទៅលើច្បាប់គណបក្សនយោបាយ ច្បាប់បោះឆ្នោត និងច្បាប់ផ្សេងៗទៀត ធ្វើឱ្យស្របតាមស្តង់ដាអន្តរជាតិ ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលការលើកឡើងរបស់អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិរូបនេះ ដោយលោកថា ច្បាប់ដែលដាក់ឱ្យប្រើប្រាស់បានឆ្លងកាត់រដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងមានឡាយព្រះហស្តពីព្រះមហាក្សត្រខ្មែរ។

លោក អះអា​ថា៖ «រដ្ឋធម្មនុញ្ញដែលបានកសាងឡើងតាំងពីឆ្នាំ១៩៩៣មកហ្នឹង ស្របទៅតាមសន្ធិសញ្ញា អនុសញ្ញា និងកតិកាសញ្ញាផ្សេងៗ ដែលពាក់ព័ន្ធនឹងអន្តរជាតិហ្នឹងហើយ ហេតុម៉េចបានជាលោកស្រី រ៉ូណា ស្មីត ថាអត់ពាក់ព័ន្ធ»។

ប៉ុន្តែ អ្នកតាមដានសង្គម និងជាអ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលដែលបានកែច្បាប់មួយចំនួនរំលោភរដ្ឋធម្មនុញ្ញដែលលោកថា បង្កឱ្យមានអយុត្តិធម៌សង្គម។

លោកថា៖ «ធ្វើច្បាប់ហ្នឹង វាត្រូវហើយ អាហ្នឹងនីតិវិធីទេ។ ប៉ុន្តែ តាមខ្លឹមសារ វាខុសនឹងរដ្ឋធម្មនុញ្ញ១ចំនុច ទៅ២ចំនុច។ ទី២ វាអយុត្តិធម៌ ហើយស្តង់ដារបស់យើងហ្នឹង វាខុសនឹងរដ្ឋធម្មនុញ្ញ»។

ជម្លោះនយោបាយដែលបានបន្តអូសបន្លាយជិត២ឆ្នាំមកនេះ ត្រូវបានគេមើលឃើញថា កំពុងរុញកម្ពុជាឱ្យប្រឈមនឹងបែកបាក់ជាតិ និងរងការគំរាមកំហែងចាត់វិធានការពីប្លុកលោកសេរីដែលនាំមុខគេដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ពាក់ព័ន្ធទៅនឹងប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម ដើម្បីជំរុញរដ្ឋាភិបាលឲ្យស្តារប្រជាធិបតេយ្យ។

យ៉ាងនេះក្តី អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ លោកស្រី រ៉ូណា ស្មីត ផ្តល់ជាអនុសាសន៍ថា វប្បធម៌នយោបាយថ្មីមួយត្រូវមានជាចាំបាច់នៅប្រទេសកម្ពុជា។ នោះគឺ ត្រូវផ្តោតលើប្រយោជន៍ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ជាជាងផ្តោតលើបញ្ហាបុគ្គល។ លោកស្រីបន្តថា វប្បធម៌ថ្មីនេះគួរផ្តោតលើការជជែកដេញដោលដោយចំហ ក្នុងន័យស្ថាបនា ពាក់ព័ន្ធនឹងសំឡេងភាគច្រើន និងទទួលយកការបញ្ចេញមតិដោយសេរីនូវមតិផ្សេងៗ រាប់ទាំងមតិផ្ទុយគ្នាផងដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ