លោកស្រី រ៉ូណា ស្មីត ជំរុញទៅក្រសួងយុត្តិធម៌ឲ្យទប់ស្កាត់អំពើពុករលួយស្ថាប័នតុលាការ

អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស លោកស្រី រ៉ូណា ស្មីត ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ក្រោយជួបពិភាក្សាជាមួយលោក ស ខេង នាថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ជំរុញទៅក្រសួងយុត្តិធម៌ ឲ្យទប់ស្កាត់អំពើពុករលួយនៅវិស័យតុលាការ ដើម្បីធានាដល់គោលដៅការអភិវឌ្ឍដោយចីរភាព​។

ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកស្រី រ៉ូណា ស្មីត ថ្លែងថា គោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងបទដ្ឋានសិទ្ធិមនុស្ស រដ្ឋាភិបាលកម្ពុជាចាំបាច់យកចិត្តទុកដាក់បន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយ ដូចមានក្នុងយុទ្ធសាស្ត្រចតុកោ​ណ​ដំ​ណាក់កាលទី៤នេះ។

លោកស្រី រ៉ូណា ស្មីត លើកឡើងទៀតថា ករណីនេះ ស្ថាប័នតុលាការជាប់ពាក់ព័ន្ធជាពិសេសនឹងបញ្ហានេះ ដោយថា ស្ថាប័នតុលាការខ្លួនឯងជាគន្លឹះធានាឲ្យមានគណនេយ្យភាព។

លោកស្រីថា៖ «ខ្ញុំលើកទឹកចិត្តក្រសួងយុត្តិធម៌ឲ្យពិនិត្យមើលឲ្យបានលម្អិតលើសុចរិតភាពរបស់តុលាការ និងអំពើពុករលួយនៅក្នុងវិស័យតុលាការ»។

VOD មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជីន ម៉ាលីន និងលោក គឹម សន្តិភាព បានទេនៅល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈទូរសព្ទចូលតែគ្មានអ្នកទទួល។

លោកស្រី រ៉ូណា ស្មីត បង្ហាញពីការព្រួយបារម្ភផងដែរពីការប៉ះពាល់ដល់សិទ្ធិជនសង្ស័យនៅពេលចំណាត់ការបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន ធ្វើឲ្យពន្ធនាគារចង្អៀតណែនយ៉ាងខ្លាំងនោះ ។

លោកស្រី ស្នើក្រសួងយុត្តិធម៌គួរលើកទឹកចិត្តចៅក្រមឲ្យធានាថា ការឃុំខ្លួនមនុស្សនៅក្នុងពន្ធនាគារជាជម្រើសចុងក្រោយបំផុត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ