ក្រុម​សិទ្ធិមនុស្ស​​តំបន់​ទាមទារឲ្យ​បញ្ឈប់ការគំរាមកំហែងលើអតីត​មន្ដ្រី CNRP

អតីតមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន៥រូប ចូលខ្លួនបំភ្លឺនៅសាលាដំបូងខេត្តបាត់ដំបង តាមដីកាកោះហៅរបស់តុលាការ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ ពេជ្រ ចំរុង

អង្គការសិទ្ធិមនុស្សនៅក្នុងតំបន់ និងអន្ដរជាតិ បានទាមទារឲ្យរដ្ឋាភិបាល​កម្ពុជា​ទម្លាក់ចោលការចោទប្រកាន់ និងការគំរាមកំហែងលើអតីតមន្ដ្រីបក្សប្រឆាំងនៅតាម​មូលដ្ឋាន បន្ទាប់ពីអតីតមន្ដ្រីបក្សប្រឆាំងមួយចំនួននៅខេត្តបាត់ដំបង ត្រូវ​បាន​តុលាការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១០ ខែឧសភា ដែល VOD ទើបតែទទួលបាននៅថ្ងៃនេះ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) បានទាមទារឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី  ហ៊ុន សែន បញ្ឈប់នូវរាល់ការវាយប្រហារ និងគំរាមកំហែងលើអតីតមន្ដ្រី​បក្សប្រឆាំងសង្គ្រោះជាតិនៅខេត្តបាត់ដំបង ដែលរងការចោទប្រកាន់ជាបន្ដបន្ទាប់ថា បានធ្វើសកម្មភាពរំលោភបំពានសាលដីកាតុលាការកំពូល។

ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) អះអាងក្នុងសេចក្ដីសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ការចោទប្រកាន់ និងបំភិតបំភ័យលើអតីតមន្ដ្រីបក្សប្រឆាំង គឺធ្វើឡើងបន្ទាប់ពីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម​ រង្ស៊ី បានប្រកាសអំពីគម្រោងធ្វើមាតុភូមិនិវត្តន៍នៅឆ្នាំ២០១៩។

ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សចាត់ទុក​សកម្មភាពនេះថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនមានឆន្ទៈពិតប្រាកដក្នុងការស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា ក្រៅតែពីការពង្រឹងអំណាចរបស់ខ្លួននោះទេ។

ក្រៅពីនេះ APHR ក៏ទាមទារឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតដោយចំហរ និងឥតលម្អៀងទាក់ទងការស្លាប់របស់អតីតសមាជិកមន្ដ្រីគណបក្សសង្គ្រោះជាតិ លោក ទិត្យ រ៉ន នៅក្នុងពន្ធនាគារខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ខែមេសា ជុំវិញភាព​មិនច្បាស់លាស់នៃករណីឃាតកម្មមួយនេះ។     

គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ មនុស្ស ១១នាក់ក្នុងចំណោមមនុស្សចំនួន ២៦នាក់របស់អតីតគណបក្សប្រឆាំង ចូលឆ្លើយបំភ្លឺតាមដីកាកោះមកសាកសួររបស់តុលាការខេត្តបាត់ដំបងជុំវិញការចោទថា ពួកគេបានធ្វើសកម្មភាពបំពានទៅសាលដីការបស់តុលាការកំពូលពាក់ព័ន្ធនឹងការរំលាយអតីតបក្សប្រឆាំង។

ក្នុងសន្និសីទបិទបញ្ចប់ដំណើរបេសកកម្មមកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី៩ ខែឧសភា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត បានជំរុញឲ្យរដ្ឋាភិបាលបើកចំហរសិទ្ធិសេរីភាពសង្គមស៊ីវិល និងសិទ្ធិនយោបាយបន្ថែមទៀត ដើម្បីស្របតាមគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ