ក្រុម​អន្តរជាតិ​ទាក់​ទង​នឹង​ CPP ទាមទារ​ឲ្យ​អឺរ៉ុប​ពិចារណា​ឡើង​វិញ​ចំពោះ​​វិធានការ​ដក EBA ពី​កម្ពុជា

រូបភាព ទង់ជាតិកម្ពុជា ទង់ជាតិសហភាពអឺរ៉ុប រូបភាពកសិករប្រមូលស្រូវ និងរូបភាពតវ៉ារបស់កម្មករ។

បណ្ដាញ​បក្ស​នយោបាយ​អន្ដរជាតិមួយ ដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលកម្ពុជា បានទាមទារជាថ្មីឲ្យសហភាពអឺរ៉ុបប្រកាន់​ជំហរ​«យុត្តិធម៌» ជុំវិញការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១០ ខែឧសភា ដែល VOD ទើបតែទទួលបាននៅថ្ងៃនេះ អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (IDC-CDI) ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​ពិចារណាឡើងវិញចំពោះវិធានាការរបស់ខ្លួន ដែលព្រមានដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។

បណ្ដាញ​បក្ស​នយោបាយ​អន្តរជាតិ​មួយ​នេះ បាន​លើក​ឡើង​ថា រដ្ឋាភិបាលដឹកនាំដោយគណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានខិតខំអនុវត្តតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប និងលក្ខខណ្ឌសិទ្ធិមនុស្សផ្សេងទៀតទាក់ទងនឹងសិទ្ធិនយោបាយ សិទ្ធិការងារ និងបើកចំហរសិទ្ធិសេរីភាពសង្គមស៊ីវិល។

ក្នុងសេចក្ដីថ្លែងការណ៍​ដដែល​នោះ អង្គការ​ IDC-CDI យល់ថា វិធានការឈានទៅដក EBA ពីកម្ពុជា នឹងធ្វើឲ្យប៉ះពាល់ដល់ការងាររបស់កម្មកររោងចក្រប្រមាណ ១លាននាក់ និងថា ប្រព័ន្ធអនុគ្រោះពន្ធ EBA បានជួយយ៉ាងច្រើនដល់ផ្នែកសេដ្ឋកិច្ច​នៃរបបប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។

អង្គការ IDC-CDI យល់ថា កម្ពុជាជាប្រទេសដែលទើបចេញពីសង្គ្រាម និងមានការអភិវឌ្ឍតិចតួច បានទទួលអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធនេះ។

ម្យ៉ាងទៀត  ​អង្គការ IDC-CDI យល់ថា លទ្ធិ​ប្រជាធិបតេយ្យ គឺជា​ដំណើរការវែងឆ្ងាយ​ ហើយថា ការកើនឡើងនៃចំនួនប្រជាជនវណ្ណៈកណ្ដាល បានរួមចំណែកយ៉ាងច្រើនដល់តម្លៃលទ្ធិប្រជាធិតេយ្យ និងការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

ការទាមទាររបស់សហជីពអន្ដរជាតិមួយនេះ គឺបន្ទាប់ពីសហភាពអឺរ៉ុប​ កាលពីថ្ងៃទី១១ កុម្ភៈ​ ឆ្នាំ២០១៩  បាន​ប្រកាស​អំពី​ការ​ចាប់​ផ្ដើមដំណើរការដែល​ឈាន​ទៅព្យួរ​ជា​បណ្ដោះ​អាសន្ន​​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជា​ ​បន្ទាប់​ពី​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​មនុស្ស និង​នីតិ​រដ្ឋ​​ នៅ​ក្នុង​រយៈ​ពេល ១៨​ខែ​ចុង​ក្រោយ​មក​នេះ។

សហភាពអឺរ៉ុបគូសបញ្ជាក់ទៀតថា ខ្លួនបានជួបពិភាក្សាដោយស្មោះត្រង់ជាមួយភាគីកម្ពុជា និងរំពឹងថា រដ្ឋាភិបាលនឹងកែលម្អបញ្ហាទាំងអស់ដែលជាក្ដីកង្វល់ និងជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការចាំបាច់នានាជាបន្ទាន់ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបនេះ។  

ប៉ុន្ដែ ក្នុងដំណើរទស្សនកិច្ចលើកទី៧មកកាន់ប្រទេសកម្ពុជា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ក៏បានឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានជុំវិញបញ្ហានេះផងដែរ ដោយអ្នកស្រីថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន គឺជាអ្នកធ្វើសេចក្ដីសម្រេចចិត្ត ជុំវិញការកែលម្អបញ្ហាកាតព្វកិច្ចសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីបន្ដទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ