លោក ហ៊ុន សែន ជំរុញ​ពលរដ្ឋឲ្យ​ដាំបន្លែគ្មានជាតិគីមីដូចផ្ទះលោក

លោក យ៉ាន់ ធា ជាកសិករដាំបន្លែម្នាក់ រស់​នៅក្នុងភូមិសូរ មេឃុំដូនសរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រូបភាព៖ ខាន់ លក្ខិណា

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន លើកទឹកចិត្តឲ្យប្រជាពលរដ្ឋខិតខំដាំដំណាំ និងបន្លែបង្ការដែលគ្មានសារធាតុគីមី ដូចនឹងការដាំដំណាំនៅជុំ​វិញ​គេហដ្ឋាន​របស់លោក។

លោក ហ៊ុន សែន សរសេរបង្ហោះនៅលើហ្វេសប៊ុកនៅថ្ងៃនេះថា នៅជុំវិញផ្ទះរបស់លោក គឺមានដាំដុះបន្លែបង្កា និងដំណាំផ្សេងៗ ដែលគ្មានសារធាតុគីមីនោះទេ។ លោក ហ៊ុន សែន ថា ការដាំដំណាំបន្លែបង្ការគ្មានធាតុគីមីនេះ គឺល្អណាស់សម្រាប់សុខភាពអ្នកបរិភោគ និងអ្នកប្រើប្រាស់ ម្យ៉ាងទៀត លោកថា ដីនៅកម្ពុជា គឺមានជីជាតិ និងអំណោយផលសម្រាប់ដំណាំកសិកម្ម។

លោក ហ៊ុន សែន សរសេរលើហ្វេសប៊ុកថា៖ «កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំបានបង្ហោះរូបភាពការដាំដុះបន្លែបង្កានៅជុំវិញផ្ទះ ដែលនេះមិនមែនសម្រាប់ជាលម្អទេ ប៉ុន្តែសម្រាប់យកមកធ្វើម្ហូបអាហារ។ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដាំដុះដំណាំបន្លែបង្កាសម្រាប់ទទួលទាន ជុំវិញផ្ទះ​ ព្រោះជីជាតិដីប្រទេសយើងគឺអំណោយផលល្អណាស់សម្រាប់ដំណាំកសិកម្ម»។

អំឡុងខែកញ្ញាឆ្នាំ២០១៧ អង្គការ USAID របស់អាមេរិក បានបង្ហាញរបាយការណ៍ថា ពលរដ្ឋកម្ពុជាជាង ៧០ភាគរយកំពុង​ប្រ​ក​បរបរ​ក​សិក​ម្ម ប៉ុន្តែ កសិករអាចដាំបន្លែបានតែ១ភាគ៣ នៃតម្រូវការទីផ្សារប៉ុណ្ណោះ។

ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍ដែរថា កម្ពុជាបានចំណាយថ​វិកា២០០​លានដុ​ល្លា​រ​អាមេរិក​ក្នុង១ឆ្នាំៗ សម្រាប់នាំចូលបន្លែពីបរទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ក្រសួងថាបន្លែនាំចូលទាំងនោះ ភាគ​ច្រើ​​ននាំចូលពីប្រទេសវៀតណាម និងប្រទេសចិន​។​

បើ​តាម​របាយការណ៍ក្រសួង​កសិកម្ម​ បច្ចុប្បន្ន ​មួយ​ថ្ងៃ​ៗ ​កម្ពុជា​ត្រូវការ​បន្លែ​ប្រមាណពី​៥០០ ទៅ​៦០០តោន ក្នុង​នោះ​ នៅដើម​ឆ្នាំ២០១៩​នេះ កម្ពុជា​នាំ​ចូល​ប្រមាណ​៣០ភាគរយ ខណៈ​ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំទៅ​តម្រូវ​ការ​នាំ​ចូល​កើន​ឡើង​ដល់​៥០ភាគរយ​នៃ​តម្រូវការ​សរុប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ