សមត្ថកិច្ច​ព្រះសីហនុ​តាម​រក​ក្រុម​ជន​ជាតិ​ចិន​ដែលប៉ុនប៉ងបង្កអសន្ដិសុខក្នុងខេត្តនេះ

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ថ្លែង​ទៅ​កាន់​មន្ត្រី​នគរបាល​ខេត្ត​ព្រះសីហនុ ក្នុង​ពិធី​បូក​សរុប​ការងារ​មួយ​កាល​ពី​ខែ​មេសា​កន្លង​មក។ រូបថត៖ នគរបាល​ខេត្ត​ព្រះសីហនុ

ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន អះអាងថា កម្លាំងជំនាញកំពុងស្រាវជ្រាវ និងស្វែងរកទីតាំងរបស់ជនជាតិចិនមួយក្រុម ដែលគំរាមបង្កអសន្ដិសុខនៅក្នុងខេត្តនេះ។

លោក ជួន ណារិន ប្រាប់ VOD នៅថ្ងៃនេះថា ប្រតិបត្ដិការស្រាវជ្រាវនេះ គឺបន្ទាប់ពីជនជាតិចិនមួយក្រុមដែលគ្នាជាង ១០នាក់ បានបង្ហោះវីដេអូខ្លីមួយ ដែលគេសង្ស័យថា ពួកគេមានបំណងបង្កអសន្ដិសុខ និងគ្រោះថ្នាក់ផ្សេងៗ ទៅលើខេត្តជាប់សមុទ្រមួយនេះ។

យ៉ាងណាក៏ដោយ លោក ជួន ណារិន អះអាងថា សមត្ថកិច្ចមិនទាន់ដឹងពីទីកន្លែងលាក់ខ្លួន និងចេតនាពិតប្រាកដរបស់ពួកគេនោះ។ ប៉ុន្ដែ លោកថា សមត្ថកិច្ចនឹងមិនអនុញ្ញាតឲ្យពួកគេធ្វើសកម្មភាពបំពានច្បាប់ណាមួយនៅក្នុងប្រទេសកម្ពុជានោះទេ។

លោកបន្ដថា៖  «នៅទេ​ មិនទាន់ចាប់បានទេ យើងកំពុងតែស្រាវជ្រាវ មិនដឹងថា វានៅកំពង់សោម ឬមួយចំណុចណាទេ ហើយឥឡូវយើងកំពុងឆែករកទីតាំង។ វាគ្រាន់តែនិយាយថា ពួកវានៅខេត្តអីចឹង ហើយបើតាមគេបកប្រែភាសាហ្នឹង ថា គេចង់បង្កភាពវឹកវរ ឬមិនវឹកវរគឺលើគេក្នុងរយៈពេល៣ឆ្នាំទៀតនៅកំពង់សោម»។  

របាយការណ៍របស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០១៨បង្ហាញថា ជនជាតិចិននៅកម្ពុជាមានចំនួន ២១ម៉ឺននាក់  ក្នុងនោះ ជនជាតិចិនកំពុងរស់នៅខេត្តព្រះសីហនុមានច្រើនជាងគេរហូតដល់ទៅ​ ៧ម៉ឺន៨ពាន់នាក់ (៧៨ ០០០នាក់)។

ដោយឡែករបាយការណ៍របស់​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ក៏បង្ហាញផងដែរថា គិតត្រឹម​ខែតុលាឆ្នាំ២០១៨ ជនជាតិចិនដែលប្រព្រឹត្តខុសច្បាប់នៅកម្ពុជាមានចំនួន ៣៧៣នាក់ ក្នុងនោះស្រីមាន៦៦នាក់ ភាគច្រើនប្រព្រឹត្តបទល្មើស២​ប្រភេទ គឺបទល្មើសគំរាមជំរិត និង​ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។​

ក្នុងពិធីជួបជាមួយពលរដ្ឋខ្មែរនៅក្នុងប្រទេសស្វីស កាលពីថ្ងៃទី២៤ខែតុលា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ​បានអំពាវនាវកុំឲ្យពលរដ្ឋព្រួយបារម្ភពីចំនួនជនជាតិចិននេះ។ លោក ហ៊ុន សែន អះអាងថា ចិនកំពុងតែបោះលុយវិនិយោគមកជួយសេដ្ឋកិច្ចរបស់កម្ពុជា ហើយថា ពលរដ្ឋចិននឹងត្រឡប់ទៅប្រទេសពួកគេវិញ ក្រោយពេលចប់ការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ