កម្ពុជា​ពុំទាន់​រក​​ឃើញ​ទីតាំង​បុរសចិន​បង្ហោះ​វីដេអូ​គំរាម​បង្ក​អសន្តិសុខ​​ ខណៈ​សង្គម​ស៊ីវិល​​ជំរុញ​ឲ្យ​រឹត​បន្តឹង​សន្តិសុខ

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ថ្លែងក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងទៅ។ រូបភាព៖ ហ្វេសប៊ុក សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម

មន្ត្រី​នគរបាល​ជាតិ​ខ្ពស់​កម្ពុជា បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​កម្ពុជា​នៅ​មិន​ទាន់​កំណត់​បាន​ទីតាំង​នៃ​ក្រុម​ជន​ជាតិ​ចិន ដែល​បាន​បង្ហោះ​វីដេអូ​គំរាម​បង្ក​អសន្តិសុខ​នៅ​ឯ​ខេត្ត​ព្រះសីហនុ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ថ្ងៃ​នេះ ខណៈ​ដែល​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​កម្ពុជា បាន​ទទូច​ទៅ​រដ្ឋាភិបាល​ឲ្យ​ចាត់​វិធានការ​ឲ្យ​បាន​តឹង​រឹងទៅ​លើ​ជន​ជាតិ​ចិន​ទាំង​នោះ។

ក្នុង​វីដេអូ​ឃ្លីប​រយៈ​ពេល​ប្រហែល ១០​វិនាទី​មួយ​ ដែល​ត្រូវ​បាន​ចែក​ចាយ​ជា​បន្ត​បន្ទាប់​នៅ​លើ​បណ្ដាញ​សង្គម បុរស​ម្នាក់​ស្ថិត​ក្នុង​ចំណោម​ក្រុម​បុរស​ជន​ជាតិ​ចិន​ជាង ២០​នាក់ បាន​និយាយ​ជា​ភាសា​ចិន​ ដែល​ត្រូវ​បាន​បក​ប្រែ​មក​ជា​ភាសា​ខ្មែរ​ថា ពួកគេ​ជា​ជន​ជាតិ​ចិន​មក​ពី​ទីក្រុង​ឆុងជីង នឹង​បំពុល​សន្តិសុខ​នៅ​ឯ​ខេត្ត​ព្រះសីហនុ។

អ្នកនាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ​កម្ពុជា លោក ឆាយ គឹមខឿន បាន​ប្រាប់​ វី.អូ.ឌី ​នៅ​រសៀល​ថ្ងៃ​នេះ​ថា សមត្ថកិច្ច​កម្ពុជា​កំពុង​ស៊ើប​អង្កេត​ទៅ​លើ​ករណី​នេះ ប៉ុន្តែ លោក​ថា នគរបាល​កម្ពុជា​នៅ​ពុំ​ទាន់​កំណត់​បាន​ថា ក្រុម​ជន​ជាតិ​ចិន​ទាំង​នោះ​ស្ថិត​នៅ​ទីណា​នៅ​ឡើយ​នោះ​ទេ។

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា សមត្ថកិច្ច​កម្ពុជា​ក៏​កំពុង​តែ​សហការ​ជាមួយ​សមត្ថកិច្ច​ចិន​ផង​ដែរ ប៉ុន្តែ លោក​បដិសេធ​បកស្រាយ​លម្អិត​អំពី​របៀប​ដែល​សមត្ថកិច្ច​កម្ពុជា​សហការ​ជាមួយ​នឹង​សមត្ថកិច្ច​ចិន។

លោក ឆាយ គឹមខឿន ប្រាប់​ថា​៖ «សមត្ថកិច្ចមិនទាន់រកឃើញទេ ប៉ុន្តែ កំពុងដុតដៃដុតជើងស្រាវជ្រាវ ព្រោះវាមានវីដេអូបង្ហោះ។ សមត្ថកិច្ចបានរៀបចំសហការគ្នាបានយ៉ាងហ្មត់ចត់ ប៉ុន្តែ សហការរបៀបម៉េច បងអត់អាចជម្រាបជូនប្អូនបានទេ តែសហការរកទាល់តែឃើញ»

ទាក់​ទង​នឹង​វីដេអូ​នេះ​ដែរ ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​អះ​អាង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា សមត្ថកិច្ច​ចិន​​កំពុង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នេះ ហើយ​ក៏​ជួយ​សម្រប​សម្រួល​សម្រាប់​ការ​ស៊ើប​អង្កេត​រួម​គ្នា​ធ្វើ​ឡើង​ជាមួយ​​សមត្ថកិច្ច​កម្ពុជា​​ផង​ដែរ។​

ស្ថានទូត​ចិន​នៅ​កម្ពុជា​បាន​បង្ហាញ​ការ​សង្ស័យ​ថា ក្រុម​ជន​ជាតិ​ចិន​នៅ​ក្នុង​វីដេអូ​នោះ អាច​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​សង្គម​ងងឹត​ណា​មួយ។

ស្ថានទូតចិនប្រចាំកម្ពុជា​រៀបរាប់​ថា​៖ «ស្ថានទូតចិនប្រចាំកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ​ និងបានជួយសម្របសម្រួលដល់សមត្ថកិច្ចនៃប្រទេសចិន​ និងកម្ពុជា​ ដើម្បីបើកការស៊ើបអង្កេតឲ្យ​បានគ្រប់ជ្រុងជ្រោយលើបញ្ហាមួយនេះ​។ ជឿជាក់ថា ការពិតនៃបញ្ហានេះ នឹងត្រូវបានលាតត្រដាងក្នុងពេលឆាប់ៗ​»

ប្រធាន​មជ្ឈមណ្ឌល​​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យ៉ង់ គិមអេង បានលើក​ឡើង​ថា វីដេអូ​នៃ​ក្រុម​ជន​ជាតិ​ចិន​ទាំង​នោះ បាន​បង្ក​ភាព​ភ័យ​ខ្លាច​ទៅ​ដល់​ប្រជាពលរដ្ឋ ហើយ​លោក​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ចាត់​វិធានការ​ឲ្យ​បាន​តឹង​រឹង​ទៅ​លើ​លំហូរ​ចូល​នៃ​ជន​ជាតិ​ចិន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។

លោក យ៉ង់ គិមអេង ថ្លែង​ប្រាប់​ថា​៖ «ធ្វើការសិក្សាឱ្យបានស៊ីជម្រៅមុននឹងផ្ដល់គម្រោងអភិវឌ្ឍន៍​ផ្សេងៗទៅដល់ឱ្យចិន ហើយនិង​ការទទួលទេសចរចិន ខ្ញុំថា គួរតែមានការប្រយ័ត្នប្រយែងក្នុងការប្រុងប្រយ័ត្នដែរ កុំឱ្យមានអ្នកប្រព្រឹត្តបទល្មើសឧក្រិដ្ឋ គួរតែ [ពិនិត្យ] ដែលថា តើអ្នកណាធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋនៅតាមបណ្ដាប្រទេសផ្សេងៗ បង្កបញ្ហានៅបណ្ដាប្រទេសផ្សេងៗ មិនគួរណាស្វាគមន៍គាត់ទេ»

របាយការណ៍​ចេញ​ដោយ​ក្រសួងមហាផ្ទៃ​កាលពីខែកញ្ញា​ឆ្នាំ​មុន ​បង្ហាញថា ជនជាតិចិននៅកម្ពុជាមានចំនួន ២១ម៉ឺននាក់  ក្នុងនោះ ជនជាតិចិនកំពុងរស់នៅខេត្តព្រះសីហនុមានច្រើនជាងគេរហូតដល់ទៅ​ ៧ម៉ឺន ៨ពាន់នាក់ (៧៨ ០០០នាក់)។

ដោយឡែករបាយការណ៍របស់​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ក៏បង្ហាញផងដែរថា គិតត្រឹម​ខែតុលាឆ្នាំ២០១៨ ជនជាតិចិនដែលប្រព្រឹត្តខុសច្បាប់នៅកម្ពុជាមានចំនួន ៣៧៣នាក់ ក្នុងនោះមាន​ស្រី ៦៦នាក់ ភាគច្រើនប្រព្រឹត្តបទល្មើស ២​ប្រភេទ គឺបទល្មើសគំរាមជំរិត និង​ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។​

ក្នុងពិធីជួបជាមួយពលរដ្ឋខ្មែរនៅក្នុងប្រទេសស្វីស កាលពីថ្ងៃទី២៤ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានអំពាវនាវកុំឲ្យពលរដ្ឋព្រួយបារម្ភពីចំនួនជនជាតិចិននេះ។ លោក ហ៊ុន សែន អះអាងថា ចិនកំពុងតែបោះលុយវិនិយោគមកជួយសេដ្ឋកិច្ចរបស់កម្ពុជា ហើយថា ពលរដ្ឋចិននឹងត្រឡប់ទៅប្រទេសពួកគេវិញ ក្រោយពេលចប់ការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ