មន្ត្រី​ថា រដ្ឋាភិបាល​ពុំទាន់ឆ្លើយ​តប​សំណើ​ស្ដារ​ទន្លេ​របស់​លោក ទ្រី ភាព នៅ​ឡើយទេ ​រង់ចាំ​ការ​សិក្សា​សិន

ច្រាំងទន្លេ ក្នុងរាជធានីភ្នំពេញ (រូបភាព៖ ពៅ មេត្តា)

មន្ត្រី​​​អះអាង​ថា រដ្ឋាភិបាល​​ពុំទាន់អាចឆ្លើយបានយ៉ាង​ណានៅឡើយទេរហូតមកដល់ថ្ងៃនេះ បន្ទាប់​ពី​​លោក ទ្រី ភាព ស្នើសុំស្តារទន្លេមេគង្គដល់ព្រំដែនកម្ពុជា-វៀតណាម ដោយថា រង់ចាំសិក្សាមើលបញ្ហាច្រាំងទន្លេនោះសិន។

កាលពីចុង​ខែមេសា​កន្ល​ង​មក​នេះ ក្រុមហ៊ុន ទ្រី ភាព អេនជីនារីង អែន ខនស្រ្តាក់សិន របស់​លោក​ឧញ៉ា ទ្រី ភាព បានស្នើសុំគោលការណ៍ទៅរដ្ឋាភិបាលចុះបូមស្តារ និងធ្វើច្រាំង​ទន្លេមេគង្គចាប់ពីចំណុចក្អមសំណ ​ច្រកព្រំដែនកម្ពុជា-វៀតណាម ដល់ចំណុចភូមិសាស្រ្តព្រំប្រទល់ខេត្តកំពង់ចាម ក្រចេះ និងតាមទន្លេបាសាក់។

មួយ​សប្ដាហ៍​ក្រោយ​មក ទីស្តីការគណៈរដ្ឋមន្រ្តីបានរុញសំណើ​នោះទៅឲ្យរដ្ឋមន្រ្តីក្រសួងធនធានទឹក និង​ឧតុនិយម លោក លឹម គានហោ ឲ្យ​ពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និង​ផ្តល់យោបល់ត្រឡប់។

អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះ ថា រហូតមកពេលនេះ ក្រសួងធនធានទឹកពុំទាន់បានឆ្លើយតបត្រឡប់ទៅរដ្ឋាភិបាលទេជុំវិញសំណើរបស់ក្រុមហ៊ុន ទ្រី ភាព នោះ ដោយលោកថា រង់ចាំឲ្យក្រុមការងារជំនាញចុះទៅសិក្សាពី​បញ្ហាច្រាំងទន្លេសិន។

លោក ចាន់ យុត្ថា ប្រាប់ថា៖ «យើងឃើញទន្លេរបស់យើងរាប់រយឆ្នាំហើយ យើងមិនដែលធ្វើការស្តារ តើមានទាស់ខុសអី? យ៉ាងម៉េច? ល្បាប់ប៉ះពាល់ដល់ចរន្តទឹកអីយ៉ាងម៉េច? អាហ្នឹងយើងអត់ទាន់ដឹង ទាល់តែសិក្សាហើយបានយើងដឹង»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ បានបង្ហាញក្តីបារម្ភពីផលប៉ះពាល់បរិស្ថាន និងផលប្រយោជន៍ប្រជាពលរដ្ឋនៅតាមដងទន្លេ ហើយ​លោកស្នើទៅរដ្ឋាភិបាលគួរតែសិក្សាឲ្យបានស៊ីជម្រៅអំពីភាពចាំបាច់ក្នុងការផ្តល់ឲ្យក្រុមហ៊ុន ទ្រី ភាព ធ្វើការបូមស្តារទន្លេមេគង្គនេះ។

លោក សន ជ័យ មានប្រសាស៍ថា កន្លងមកមានក្រុមហ៊ុនមួយចំនួនបានស្នើសុំរដ្ឋាភិបាលធ្វើអាជ្ញាកម្មបូមខ្សាច់ ហើយបានធ្វើឲ្យបាក់ច្រាំងទន្លេ និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេនោះ ដោយពុំទាន់ទទួលបានដោះស្រាយនៅឡើយទេ។

លោកបន្ថែមថា៖ «អ៊ីចឹង ខ្ញុំគិតថា យើងមើលឃើញផលប៉ះពាល់ច្រើនជាងផលប្រយោជន៍ដែលទទួលបានមកវិញ។ ផល់ប៉ះពាល់ដែលមានស្រាប់មិនទាន់​បានដោះស្រាយផង អ៊ីចឹងទៅ ប្រសិនបើមានការអនុញ្ញាតរបស់រដ្ឋាភិបាល​ ហើយមានផលប៉ះពាល់បន្ថែមទៀតនោះ ខ្ញុំគិតថា វានឹងធ្វើឲ្យបញ្ហានោះកើតឡើងកាន់តែធ្ងន់​ធ្ងរថែមទៀត»

ក្រុមហ៊ុនរបស់លោក ទ្រី ភាព ត្រូវ​បាន​រក​ឃើញ​ថា ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ជំនួញ​ឈើ​ខុស​ច្បាប់​រាប់​លាន​ម៉ែត្រ​គូប ដែល​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម និងចិន។

កាលឆ្នាំ២០១៥ អង្គការ Global Witness បានរក​ឃើញ​ថា លោក ទ្រី ភាព ដែលគេស្គាល់ថាជាអ្នកជំនួញឈើដ៏ល្បីឈ្មោះនៅកម្ពុជា បានកាប់ឈើខុសច្បាប់ពីតំបន់សំខាន់ៗនៅកម្ពុជា និងបាននាំចេញទៅប្រទេសចិនប្រមាណ ៩០០ម៉ែត្រគូបក្នុងមួយថ្ងៃ។

របាយការណ៍នោះបន្តថា លោក ទ្រី ភាព ជាអ្នកគ្រប់គ្រង​លើ​បណ្តាញកាប់ឈើខុសច្បាប់ ដោយពឹងផ្អែកលើការចូលដៃពីសំណាក់មន្រ្តីរដ្ឋាភិបាល កង​កម្លាំង​ប្រដាប់អាវុធ នគរបាល និងគយ ដើម្បីកាប់ឈើដ៏កម្រនៅទូទាំងប្រទេស និងបញ្ជូនដាក់កប៉ាល់ទៅទីក្រុងហុងកុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ