វិភាគ​៖ តើ​អ្វី​ជា​គន្លឹះ​ទប់ស្កាត់​កុំ​ឱ្យ​មាន​ចលនា​ផ្តួល​រំលំ​រដ្ឋាភិបាល​?

លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំរដ្ឋសភា អាណត្តិទី ៦ នាព្រឹកថ្ងៃទី ៥ កញ្ញា ២០១៨

នាយក​រដ្ឋមន្ត្រី​ និង​ជា​មេដឹកនាំ​បក្ស​កាន់អំណាច​ លោក​ ហ៊ុន​ សែន​ កាលពី​សប្តាហ៍​មុន​បាន​ចេញ​លិខិត​ណែនាំ​មួយ​ដល់​មន្ត្រី​ ដែល​លិខិត​នោះ​ហាក់​បង្ហាញ​ក្តី​បារម្ភ​ ពី​ការប្រែប្រួល​ស្ថានការណ៍​នៅ​ថ្នាក់ក្រោម​ជាតិ​ បង្ក​ជា​ហានិភ័យ​ដល់​យន្តការ​គ្រប់គ្រង​អំណាច​របស់​លោក​។

ក្នុង​លិខិត​នោះ​ មេដឹកនាំ​រូប​នេះ​ បាន​រំឭក​មន្ត្រី​ឱ្យ​ចុះ​ពន្យល់​ពលរដ្ឋ​ពី​ផល​លំបាក​ដែល​កើត​ចេញពី​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល ​និង​បញ្ជា​ឱ្យ​ទប់ស្កាត់​នូវ​អ្វី​ដែល​លោក​ហៅថា​ រលក​ងើបឡើង​នៃ​ចលនា​បដិវត្ត​ពណ៌​ប្រឆាំង​រដ្ឋាភិបាល​។

ក្នុង​ន័យ​នេះ​ មេដឹកនាំ​បក្ស​កាន់អំណាច​​សរសេរ​ក្នុង​លិខិត​នោះ​​សំដៅ​ដល់​ការទប់ស្កាត់​គម្រោង​វិល​ចូល​ស្រុក​វិញ​របស់​អតីត​មេដឹកនាំ​បក្ស​ឆាំង​ លោក​ សម​ រង្ស៊ី​ ​ដែល​គម្រោង​នេះ​​មិនទាន់​កំណត់ពេល​​នៅ​ឡើយ​ទេ។

លោក​ សម​ រង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ ជា​ញឹកញាប់​តែងតែ​ផ្ញើ​សារ​នយោបាយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ ​និង​កង​ម្លាំង​ផង​ដែរ​ចូលរួម​ផ្លាស់​ប្តូរ​​របប​ដែល​ដឹកនាំ​​ដោយ​លោក​ ហ៊ុន​ សែន​ ក្រោយពី​គណបក្ស​លោក​ត្រូវ​បាន​តុលាការ​រំលាយ​ ផាត់ចេញ​ពី​ឆាកនយោបាយ​ មិន​ឱ្យ​ចូលរួម​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៨​។

បើ​ពិនិត្យ​ពីសា​រន​យោ​បាយ​គំរាម​ឆ្លើយឆ្លង​​រវាង​មេដឹកនាំ​ទាំងពីរ​ វា​មិនមែន​ជា​រឿង​តូចតាច​ទេ​សម្រាប់​ការ​ទស្ស​ន៍ទាយ​ពី​ជោគវាសនា​របស់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​ បើ​គ្មាន​ការសម្រប​សម្រួល​នយោបាយ​ណាមួយ​កើតឡើង​នោះ​។

បើ​ទោះបីជា​​បក្ស​កាន់អំណាច​របស់​លោក​ ហ៊ុន​ សែន​ អះអាង​ថា​ រដ្ឋាភិបាល​ថ្មី​កើត​ចេញពី​ការបោះឆ្នោត​ត្រឹមត្រូវ​តាម​គន្លង​ប្រជាធិបតេយ្យ​ស្រប​​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​ក៏ដោយ​ ប៉ុន្តែ ​ជា​ការ​កត់សម្គាល់​ រដ្ឋាភិបាល​នៅ​អាណត្តិ​ថ្មីនេះ​ មិន​ត្រូវ​បាន​ស្វា​គមន៍​​ពី​មហាអំណាច​លោកសេរី​ទេ។

តែ​ផ្ទុយទៅវិញ ​ពួកគេ​​កំពុង​ចាត់វិធានការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ ដើម្បី​បង្ខំ​រដ្ឋាភិបាល​​ឱ្យ​ងាក​មក​ប្រកួត​អំណាច​តាម​យន្តការ​ប្រជាធិបតេយ្យ​វិញ​ ដោយ​ទាមទារ​ឱ្យ​ដោះលែង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក​ កឹម​ សុខា​ និង​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលា​ការ​រំលាយ​ទៅ​ហើយ​នោះ​ បាន​ដំណើរការ​ឡើងវិញ​ ជាដើម​។

ជម្លោះ​នយោបាយ​នេះ​ វា​បាន​រុញ​កម្ពុជា​ឱ្យ​ប្រឈម​ទៅ​នឹង​បញ្ហា​ពីរ​រួច​ទៅ​ហើយ​ គឺ​សម្ពាធ​របស់​ប្លុក​លោកសេរី​ និង​បញ្ហា​​ប្រឈម​ទៅ​នឹង​ការ​បែកបាក់​ជាតិ​ ព្រោះថា​ គណបក្ស​ដែល​តុលាការ​រំលាយ​នោះ​ មាន​អ្នកគាំទ្រ​ជាង ៣លាន​នាក់​ ជិត​ស្មើ​ទៅ​នឹង​អ្នកគាំទ្រ​បក្ស​កាន់អំណាច​បច្ចុប្បន្ន​។

បញ្ហា​នេះ​បង្កើត​ជា​សំណួរ​ថា​ តើ​អ្វីទៅ​ជា​គន្លឹះ​ទប់ស្កាត់​កុំ​ឱ្យ​មាន​ចលនា​ប្រឆាំង​រដ្ឋាភិបាល​?

អ្នកវិភាគ​នយោបាយ​នៅ​ក្រៅប្រទេស​ លោក​ គឹម​ សុខ​ មានប្រសាសន៍​ថា​ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ពេលនេះ​ ហាក់​​ត្រូវ​បាន​មេរោគ​កុម្មុយនីស្ត​ ដែល​មាន​អតីត​កូនចៅ​ខ្មែរក្រហម​ បាន​វាយកម្ទេច​ស្ទើរតែ​ទាំងស្រុង​ទៅ​​ហើយ​។ លោក​វិភាគ​ថា ​ស្ថានភាព​នេះ​កំពុង​រុញ​កម្ពុជា​ឱ្យ​ប្រឈម​ទៅ​នឹង​​ការបែកបាក់​ជាតិ​ដូច​ពីអ​តី​តកាល​។

លោក​ គឹម​ សុខ​ វិភាគ​ថា​ គន្លឹះ​ទប់ស្កាត់​កុំ​ឱ្យ​មាន​ចលនា​ប្រឆាំង​រដ្ឋាភិបាល​ មេដឹកនាំ​គួរតែ​ស្តារ​ប្រជាធិបតេយ្យ​តាម​ការជំរុញ​របស់​សហគមន៍​អន្តរជាតិ​។

អ្នកវិភាគ​រូប​នេះ​ វិភាគ​​បន្ត​ថា​ បើ​នយោបាយ​ការទូត​រវាង​​កម្ពុជា​ និង​ប្លុក​លោកសេរី​ នៅតែ​បន្ត​ឡើង​កម្តៅ​ ហើយ​បញ្ហាផ្ទៃក្នុង​មិន​ត្រូវ​បាន​សម្របសម្រួល​ លោ​ក​ថា ​អនាគត​របស់​កម្ពុជា​អាច​នឹង​ពិ​បា​កទស្ស​ន៍​ទាយ​។

លោក​ថា​៖ «ប្រសិនបើ​លោក​ ហ៊ុន​ សែន​ នៅតែ​ជ​ម្នះ មិន​ស្តាប់​អនុសាសន៍​របស់​សហ​គមន៍​អន្តរជាតិ​ និង​មិន​ស្តាប់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចង់បាន​ការ​វិល​ទៅ​រក​ប្រជាធិបតេយ្យ ខ្ញុំ​គិតថា ​លោក​ ហ៊ុន​ សែន​ នឹង​ក្លាយជា​សត្រូវ​នៃ​កំហឹង​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ហើយ​ ហើយ​លទ្ធផល​អាក្រក់​នឹង​ដឹង​នៅ ៣ឆ្នាំក្រោយ​ពី​កម្ពុជា​បាត់បង់​ EBA​»

អ្នកវិភាគ​នយោបាយ​ លោក​ ឯម​ សុវណ្ណ​រ៉ា​ មានប្រសាសន៍​ថា​ ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ ការ​ផ្លាស់​ប្តូរ​មេដឹកនាំ​ មិនមែន​ជា​ចរន្ត​បង្ក​ឱ្យ​មាន​សង្គ្រាម​បង្ហូរ​ឈាម​កើតឡើង​ទេ​ ព្រោះ​ច្បាប់​បាន​ចង​ឱ្យ​អ្នកនយោបាយ​គោរព​ឆន្ទៈម្ចាស់​ឆ្នោត​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ជាដើម​។

លោក​ ឯម​ សុវណ្ណ​រ៉ា​ មើលឃើញ​ថា​ ការ​នៅតែ​ព្យាយាម​ផាត់​គណបក្ស​ប្រឆាំង​មួយ​ដែល​មាន​អ្នកគាំទ្រ​ជិត​ពាក់កណ្តាល​ប្រទេស​ចេញពី​ឆាកនយោបាយ​ ស្របគ្នា​នឹង​សំឡេង​ថ្កោលទោស​ពី​ប្លុក​លោកសេរី​ផង​នោះ​ លោក​ថា​ កម្ពុជា​អាច​នឹង​ប្រឈម​ទៅ​នឹង​វិបត្តិ​ធ្ងន់​ធ្ងរ​ដូច​ពីអ​តី​តកាល​។

ប៉ុន្តែ ​អ្នកវិភាគ​រូប​នេះ​ វិភាគ​ថា​ គន្លឹះ​នៃ​ការទប់ស្កាត់​បញ្ហា​នេះ​ បក្ស​កាន់អំណាច​ត្រូវ​ងាក​ទៅរក​​ស្ថានភាព​នយោបាយ​ធានា​ដល់​យន្តការ​ប្រជាធិបតេយ្យ​ដូច​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ធានា​ការប្រកួត​មួយ​ដោយ​ស្មើភាព ​គ្មាន​ការ​គំរាមកំហែង ​និង​មិន​លម្អៀ​ងទៅ​រកម​ហា​អំណាច​ណាមួយ​។

អ្នកវិភាគ​រូប​នោះ​ បង្ហាញ​ការ​ព្រួយបារម្ភ​ថា បើ​ពុំ​នោះ​ទេ ​សន្តិភាព​ដែល​កម្ពុជា​រកបាន​ដោយ​កម្រ​ អាច​ប្រឈម​នឹង​ភាព​ផុយ​ស្រួយ​។

លោក​ថា​៖ «រក្សា​នូវ​គោល​ជំ​ហរន​យោ​បាយ​សេរី​ពហុបក្ស​តាម​គោលការណ៍​ច្បាប់​ កុំ​ឱ្យ​អាងតែ​មានអំណាច​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​សិទ្ធិ​ ធ្វើ​ឱ្យ​គេ​មិន​អាច​ទប់ស្កាត់​បានទេ​។ ខ្ញុំ​បារម្ភ​កន្លែង​ហ្នឹង​មែនទែន​»

សហភាព​អឺរ៉ុប​បាន​រាប់​ថ្ងៃ​ថយក្រោយ​ចាប់ពី​ខែកុម្ភៈ ​​មក​លើ​វិ​ធា​នការព្យួរប្រ​ព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ ក្រោយពី​ប្លុក​លោកសេរី​មួយ​នេះ​ មើលឃើញ​ថា​ រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​ស្ដារ​ស្ថាន​ភាព​គោរព​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​​ក្រោម​លក្ខខណ្ឌ​​របស់​ខ្លួន​។

លោក​ បណ្ឌិត​ យ៉ង​ សាំង​កុមារ​ និង​ជាម​ន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ធ្លាប់​ផ្តល់​ជា​យោបល់​ថា​ ​កម្ពុជា​អាច​​នៅ​បន្ត​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ របស់​សហភាព​អឺរ៉ុប​ និង​នៅតែ​បន្ត​រក្សា​បាន​ទំនាក់ទំនង​ល្អជា​មួយ​នឹង​មហាអំណាច​សេដ្ឋកិច្ច​លើ​ពិភពលោក​។

លោក​ថា​៖ «លក្ខ​ខណ្ឌ​ងាយ​ៗ គឺ​រដ្ឋាភិបាល​ត្រូវ​ដោះលែង​លោ​ក កឹម​ សុខា​ និង​ត្រូវ​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដំណើរការ​ឡើងវិញ​»

ជ្រុង​មួយទៀត​នៃជ​ម្លោះ​នយោបាយ​​កម្ពុជា​នេះ​ អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត ក្នុងដំណើរទស្សនកិច្ចឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សលើកទី៧ នៅកម្ពុជាលើកនេះ​ បាន​អំពាវនាវ​ជាថ្មី​ទៀត​​ឱ្យ​ដោះលែង​លោក​ កឹម​ សុខា​ និងអំពាវនាវ​ឱ្យ​បើក​កិច្ច​សន្ទនា​​ផ្នែក​នយោបាយ​​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​សន្តិភាព​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ