កម្ពុជា-​នេប៉ាល់​ សន្យា​ជំ​រុញ​សក្តា​នុ​ពល​ទេសចរណ៍​រវាងគ្នានឹងគ្នា​

នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ ក្នុងជំនួបពិភាក្សាទ្វេភាគី។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

កម្ពុជា​ និង​ នេប៉ាល់​ ប្តេជ្ញា​ពង្រីក​សក្តា​នុ​ពល​វិស័យ​ទេសចរណ៍រវាងគ្នាទៅវិញ​ទៅមក តាម​រយៈការបង្កើត​ជើង​ហោះហើរ​ដោយ​ផ្ទាល់​ពីប្រទេស​មួយទៅ​ប្រទេសមួយ​។

នាយក​រដ្ឋមន្ត្រី​នេប៉ាល់​ លោក​ ខេ​ ភី​ សា​ម៉ា​ អូ​លី​ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ បាន​ជួប​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន ​សែន​ នៅ​រាជធានី​ភ្នំពេញ​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​កម្ពុជា​។

ក្នុង​ជំនួប​នោះ​ លោក​ ហ៊ុន​ សែន​ ឱ្យ​ដឹង​តាម​ហ្វេ​សប៊ុ​កថា​ លោក​ជំរុញ​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​ទៅលើ​វិស័យ​ដឹកជញ្ជូន​ អាកាសចរណ៍​ រវាង​ប្រទេស​ទាំងពីរ​។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ប្រាប់​នេប៉ាល់​ទៀត​ថា​ ​សក្តា​នុ​ពល​ទេសចរណ៍​របស់​កម្ពុជា​ គឺ​អង្គរវត្ត​ និង​ប្រាសាទ​ជាច្រើន ​រី​ឯនេប៉ាល់​ ជា​ទឹកដី​ដែល​ព្រះពុទ្ធ​បា​នប្រ​សូត្រ​ ជា​សក្តា​នុ​ពល​ទេសចរណ៍​ដូចគ្នា​។

លោក​ ហ៊ុន​ សែន​ ក៏បាន​លើកឡើងទៀត​ថា​៖ «សភា​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ អាច​ចុះ​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​វិស័យ​ឯកជន ​និង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ​ដែល​អាច​ធ្វើការ​ជាមួយគ្នា​បាន​»។

អ្នកស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​បណ្ឌិត ​មាស​ នី​ ហៅ​ការពង្រីក​យន្តការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឱ្យ​មក​ធ្វើដំណើរ​កម្សាន្ត​នៅ​កម្ពុជា​ ជាផ្នែក​មួយ​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​។

ប៉ុន្តែ អ្នក​​ឃ្លាំមើល​រូប​នេះ​ ផ្តល់​ជា​យោបល់​ថា បើ​រដ្ឋាភិបាល​មិនបាន​ពង្រីក​សេវា​ក្នុង​ស្រុក​ដោយខ្លួនឯង​ទេ​ លោក​ថា ​ពលរដ្ឋ​ជា​ម្ចាស់​ស្រុក​ទទួល​បានផល​តិចតួច​បំផុត​ពី​វិស័យ​ទេសចរណ៍​នេះ​ ដោយ​លោក​លើក​ឧទាហរណ៍​ ភ្ញៀវ​ទេសចរ​ចិន​ ជាដើម​។

លោក​ មានប្រសាសន៍ថា​៖ «យើង​មើល​ពី​ផលប្រយោជន៍​របស់​ពលរដ្ឋខ្មែរ​ ដែល​បាន​មក​ពី​ទេសចរណ៍​ ប្រៀបធៀប​ទេសចរណ៍​អឺរ៉ុប​ និង​ទេសចរណ៍​ចិន​នេះ​ យើង​ឃើញថា ​ប្រជាពលរដ្ឋ​ខ្មែរ​ទទួល​បានផល​ប្រយោជន៍​តិចណាស់​បើ​គិតមែនទែនទៅ​ ពី​ទេសចរ​ចិន​។ ព្រោះ​ភ្ញៀវ​របស់​ចិន​កាលណា​គេ​មក​ អ្វី​ៗជា​សេវាកម្ម​របស់​គេ​គឺ​ចិន​គ្រប់គ្រង​ទាំងអស់​ តាំងពី​ចុះពី​លើ​យន្តហោះ​ រហូត​ចូល​សណ្ឋាគារ​ ចេញពី​សណ្ឋាគារ​ដើរទៅ​មើល​ទី​តាំង​ផ្សេង​ៗរហូត​វិលមកវិញ​ ចូល​បាយ​ ក៏​បាយ​របស់​ចិន​ដែរ​»។

បើ​តាម​ហ្វេ​សប៊ុ​កនាយក​រដ្ឋមន្ត្រី​ជា​ការ​ឆ្លើយតប​ នាយ​រដ្ឋមន្ត្រី​នៃ​ប្រទេស​នេប៉ាល់​បាន​ឯកភាព​ទៅលើ​សំណើ​ និង​យោបល់​របស់​កម្ពុជា​។

ប្រទេស​នេប៉ាល់​ មាន​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា​ចាប់ផ្តើម​នៅ​ឆ្នាំ១៩៦៤មក​ ប៉ុន្តែ​ បាន​កាត់​ផ្តាច់​វិញ​នៅពេល​កម្ពុជា​មាន​សង្គ្រាម​ផ្ទៃក្នុង​។

រហូត​បច្ចុប្បន្ន​ ប្រទេស​ទាំងពីរ​មិនទាន់​បាន​ដាក់​អគ្គរដ្ឋទូត​នៅក្នុង​ប្រទេស​រៀងខ្លួន​នៅឡើយ​ទេ​ ប៉ុន្តែ​ក្នុង​កិច្ចពិភាក្សា​នោះ​ ភាគី​ទាំងពីរ​សង្ឃឹមថា​ កម្ពុជា​ និង​នេប៉ាល់​ នឹង​ដាក់​ឱ្យ​មាន​អគ្គ​រដ្ឋ​ទូត​ក្នុង​ប្រទេស​រៀង​ៗខ្លួន​ឡើងវិញ​។​

កាលពី​ឆ្នាំ​២០១៨​ ភ្ញៀវ​ទេសចរ​មក​កាន់​កម្ពុជា​មាន​ចំនួន​ជាង ​៦លាន ២សែននាក់ កើន​ឡើង​១១​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ហើយផ្ដល់ចំណូលឲ្យកម្ពុជា​ចំនួន ៤៣៥៦ លាន​ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ