ពលរដ្ឋមួយចំនួនរស់នៅជាប់បឹងតាមោក ស្នើ​ឱ្យអាជ្ញាធរដោះស្រាយសំណងដល់​ពួកគេ​

ទិដ្ឋភាពបឹងតាមោក ខណៈអាជ្ញាធររៀបចំចាក់បំពេញដី ដើម្បីអភិវឌ្ឍ កាលពីឆ្នាំ២០១៩។ រូបភាព៖ ខាន់ លក្ខិណា

ប្រជាពលរដ្ឋមួយចំនួន​​ដែលរស់នៅជាប់បឹងតាមោក អះអាងថា ពួកគេនឹងមិនរុះរើផ្ទះចេញទេ បើអាជ្ញាធរមិនព្រមដោះស្រាយសំណងដល់ពួកគេដែលរងផលប៉ះពាល់ ដោយសារការអភិវឌ្ឍរបស់រដ្ឋាភិបាលនោះ។

កាលពីខែមិថុនា ឆ្នាំ២០១៨ រដ្ឋាភិបាលសម្រេចកាត់ផ្ទៃបឹងតាមោកចំនួន២០ហិកតា តាមសំណើរបស់សាលារាជធានីភ្នំពេញ ដើម្បីអភិវឌ្ឍធ្វើផ្សារបន្លែ និងចំណតរថយន្ត។

ទិដ្ឋភាពបឹងតាមោក ខណៈអាជ្ញាធររៀបចំចាក់បំពេញដី ដើម្បីអភិវឌ្ឍ។ រូបភាព៖ ខាន់ លក្ខិណា

អ្នកស្រី រស់ ចាន់ធី អះអាងជាតំណាងពលរដ្ឋ ៣គ្រួសារ ដែលរស់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌព្រែកព្នៅ ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះ ថា កាលពីថ្ងៃទី៨ ខែឧសភា អភិបាលខណ្ឌព្រែកព្នៅបានឱ្យពួកគាត់រុះរើផ្ទះចេញពីទីតាំងដែលគាត់កំពុងរស់នៅបច្ចុប្បន្ន ហើយចាំដោះស្រាយសំណងតាមក្រោយ។ អ្នកស្រីបន្តថា អាជ្ញាធរឱ្យពួកគាត់រុះរើផ្ទះចេញ  ដោយសារអាជ្ញាធរប្រញាប់យកដីនោះទៅធ្វើការអភិវឌ្ឍ។

អ្នកស្រីថា៖ «គាត់ថាឱ្យខ្ញុំធ្វើពាក្យមួយទៅខណ្ឌព្រែកព្នៅ គាត់ថាដោះស្រាយឱ្យតែខ្ញុំមួយទេ ឱ្យរុះរើឱ្យហើយទៅ ចាំគាត់ដោះស្រាយ។ ខ្ញុំអត់ហ៊ាននរុះរើទេ។  រុះទៅខ្លាចគាត់អត់ឱ្យលុយខ្ញុំទៅ ព្រោះកាលណារុះទៅមិនដឹងទៅនៅណាដែរ បើគាត់អត់មានដោះស្រាយគោលការណ៍ឱ្យខ្ញុំ ថារកដីធ្លីឱ្យខ្ញុំនៅទៅស្រួល ខ្ញុំរុះឈើហ្នឹងទៅ ទៅធ្វើផ្ទះនៅតែម្ដង»។

អ្នកស្រី រស់ ចាន់ធី អះអាងថា ពួកគាត់ទាំង ៣គ្រួសារ ដែលរងផលប៉ះពាល់ ដោយសារការចាក់ដីលុបបឹងនេះ ទាមទារសំណងចំនួន ៥០០០ដុល្លារ ជាថ្នូរនឹងការចាកចេញពីតាំងរស់នៅបច្ចុប្បន្ន ប៉ុន្តែ បើមិនបានផ្ដល់សំណងទេ ពួកគាត់ក៏នឹងមិនចេញដែរ ទោះបីជាអាជ្ញាធរចាក់ដីលុបដល់ផ្ទះគាត់ក៏ដោយ។

វី.អូ.ឌី មិនអាចសុំការអត្ថាធិប្បាយពីអភិបាលព្រែកព្នៅ លោក សុខ សម្បត្តិ បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។ ចំណែក អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី សុំមិនធ្វើ​ការអត្ថាធិប្បាយលម្អិតចំពោះរឿងនេះ ដោយលោកមិនទាន់ដឹងថា ពលរដ្ឋដែលថាប៉ះពាល់ដោយការចាក់ដីនៅត្រង់ចំណុចណាមួយនោះទេ។

លោក ថា៖ «ទាល់តែគាត់អញ្ជើញទាក់ទងអាជ្ញាធរខណ្ឌផ្ទាល់ ឬមកសាលារាជធានីភ្នំពេញមក គាត់ចង់បានអ្វី មានគោលបំណងអ្វី ដាក់ពាក្យមកជួបយើងមក ទើបពិគ្រោះគ្នាកើត»។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ពលរដ្ឋមិនព្រមចាកចេញ ពីព្រោះតែ ពួកគេបារម្ភខ្លាចអាជ្ញាធរមិនដោះស្រាយឱ្យដូចប្រជាពលរដ្ឋរងគ្រោះដោយសារបញ្ហាដីធ្លីកន្លងមក។ លោក ជំរុញឱ្យអាជ្ញាធរធ្វើការដោះស្រាយបញ្ហាដីធ្លីនេះ ជូនប្រជាពលរដ្ឋឱ្យបានឆាប់។

លោកថា៖ «ធ្វើការអនុវត្តគម្រោងមុន ហើយដោះស្រាយក្រោយ ធ្វើឱ្យពលរដ្ឋដែលមានជម្លោះ ឬទំនាស់ហ្នឹង មានភាពរ៉ាំរ៉ៃ ហើយដោះស្រាយដោយមិនជ្រះស្រឡះទេ នេះជាបញ្ហាប្រឈម ហើយពេលខ្លះ ហើយការយកចិត្តទុកដាក់ដោះស្រាយហ្នឹង កាន់តែមិនចង់មានចំណាត់ការដោះស្រាយតែម្ដង។ អ៊ីចឹង យើងគិតថា អាជ្ញាធរគួរតែធ្វើការដោះស្រាយសំណងជាមុនសិន»។

បើតាមរបាយការ​រណ៍សមាគមធាងត្នោតឱ្យដឹងថា នៅជុំវិញបឹងតាមោកនេះ មានចំនួន១៩ ភូមិ ៥សង្កាត់ និងចំនួន២ខណ្ឌ (ព្រែកព្នៅ និងសែនសុខ)។ របាយការណ៍បញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់ជុំវិញបឹងនោះបានអាស្រ័យផលពីបឹង មានដូចជា ការធ្វើស្រែ រកត្រី និងដាំដំណាំជាដើម។

កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្ដីពីការកំណត់ផ្ទៃបឹងតាមោកជាសម្បតិ្តរបស់រដ្ឋដែលមានផ្ទៃដីសរុបប្រមាណ ៣ ២៣៩ហិកតា សម្រាប់ស្តុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ