UN អំពាវនាវឲ្យ​កាត់​ផ្ដាច់​ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់យោធាមីយ៉ាន់ម៉ា

អគ្គមេបញ្ជាការជាន់ខ្ពស់មីយ៉ាន់ម៉ាលោក មីនអេន ហាលង (Min Aung Hlaing )។ រូបភាព៖ EPA

មន្រ្តី​អង្គការ​សហប្រជាជាតិ​ បា​នជំរុញឲ្យ​ប្រទេសផ្សេងៗបញ្ឈប់​ការគាំទ្រផ្នែក​ហិរញ្ញវត្ថុដល់​ក្រុម​យោធាមីយ៉ាន់ម៉ា និងអំពាវនាវជាថ្មី​ឲ្យ​នាំ​ខ្លួន​មេទ័ព​ធំៗយក​មក​កាត់​ទោស។

ការអំពាវនាវនេះ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីឱ្យកងទ័ពមីយ៉ាន់ម៉ា​ទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សរបស់​ពួកគេទៅលើ​ជន​ជាតិភាគតិច រ៉ូហ៊ីងយ៉ា ក្នុងរដ្ឋរ៉ាឃីន​។

ក្រុម​មន្រ្តី​បេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ បាន​លើកឡើងក្នុងសេចក្តី​ប្រកាស​ព័ត៌មានដែល​ចេញ​កាលពីម្សិលមិញ ថា​មេបញ្ជាការយោធាមីយ៉ាន់ម៉ាត្រូវតែចូលខ្លួន​ឆ្លើយតបចំពោះឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍នៅក្នុងតុលាការមួយដែល​អាចទុក​ចិត្តបាន។ ក្រុម​មន្រ្តីអង្គការសហប្រជាជាតិ​​ទាំងនោះ​ បានចោទប្រកាន់ផងដែរថា មីយ៉ាន់​ម៉ាមិនបានធ្វើឲ្យអស់ពីដៃពីជើងក្នុង​ការ​ដោះស្រាយជម្លោះផ្ទៃក្នុងរបស់ជាតិ​ ឬការពារសិទ្ធិមនុស្សដែល​ក្នុង​នោះក៏​រាប់បញ្ចូលទាំងសិទ្ធរបស់​ជនជាតិ​ភាគតិច ​រ៉ូហ៊ីងយ៉ា ជាងមួយលាននាក់ដែលត្រូវបានគេបង្ខំឱ្យនិរទេសខ្លួនផងដែរ។

ប្រធាន​​ក្រុម​មន្រ្តី​បេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ លោក Marzuki Darusman ត្រូវបាន​ដកស្រង់សម្តី​មក​ចុះផ្សាយ​ក្នុងសេចក្តីប្រកាសព័ត៌មាន​ថា ស្ថានការណ៍នៅប្រទេសមីយ៉ានម៉ាគឺនៅទ្រឹងដដែល ដោយមិនមាន​សញ្ញាណាមួយឆ្ពោះទៅរកដំណោះស្រាយក្នុងការបញ្ចប់​វិបត្តិនោះទេ។

តាមសេចក្តីប្រកាស​ព័ត៌មានដដែល មីយ៉ាន់ម៉ា ​មិនត្រឹម​តែមិនធ្វើការ​ដោះស្រាយវិបត្តិដែល​កំពុងកើតមាន​នោះទេ តែបែរជាកាន់​តែ​បង្កើតបញ្ហា​ថែម។ ប្រភពដដែល​បន្តឲ្យដឹងថា ​អាជ្ញាធរ​មីយ៉ាន់ម៉ាបាន​កម្ចេចចោល​ទាំងស្រុងនូវភូមិដែល​ជន​ជាតិ​រ៉ូហ៊ីងយ៉ាបោះបង់ចោល ដែល​ជាការបំផ្លាញ​នូវភស្តុតាងនៃបទឧក្រិដ្ឋ​ប្រកបដោយ​ប្រសិទ្ធិ​ភាព។

ក្នុងបេសកកម្មស្វែងរកការពិតរយៈពេល​ ១០ថ្ងៃ រដ្ឋាភិបាលមីយ៉ាន់ម៉ាមិនបាន​អនុញ្ញាតឲ្យ​មន្រ្តី​អង្គការសហប្រជាតិទាំងនោះចូលប្រទេស​ខ្លួននោះទេ។ មន្រ្តីអង្គការសហប្រជាជាតិ​ បាន​ត្រឹម​តែចូល​មើលស្ថាន​ភាពរបស់​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ដែល​កំពុងរស់នៅក្នុងជំរុំក្នុងប្រទេស​បង់ក្លាដេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃ។

បេសកកម្មស្វែងរកការពិត ត្រូវបានបង្កើតឡើងនៅស្នាក់ការ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស នាទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីខែមីនា ឆ្នាំ២០១៧។ បេសកកម្មនេះ មានភារកិច្ចស៊ើបអង្កេតការរំលោភបំពានដោយក្រុម​យោធាទៅលើជនជាតិ​រ៉ូហ៊ីងយ៉ា និងជនជាតិភាគតិចផ្សេងទៀតនៅក្នុងជម្លោះផ្សេងៗជាមួយក្រុមប្រដាប់អាវុធនៅមីយ៉ាន់ម៉ា។

មីយ៉ាន់ម៉ា មិនបាន​ទទួលស្គាល់​​បេសកកម្មស្វែងរកការពិតដែល​បង្កើតឡើងក្រោមអាណត្តិ​របស់​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិនោះទេ។

របាយការណ៍កម្រាស់ ៤៤៤ ទំព័រ ដែលបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាតិ​ ដោយក្រុមមន្រ្តី​បេសកកម្មស្វែងរកការពិត កាល​ពី​ខែកញ្ញា ឆ្នាំ២០១៨ បានចងក្រងឯកសារអំពីវិធីដែលយោធាមីយ៉ាន់ម៉ាបានរំលោភ​បំពានសិទ្ធិមនុស្សយ៉ាង​​ឃោរឃៅ និងជាប្រព័ន្ធលើ​ជនជាតិភាគតិចនៅទូទាំងប្រទេស។​

មីយ៉ាន់ម៉ាបដិសេធការចោទប្រកាន់ទាំងនេះ ដោយថា​ យោធា​របស់ខ្លួនមិនបានបង្ក្រាបលើស៊ីវិលនោះទេ ប៉ុន្តែ ពួកគេចាត់វិធានការតែពួកសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា ដែល​វាយប្រហារ​ខ្លួនប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ