មន្ត្រីពាក់ព័ន្ធមួយចំនួនមិនដឹងមូលហេតុដោះលែងលោក សាន្ត សុខុម

លោក សាន្ត សុខុម ដែល​ជា​មន្ត្រី​អាវុធ​ហត្ថ​ខេត្ត​កំពង់ចាម​ឋានន្តរ​ស័ក្តិ​វរសេនីយ៍​ត្រី និង​ជា​កូន​ប្រុស​បង្កើត​របស់​លោក​ឧត្តមសេនីយ៍​ត្រី សាន្ត ប៊ុនថាន មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ក្រចេះ​។ រូបភាព៖ បណ្ដាញសង្គម

មន្ត្រីមួយចំនួននៃសាលាដំបូងខេត្តកំពង់ចាម អះអាងថា ពិតជាមានការដោះលែងមន្ត្រីកងរាជអាវុធហត្ថមួយរូបពាក់ព័ន្ធករណីហិង្សាមែន ប៉ុន្តែ ថាពួកគេមិនដឹងពីមូលហេតុនៃការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ននោះទេ។

កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានសម្រេចឃុំខ្លួនមន្ត្រីកងរាជអាវុធហត្ថសក្តិ៤ ឈ្មោះ សាន្ត សុខុម  នៅពន្ធនាគារបណ្ដោះអាសន្នដោយចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយគំរាមកំហែង និងបទប្រើប្រាស់អាវុធគ្មានការអនុញ្ញាត»

ប៉ុន្តែ ក្រោយមកមានការផ្សព្វផ្សាយថា មន្ត្រីពាក់សក្តិ៤រូបនេះ ត្រូវបានដោះលែងដោយស្ងៀមស្ងាត់ទៅវិញ។​ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ លោក នុត សាវនា ប្រាប់អាស៊ីសេរី ថាលោក សាន្ត សុខុម ត្រូវបានដោះលែងតាំងពីថ្ងៃទី១៩ ខែមេសា ហើយលោកមិនបានដឹងមូលហេតុទេ។​

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ចាម លោក ជុំ ណារ៉ាន់ ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះ ថា លោកមិនបានដឹងថា តុលាការដោះលែងលោក សាន្ត សុខុម នៅថ្ងៃណានោះទេ ហើយថាក៏មិនបានដឹងពីមូលហេតុដែលចៅក្រមស៊ើបសួរសម្រេចដោះលែងដែរ។

លោកថា៖ «រឿងនេះជាកិច្ចការរបស់ចៅក្រម ខ្ញុំគ្រាន់តែជាអ្នកនាំពាក្យ ខ្ញុំគ្រាន់តែដឹងថាមានការដោះលែងមែន។ បើនិយាយរឿងហ្នឹងជាកិច្ចការរបស់ចៅក្រមទេ ខ្ញុំអត់ដឹងថាហេតុផលអី ដែលគេដោះលែងទេ»។

ក្រឡាបញ្ជី លោក វីរៈ នាថ សុំមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះ ដោយឱ្យទៅសួរព្រះរាជអាជ្ញាវិញ។ ចំណែកព្រះរាជអាជ្ញារង លោក ហ៊ួត វុទ្ធី លើកឡើងថា លោកអត់បានដឹងរឿងនេះទេ ដោយសុំពេលសួរចៅក្រមសិន។

លោកថា៖ «ខ្ញុំអត់ដឹងផង ចាំមើលខ្ញុំសួរ [គេ] សិន»។

ប៉ុន្តែ នៅពេល វី.អូ.ឌី ទាក់ទងទៅម្តងទៀត ព្រះរាជអាជ្ញារងរូបនេះមិនទទួលទូរសព្ទ។

វី.អូ.ឌី មិនអាចសុំការបំភ្លឺពីចៅក្រមស៊ើបសួរ លោក នៅ យ៉ារ័ត្ន ជុំវិញការសម្រេចដោះលែងលោកសក្តិ៤ឈ្មោះ សាន្ត សុខុម ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ននោះទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកំពង់ចាម អ្នកស្រី ធីម ណារីន ចាត់ទុកការដោះលែងនេះថា ជាការអនុវត្តច្បាប់មានស្តង់ដារពីរ។

លោកថា៖ «សម្រាប់មតិមហាជន គេនឹងថា ការដោះលែងស្ងាត់ៗហ្នឹងគឺមានភាពមិនប្រក្រតីនៅក្នុងរឿងហ្នឹង ហើយយើងឃើញថា បើសិនជាការប្រព្រឹត្តិរបស់គាត់ វាគួរតែទទួលទោសតាមច្បាប់តំណត់ហើយ។ បើសិនជាតុលាការដោះលែងបែបនេះ មានន័យថា តុលាការមិនអនុវត្តត្រឹមត្រូវតាមគោលការណ៍ [ច្បាប់] ស្ដង់ដារតែមួយទេ»។

វីដេអូកាមេរ៉ាសុវត្ថិភាពមួយបានបង្ហាញបុរសម្នាក់ស្ថិតក្នុងសម្លៀកបំពាក់ស៊ីវិល បានដកកាំភ្លើងភ្ជង់ និងវាយទៅលើបុរស២នាក់ក្នុងជម្លោះមួយ នៅឯហាងអ៊ីនធឺណិតស្ថិតក្នុងខេត្តកំពង់ចាមកាលពីថ្ងៃទី១៨ ខែមីនា។ បុរសជនបង្កនោះឈ្មោះ សាន្ត សុខុម ជាមន្ត្រីកងរាជអាវុធហត្ថពាក់សក្តិ៤នៅខេត្តកំពង់ចាម​ ត្រូវជាកូនរបស់លោក​ឧត្តមសេនីយ៍​ត្រី សាន្ត ប៊ុនថាន មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ក្រចេះ។

ក្រោយហេតុការណ៍ភ្លាមៗមិនមានការចាប់ខ្លួនជនបង្កនេះ ក្រោយមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដកតំណែងមេកងរាជអាវុធហត្ថខេត្តក្រចេះ បើសិនជាមិនបញ្ជូនកូនប្រុសដែលដកកាំភ្លើងគំរាមពលរដ្ឋនៅខេត្តកំពង់ចាមចូលមកដោះស្រាយនៅតុលាការ។ ក្រោយមករហូតដល់ថ្ងៃទី២៦ ខែមីនា ទើបមន្ត្រីសក្តិ៤រូបនេះចូលបំភ្លឺនៅតុលាការហើយត្រូវចោទប្រកាន់។​

មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌចែងថា ហិង្សាដោយចេតនាត្រូវផ្ដន្ទាទោសពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល។

ចំណែកមាត្រា ២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ចែងថា ជនណាដែលបំពាក់តាមខ្លួន  កាន់កាប់ ប្រើប្រាស់នូវអាវុធគ្រឿងផ្ទុះគ្រប់ប្រភេទ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី៥០ម៉ឺនរៀល ទៅ២លានរៀល។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ