មេឃុំម្នាក់នៅកោះកុងត្រូវ​សមត្ថកិច្ច​កោះ​ហៅ ក្រោយអ្នក​ភូមិ​ផ្ទុះ​វិវាទ​ជាមួយក្រុមហ៊ុនចិន

សន្តិសុខរបស់ក្រុមហ៊ុនចិន ញូញៀន បានរារាំងអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ មិនឲ្យ​ធ្វើផ្លូវ និងស្ពានចេញចូលសហគមន៍របស់ពួកគេ ស្ថិតក្នុងឃុំព្រែកខ្សាច់ ខេត្តកោះកុង។ រូបភាព៖ ផ្ដល់ឲ្យ

អាជ្ញាធរមូលដ្ឋានម្នាក់ និងពលរដ្ឋនៅឃុំមួយក្នុង​ស្រុក​គិរីសាគរ ខេត្តកោះកុង កំពុង​ព្រួយ​បារម្ភពីសុវត្ថិភាពរបស់​ពួកគេ ក្រោយ​ពី​សមត្ថកិច្ចបាន​កោះហៅមេឃុំមា្នក់ទៅសាក​សួរ បន្ទាប់​ពី​មាន​ជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនមួយដែលកំពុង​កាន់​កាប់​ដីសម្បទានសេដ្ឋកិច្ច​នៅក្នុងខេត្តនេះ។

លិខិតកោះហៅចុះថ្ងៃទី៧ ខែឧសភា បាន​ឲ្យ​ដឹង​ថា មេ​ឃុំ​ព្រែក​ខ្សាច់ លោក រៀម រុំ ត្រូវ​បាន​នាយការិយាល័យកងរាជអាវុធហត្ថខេត្តកោះកុង លោក ខាត់ ខេមរ៉ា កោះហៅ​ឲ្យចូលទៅការិយាល័យកងរាជអាវុធហត្ថខេត្ត ដើម្បីឆ្លើយបំភ្លឺករណីផ្ទាល់ខ្លួននៅថ្ងៃទី១៧ ខែឧសភាស្អែកនេះ។

មេឃុំព្រែកខ្សាច់ លោក រៀម រុំ ប្រាប់ វី.អូ.ឌី នៅ​ថ្ងៃ​នេះថា លោកនឹងចូលទៅបំភ្លឺទៅតាមការកោះហៅ ប៉ុន្តែ លោក​អះ​អាង​ថា រូបគាត់មិនធ្លាប់មានជម្លោះ​ជាមួយនរណា​ឡើយ ហើយ​ក៏​មិន​បានប្រព្រឹត្តកំហុសអ្វីនោះទេ។

មេឃុំរូបនេះបន្តថា កងរាជអាវុធហត្ថកោះ​ហៅលោកឲ្យឆ្លើយបំភ្លឺ​បែប​នេះ កើត​ឡើងក្រោយពីតំណាងក្រុមហ៊ុនចិន ញូញៀន បាន​ព្រមានប្តឹងរូប​លោក​កាលពីថ្ងៃទី៨ ខែមេសា​កន្លង​មក ដោយចោទថា លោកជាអ្នកនៅពីក្រោយប្រជាពលរដ្ឋដែលធ្វើផ្លូវប៉ះពាល់ដីក្រុមហ៊ុន។

លោក រៀម រុំ ប្រាប់​ថា៖ «ប្រសិនបើចោទខ្ញុំថា ចូលដៃចូលជើងជាមួយពលរដ្ឋ ខ្ញុំមានឯកសារបញ្ជក់ដែលប្រជាពលរដ្ឋគាត់ស្នើសុំធ្វើផ្លូវហ្នឹង។ ខ្ញុំក៏បានយកវាទៅដាក់មន្ទីរ​បរិស្ថាន ហើយមន្ទីរ​បរិស្ថានគាត់ថា មិនទាន់បានអនុញ្ញាតស៊ីញ៉េទទួលទេ។ អ៊ីចឹង ខ្ញុំក៏បានជូនពលរដ្ឋវិញថា កុំអាលធ្វើផ្លូវហ្នឹង ចាំខ្ញុំសុំគោលការណ៍ពីលោកជំទាវសិនថា គាត់ជួយអន្តរាគមន៍ដូចម្តេច? ប៉ុន្តែ ពលរដ្ឋមិនស្តាប់ គាត់ធ្វើ ហើយពេលគាត់ធ្វើ ក៏មិនបានប្រាប់ខ្ញុំ។ ខ្ញុំរវល់ទៅការប្អូនខ្ញុំ»

តាមលិខិតកោះហៅ គឺកងរាជអាវុធហត្ថទទួលបានសំណុំរឿងពាក់ព័ន្ធមេឃុំព្រែកខ្សាច់នៅថ្ងៃទី១០ ខែ​មេសា តែ​ ២​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​​​​ក្រុម​សន្តិសុខ​ការពារ​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ ញូញៀន បាន​ចុះ​រារាំង​ពលរដ្ឋ​ប្រហែល ៥០​នាក់ មិន​ឲ្យ​កសាង​ផ្លូវ​ចេញ​ពី​សហគមន៍​ភ្ជាប់​ទៅ​ទីរួម​ស្រុក និង​ខេត្ត។

នាយការិយាល័យកងរាជអាវុធហត្ថខេត្តកោះកុង លោក ខាត់ ខេមរ៉ា បញ្ជាក់បន្ថែមថា ការ​កោះ​ហៅ​លោក​មេឃុំ​ព្រែកខ្សាច់​ឲ្យ​ឆ្លើយ​បំភ្លឺ​នោះ មិន​ជាប់​ពាក់​ព័ន្ធ​នឹង​វិវាទ​ដី​ធ្លី​រវាង​ប្រជា​ពលរដ្ឋ និង​ក្រុមហ៊ុន​ចិន​នោះ​ឡើយ។

លោក ខាត់ ខេមរ៉ា បញ្ជាក់ថា សមត្ថកិច្ច​កោះ​ហៅ​មេ​ឃុំ​រូប​នេះ ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំ​រឿង​គំរាម​កំហែង​រវាង​បុគ្គល និង​បុគ្គល​ផ្សេង​ទៀត​ប៉ុណ្ណោះ ប៉ុន្តែ លោក​បដិសេធ​បញ្ចេញ​ឈ្មោះ​អ្នក​ប្ដឹង ហើយ​បង្វែរ​ឲ្យ​ទៅ​សួរ​​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​កោះកុង លោក រស់ សារ៉ាំ វិញ។

លោក ខាត់ ខេមរ៉ា ប្រាប់​ថា៖ «មិនមែនជាប់ពាក់ព័ន្ធរឿងដីធ្លីហ្នឹងទេ គឺពាក់ព័ន្ធនឹងការគំរាមកំហែងបុគ្គល ព្រោះគាត់ជាអ្នកដឹងរឿងហ្នឹង គាត់អត់ពាក់ព័ន្ធគាត់ទេ គ្រាន់តែជាអ្នកដឹងសាច់រឿងហ្នឹង»

វិ.អូ.ឌី មិនអាចសុំការបញ្ជាក់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង លោក រស់ សារ៉ាំ បានទេជុំវិញរឿងនេះ។

មន្រ្តី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដូ​ប្រចាំ​ខេត្តកោះកុង​ លោក​ ហ៊ួរ​ អ៊ី​ន មានប្រសាសន៍ថា ប្រសិនបើកងរាជអាវុធហត្ថកោះហៅមេឃុំឲ្យឆ្លើយបំភ្លឺពាក់ព័ន្ធនឹង​វិវាទដីធ្លីរវាង​ប្រជាពលរដ្ឋ និងក្រុមហ៊ុនមែននោះ វាគឺជាការគំរាមកំហែងបំបាក់ស្មារតីមិនឲ្យគាំទ្រពលរដ្ឋ។

លោកបន្ថែមថា៖ «អាជ្ញាធរឃុំដែលបានគាំទ្រប្រជាពលរដ្ឋឲ្យសាងសង់ផ្លូវ បែរជាត្រូវបានកងរាជអាវុធហត្ថកោះហៅ​គាត់ឲ្យទៅឆ្លើយបំភ្លឺទៅវិញ ខ្ញុំគិតថា វាគឺការគំរាមកំហែង និងមិនមែនជាការលើកទឹកចិត្តដល់អាជ្ញាធរឃុំដែលមាន​ឆន្ទៈបម្រើ​ប្រជាពលរដ្ឋទេ។ ខ្ញុំគិតថា ក្នុងនាមជាអាជ្ញាធរខេត្តដូចគ្នា បញ្ហាប៉ុណ្ណឹងមិនគួរណាដល់ថ្នាក់កងរាជអាវុធហត្ថកោះហៅគាត់ឲ្យទៅឆ្លើយបំភ្លឺនោះទេ»

តំណាងពលរដ្ឋសហគមន៍ព្រែកខ្សាច់ អ្នកស្រី ទិត្យ តេន អះ​អាង​ថា លោក​មេ​ឃុំ រៀម រុំ តែង​តែ​គាំ​ទ្រ និង​បម្រើ​​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍ ហើយ​អ្នក​ស្រី​បន្ថែម​ថា ប្រជា​ពលរដ្ឋ​នឹង​នាំ​គ្នា​ទៅ​គាំ​ទ្រ​លោក​មេ​ឃុំ​នៅ​ថ្ងៃ​ស្អែក​នេះ។

អ្នកស្រី ទិត្យ តេន ប្រាប់​ថា៖ «ពួកមីងនឹងទៅគាំទ្រគាត់ ព្រោះគាត់មានយុត្តិធម៌ណាស់ មេឃុំអាណត្តិនេះ គឺគាត់ល្អជាមួយប្រជាពលរដ្ឋ។ ពេលពួកយើងធ្វើអី គាត់ចុះតាមដាន គាត់ជួយពួកយើងគ្រប់សព្វបែបយ៉ាង ដូចថា សន្តិសុខក្រុមហ៊ុនចុះមកតាមមូលដ្ឋានធ្វើអីមិនសមហេតុផល គឺគាត់ចុះមកជួយពួកយើង ដោយថា រង់ចាំការដោះស្រាយសិន មិនឲ្យភាគីខាងនេះខាងនោះមកមានបញ្ហាមុននឹងចូលមក»

កាលពីថ្ងៃទី៨ ខែមេសា ប្រជាពលរដ្ឋប្រមាណ ៥០នាក់នៅឃុំព្រែកខ្សាច់ បាននាំ​គ្នាសាង​សង់​ផ្លូវមួយខ្សែមានប្រវែង ២០០ម៉ែត្រ ភ្ជាប់​សហគមន៍​របស់​ពួកគេ​ទៅ​ផ្លូវធំ ដែលនឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរពួកគាត់​ទៅរកសេវាផ្សេងៗនៅទីរួមស្រុក និងខេត្ត ប៉ុន្តែ ត្រូវបានកម្លាំងសន្តិសុខជាច្រើននាក់របស់ក្រុមហ៊ុន ញូញៀន រារាំង និងគំរាមប្តឹងអ្នកពាក់ព័ន្ធទៀតផង។

ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​ទទួល​ដី​សម្បទាន​​សេដ្ឋកិច្ច​ទំហំ​ដល់​ទៅ ៣​ម៉ឺន ៦​ពាន់​ហិកតា នៅ​ស្រុក​បទុមសាគរ និង​ស្រុក​គិរីសាគរ ពី​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​​ ១១​ឆ្នាំ​មុន ដើម្បីអភិវឌ្ឍមជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍ស្របតាមស្តង់ដារអន្តរជាតិ។

អ្នកភូមិអះអាងថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចនោះ បាន​ធ្វើឲ្យប៉ះពាល់ដី​ធ្លី​ទំហំ​ជាង ៦​ពាន់ហិកតា​របស់​អ្នក​ភូមិ​ជាង ២០០គ្រួសារ ប៉ុន្តែ ក្រុមហ៊ុន និង​រដ្ឋាភិបាលដោះស្រាយជូនពលរដ្ឋបានមួយចំនួនធំ។

របាយការណ៍ និងការវិភាគផ្លូវច្បាប់របស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) ឆ្នាំ២០១២ បានរកឃើញថា គម្រោងផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនចិន ញូញៀន(UDG) បានធ្វើឲ្យប្រជាពលរដ្ឋ១,១៤៣គ្រួសារត្រូវបង្ខំឲ្យបោះបង់ចោលដីធ្លីប្រមាណជាង១០,០០០ហិកតា និងផ្ទះ១,៥០០ខ្នង ត្រូវបង្ខំឲ្យរុះរើ និងឈួសឆាយ៕

(អត្ថបទនេះ ធ្វើបច្ចុប្បន្នភាពនៅម៉ោង៥និង២៧នាទីល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។)

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ