ជនជាតិដើមភាគតិចនៅ​មណ្ឌលគិរីចោទមន្ត្រីបរិស្ថានថា គំរាមកំហែងពួកគេ​អំឡុង​ពេល​ចុះ​ល្បាត

ប្រជាសហគមន៍ជនជាតិដើមភាគតិចខ្មូន នៅ​ខេត្តមណ្ឌលគិរី ដាក់ពាក្យប្ដឹងទៅតុលាការ ពីបទមន្ត្រីបរិស្ថានគំរាមកំហែងដល់ពួកគេ។ រូបភាព៖ ផ្ដល់ឲ្យ

ប្រជាសហគមន៍ជនជាតិដើមភាគតិចថ្នូន នៅ​ខេត្តមណ្ឌលគិរី បាននាំគ្នាដាក់ពាក្យបណ្ដឹងទៅតុលាការខេត្ត​នៅថ្ងៃនេះ ដោយចោទមន្ត្រីបរិស្ថានថា បានគំរាមកំហែងពួកគេមិនឱ្យចុះល្បាតព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចកាលពីខែមេសា​កន្លងទៅ។

លោក ប្រង់ ណច ដែល​អះអាងថា​ជាតំណាងសហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ថ្នូន ​១១០​​គ្រួសារ​​ស្ថិត​នៅ​ក្នុង​ឃុំ​រយ៉ ស្រុក​កោះញែក​នោះ ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះថា ប្រជាសហគមន៍ជាង ៦០ នាក់បានជួបជុំគ្នា ដើម្បីចុះល្បាតព្រៃ​កាលពីថ្ងៃទី២៩ ខែ​មេសា​កន្លង​មក​នេះ ប៉ុន្តែ ត្រូវបាន​ប្រធានដែនជម្រកសត្វព្រៃភ្នំព្រេច លោក ហាន សាខន មិនអនុញ្ញាតឲ្យ​ចុះល្បាត បើទោះបីជាពួកគាត់បានជូនដំណឹងទៅការិយាល័យ​បរិស្ថាន​ស្រុក​កោះញែក និងអាជ្ញាធរឃុំរួចហើយក៏ដោយ។

លោកបន្តថា ក្រៅពីមិនអនុញ្ញាតឱ្យចុះល្បាតហើយ ប្រធានដែនជម្រកសត្វព្រៃភ្នំព្រេចរូបនេះ ក៏បានគំរាមចាប់ពួកគាត់ដាក់ពន្ធនាគារ បើសិន​ជាពួកគាត់នៅតែធ្វើសកម្មភាពចុះល្បាតព្រៃ និងបង្កើតសហគមន៍ទៀត។

លោក ប្រង់ ណច ថា៖ «គំរាមមិនឱ្យបង្កើតសហគមន៍កន្លែងហ្នឹង ​មិនឱ្យទៅសែនព្រេន។ គាត់ថា នេះ​ជាតំបន់របស់ខ្ញុំ ជាស្នូលសត្វព្រៃ ជម្រកសត្វរបស់ខ្ញុំ គាត់ថា អ៊ីចឹង។ ខ្ញុំជាអ្នកកាន់តំបន់នេះ ខ្ញុំមានសិទ្ធិដេញបងប្អូន ហើយគាត់អត់ឱ្យយើងទៅចុះល្បាត ហើយបើសិនយើងនិយាយខ្លាំងទៅ ចាប់ដាក់គុក ដាក់ខ្នោះ ចូលទៅតុលាការ គាត់និយាយគំរាមយើងអ៊ីចឹង»។

ជនជាតិដើមភាគតិចថ្នូនម្នាក់ទៀត លោក គីម សុភាព លើកឡើងថា ពួកគាត់ចុះល្បាតព្រៃដើម្បីការពារធនធានធម្មជាតិ ខណៈបច្ចុប្បន្នព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចកំពុងត្រូវគេកាប់បំផ្លាញជារៀងរាល់ថ្ងៃ។

លោក គីម សុភាព ប្រាប់ថា៖ «គេថា [មន្ត្រីបរិស្ថាន] បើសិនជាខ្លាំង គេនឹងចាប់ដាក់គុក ដាក់ខ្នោះ។ ខ្ញុំអត់ដឹងពីមូលហេតុអ្វីបានជាគេធ្វើអ៊ីចឹង។ ពេលពួកខ្ញុំចុះល្បាតសុទ្ធតែប្រាប់​ដំណឹងដល់ពួកគាត់ទាំងអស់ ដើម្បីឱ្យគាត់ដឹងជាសាធារណៈ ហើយក៏​ដើម្បីឱ្យជួយការពារព្រៃឈើទាំងអស់គ្នាដែរ។ មូលហេតុអីបានជាអ៊ីចឹង ខ្ញុំឆ្ងល់ដែរ»។

ប៉ុន្តែ ប្រធានដែនជម្រកសត្វព្រៃភ្នំព្រេច លោក ហាន សាខន បានច្រានចោលការចោទប្រកាន់នេះ ហើយ​ថា លោក​បាន​ផ្សព្វផ្សាយ​ដល់​ជន​ជាតិ​ដើម​ភាគ​តិច​ឲ្យ​យល់​អំពី​ច្បាប់។

លោក ហាន សាខន ប្រាប់ថា៖ «ខ្ញុំបានទៅផ្សព្វផ្សាយច្បាប់ ខ្ញុំអត់បានគំរាមកំហែងគាត់ទេ សម្លុតកំហែងគាត់ណាមួយទេ គឺខ្ញុំទៅផ្សព្វផ្សាយប្រាប់អ្វីដែលយើងនិយាយ គឺនិយាយតាមផ្លូវច្បាប់ តែបើគាត់ប្រព្រឹត្តខុសពីផ្លូវច្បាប់ យើងត្រូវនិយាយពីមូលហេតុ វិធានការផ្លូវច្បាប់ មិនអ៊ីចឹង? មានអីត្រូវខុស»។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ចាត់ទុកទង្វើ​មន្ត្រី​បរិស្ថាន​ថា ជាការបំបាត់ស្មារតីប្រជាពលរដ្ឋកុំឱ្យនាំគ្នាចុះល្បាតព្រៃឈើបន្តទៀត។

លោក ប៉ែន ប៊ុណ្ណារ៍ ប្រាប់ថា៖ «អ្វីដែលសហគមន៍បានដាក់បណ្ដឹងជារឿងត្រឹមត្រូវ ពីព្រោះមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដែលផ្ដល់សិទ្ធិទៅដល់ប្រជាពលរដ្ឋក្នុងការប្ដឹងបរិហារ ប្ដឹងតវ៉ាជាដើម។ អ៊ីចឹងឥឡូវនេះ គាត់ប្រើប្រាស់សិទ្ធិនៅពេលដែលគាត់ពឹង ឬមួយ សុំអន្តរាគមន៍ពីមន្ត្រី​នគរបាលយុត្តិធម៌ទាំងអស់នោះ មិនជួយទប់ស្កាត់បទល្មើសព្រៃឈើ»។

ដែនជម្រកសត្វព្រៃភ្នំព្រេច ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៣ និង​គ្រប​ដណ្ដប់​លើ​ដី​ព្រៃ​ទំហំ​ជាង ២២​ម៉ឺន​ហិកតា ស្ថិត​នៅ​ក្នុង​ស្រុក​កោះញែក ក្នុង​ខេត្ត​មណ្ឌលគិរី និង​ស្រុក​ស្នួល​របស់​ខេត្ត​ក្រចេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ