មេន​គរ​បាល​​កម្ពុជា​ចាត់​ទុក​ចលនា​ប្រឆាំង​​គំរាម​កំហែង​ដល់​សន្តិសុខ​កម្ពុជា​នៅ​ឆ្នាំ​នេះ

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថ្លែងក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍ថ្ងៃកំណើតនគរបាលជាតិកម្ពុជាលើកទី៧៤ នៅថ្ងៃទី១៦ ឧសភា ឆ្នា២០១៩ ក្នុងបរិវេណក្រសួងមហាផ្ទៃ។ រូបភាព​៖ អគ្គស្នងការនគរបាលជាតិ

មេ​នគរបាល​កម្ពុជា ​បាន​ព្យាករ​ទុក​ថា​ សន្តិសុខ និង​សណ្ដាប់​ធ្នាប់​សង្គម​កម្ពុជា នឹង​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ដែល​លោក​ចោទ​ថា បង្ក​ឡើង​ដោយ​ចលនា​ប្រឆាំង និង​បញ្ហា​នៅ​ក្នុង​តំបន់។

ក្នុង​ពិធី​រំឭក​ខួប​នគរបាល​ជាតិ​នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ អគ្គស្នងការ​នគរបាល​ជាតិ លោក​ នេត​ សាវឿ​ន ថ្លែង​ថា​ បញ្ហា​សន្តិសុខ​ក្នុង​តំបន់ និង​ពិភព​លោក ​សម្ពាធ​នយោបាយ​ពី​បរទេស​ និង​ចលនា​ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល កំពុង​គំរាម​កំហែង​ដល់​សន្តិសុខ​កម្ពុជា ដែល​លោក​ថា ទាម​ទារ​ឲ្យ​កម្លាំង​នគរបាល​ត្រៀម​លក្ខណៈ​ទប់​ស្កាត់។

លោក នេត សាវឿន ថ្លែង​​ថា​៖ «ប្រឆាំង​ដាច់ខាត​ការ​ធ្វើ​បដិវត្ត​ពណ៌​ប៉ុនប៉ង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។ ទប់ស្កាត់​ការ​ជ្រៀតជ្រែក​ផ្ទៃក្នុង​ជាតិ ​លើកស្ទួយ​សុខដុម​នី​យក​ម្ម​ ពង្រឹង​សន្តិសុខ​ផ្ទៃក្នុង​ រក្សា​ផ្ទៃក្នុង​ជាតិ​ឱ្យ​បាន​រឹងមាំ​ ដោយ​មិន​អនុញ្ញាត​ឱ្យ​កម្លាំង​អមិត្ត​មួយ​ណា​ឆ្លៀត​ប្រើ​ទឹកដី​កម្ពុជា​ធ្វើជា​ឈ្នាន់​ ដើម្បី​ប្រឆាំង​នឹង​ប្រទេសជិតខាង​ឡើយ​»។

យ៉ាងនេះ​ក្តី​ អតីត​មេ​ដឹក​នំា​បក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី​ ​បាន​សរសេរ​នៅ​លើ​ហ្វេ​សប៊ុ​ករបស់​លោកកាលពី​ថ្ងៃទី១៤ ខែឧសភា​ ដោយ​​ស្នើ​ឱ្យ​អង្គការសហប្រជាជាតិ​ស៊ើបអង្កេត​ពី​ការសាងសង់​មូលដ្ឋានសឹក​របស់​ប្រទេស​ចិន​​នៅ​លើទឹក​ដី​​កម្ពុជា​។

លោក សម រង្ស៊ី សរសេរ​​ថា​៖ «ការសាងសង់​មូលដ្ឋានសឹក​របស់​ប្រទេសក្រៅ​ណាមួយ​លើទឹក​ដី​ប្រទេស​កម្ពុជា​ គឺជា​ការរំលោភ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ហើយ​ជា​ការ​គំរាម​ដល់​សន្តិភាព​ និង​សន្តិសុខ​ក្នុង​តំបន់​អាស៊ីភាគអាគ្នេយ៍​ទាំងមូល​»

អ្នក​វិភា​គនយោយ ​លោក​ គឹម​ សុខ​ ផ្តល់ជាយោបល់​ថា​ ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​បញ្ហា​សង្គម មិនមែនជ្រើសរើសយកការបង្ក្រាបទេ គឺត្រូវ​វិល​ទៅស្តា​រ​ប្រជាធិបតេយ្យ​ឡើងវិញ​ ហើយ​ត្រូវបង្កើតឲ្យមានវប្បធម៌ផ្សះផ្សារជាតិដ៏ពិតប្រាកដមួយ។

លោក​ គឹម សុខ ប្រាប់ថា​៖ «ប្រសិនបើ​លោក​ ហ៊ុន ​សែន​ នៅតែ​ជម្នះ​​មិន​ស្តាប់​អនុសាសន៍​របស់​សហគមន៍​អន្តរជាតិ ​និង​មិន​ស្តាប់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចង់បាន​ការ​វិល​ទៅ​រក​ប្រជាធិបតេយ្យ​ ខ្ញុំ​គិតថា ​លោក​ ហ៊ុន​ សែន ​នឹង​ក្លាយជា​សត្រូវ​នៃ​កំហឹង​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ ហើយ​លទ្ធផល​អាក្រក់​នឹង​ដឹង​នៅ ៣ឆ្នាំក្រោយ​ពី​កម្ពុជា​បាត់បង់​ EBA​»។

ជម្លោះនយោបាយនេះ សហភាព​អឺរ៉ុប​បាន​ដំណើរការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​  ក្រោយពី​​​ប្លុក​លោកសេរី​មួយ​នេះ​​រ​ក​ឃើញថា​ រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​​នូវ​​ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​​តា​មលក្ខខ​ណ្ឌ​​រ​​បស់ខ្លួន។

ការបាត់បង់ EBA នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ប្រាក់ប្រមាណជិត ៧០០លាន​ដុល្លា​រក្នុង ១ឆ្នាំៗ ហើយ​​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ជាង ៧០ម៉ឺន​នាក់ ​ប្រ​ឈម​​​បាត់បង់​ការងារ​ ​ពលរដ្ឋ​ជាង ២លាន​នាក់ នឹងរងផលប៉ះពាល់ដោយ​ប្រយោល​។

ក្នុង​ដំណើរ​ត្រួត​ពិនិត្យ​​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​​នៅ​ដើម​ខែ​ឧសភា​នេះ អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ លោក​ស្រី ​រ៉ូ​ណា​ ស្មី​ត ​បាន​អំពាវនាវ​ឱ្យ​បើក​កិច្ច​សន្ទនា​នយោបាយ​​សម្រាប់​ធានា​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​សន្តិភាព​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ