​អាល្លឺម៉ង់​ប្រាប់​មន្ត្រី​កម្ពុជា​ថា កម្ពុជា​មិន​ពិបាក​កែ​លម្អ​បញ្ហា​សិទ្ធិ​មនុស្ស​ទេ ដើម្បី​រក្សា​បាន​ជំនួយ និង​ EBA

មន្ត្រី​ជាន់​ខ្ពស់​អាល្លឺម៉ង់​ លោក Nobert BARTHLE និងប្រតិភូជាន់ខ្ពស់កម្ពុជា លោក ឈៀង យ៉ាណារ៉ា ក្នុងជំនួបពិភាក្សាមួយនៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក German Embassy Cambodia

មន្ត្រី​ជាន់​ខ្ពស់​អាល្លឺម៉ង់​លើក​ឡើង​ថា ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ទៅ​តាម​ច្បាប់​អន្តរជាតិ មិន​មែន​ជា​កិច្ចការ​លំបាក​សម្រេច​បាន​នោះ​ឡើយ​សម្រាប់​កម្ពុជា ដើម្បី​រក្សា​បាន​ជំនួយ និង​ភាព​អនុគ្រោះ​ខាង​ពាណិជ្ជកម្ម​របស់​អឺរ៉ុប។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

សេចក្ដីប្រកាសព័ត៌មាន​នោះ បាន​ឲ្យ​ដឹង​ថា អាល្លឺម៉ង់​បាន​សម្រេច​ផ្ដល់​កម្ចី​ទំហំ​ជាង ៨០​លាន​អឺរ៉ូ ឬ​ជិត ៩០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទក្នុងប្រទេសកម្ពុជា។​

ក្រៅពីកម្ចីនេះ អាល្លឺម៉ង់ក៏​បាន​ផ្ដល់​ជំនួយ​ទំហំ ៤៨.៦លានអឺរ៉ូ ឬជាង ៥៤លានដុល្លារ និងជំនួយ ១០លានអឺរ៉ូ​ ឬស្មើជាង ១១លានដុល្លារផ្សេង​ទៀត សម្រាប់គម្រោងលុបបំបាត់ភាពក្រីក្រ​ផង​ដែរ។

ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជាឲ្យដឹងថា កម្ពុជា និង​អាល្លឺម៉ង់​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​នេះនៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែ​ឧសភានេះ ​នៅ​ក្នុង​ជំនួប​រវាង​សមាជិកសហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច លោក Nobert BARTHLE និងប្រតិភូជាន់ខ្ពស់កម្ពុជា លោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការ​គណៈកម្មាធិការ​នីតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ លោក Nobert BARTHLE បានជំរុញឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ងាកទៅគោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ។

លោក Nobert BARTHLE ក៏ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបើកលំហសិទ្ធិនយោបាយ និងសង្គមស៊ីវិល ដើម្បីបន្ដទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប។ លោកថា បញ្ហាសិទ្ធិមនុស្ស ដែលគេជំរុញនេះ គឺមិនពិបាកក្នុងការអនុវត្តនោះទេ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន លោក Nobert BARTHLE បន្ដថា៖ «ប្រសិនបើលំហនយោបាយ និងសង្គមពិតជាត្រូវបានបើកចំហ កម្ពុជានឹងអាចគេចផុតពីការបាត់បង់នូវក្របខណ្ឌគាំពារពិសេសផ្នែកពាណិជ្ជកម្ម។ ច្បាប់ជាតិ និងការអនុវត្តជាក់ស្ដែងត្រូវស្របតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្ដរជាតិ ដូចជា សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពខាងការជួបជុំ និងប្រមូលផ្ដុំ។ ខ្ញុំជឿជាក់ថា វាមិនពិបាកនឹងសម្រេចទេ»។

VOD បានទាក់ទងអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប៉ុន្ដែ ពួកលោកសុំមិនធ្វើអត្ថាធិប្បាយ ដោយសារមិនបានដឹងរឿងនេះ។

ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការលីកាដូ លោក អំ សំអាត យល់ថា មកទល់ពេលនេះ រដ្ឋាភិបាលហាក់មិនមានឆន្ទៈពិតប្រាកដក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ដែលជាក្ដីកង្វល់របស់សហភាពអឺរ៉ុប និងក្រុមប្រទេសលោកសេរីនោះទេ។

អ្នកតាមដានរូបនេះជំរុញឲ្យរដ្ឋាភិបាលកែលម្អបញ្ហាសិទ្ធិមនុស្សរបស់ខ្លួន ដោយលោកថា លក្ខខណ្ឌទាំងនោះ មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬអធិបតេយ្យភាពរបស់កម្ពុជានោះទេ។ 

លោក អំ សំអាត ប្រាប់ថា៖ «អ្វីដែលសំខាន់ គឺទង្វើ និងឆន្ទៈនៃការកែលម្អ។ នោះបានវាបង្ហាញអំពីឆន្ទៈពិតប្រាកដ។ ប្រសិនបើមិនទាន់មានទេ អាហ្នឹងហើយ​ដែលសហគមន៍អឺរ៉ុប ឬប្រទេសអាល្លឺម៉ង់លោកមើលឃើញនៅមិនទាន់មានការកែលម្អត្រឹមត្រូវ បានជាគេជំរុញឲ្យមានការកែលម្អ»។

កាលពីថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំនេះ សហភាពអឺរ៉ុប​បាន​ប្រកាស​អំពី​ការ​ចាប់​ផ្ដើមដំណើរការដែល​ឈាន​ទៅព្យួរ​ជា​បណ្ដោះ​អាសន្ន​​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជា​ ​បន្ទាប់​ពី​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​មនុស្ស និង​នីតិ​រដ្ឋ​​ នៅ​ក្នុង​រយៈ​ពេល ១៨​ខែ​ចុង​ក្រោយ​មក​នេះ។

សហភាពអឺរ៉ុបគូសបញ្ជាក់ថា ខ្លួនបានជួបពិភាក្សាដោយស្មោះត្រង់ជាមួយភាគីកម្ពុជា និងរំពឹងថា រដ្ឋាភិបាលនឹងកែលម្អបញ្ហាទាំងអស់ដែលជាក្ដីកង្វល់ និងជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការចាំបាច់នានាជាបន្ទាន់ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបនេះ។

ក្នុងដំណើរទស្សនកិច្ចលើកទី៧ មកកាន់ប្រទេសកម្ពុជា​នៅ​ដើម​ខែ​ឧសភា​នេះ អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ក៏បានលើកឡើងអំពីបញ្ហានេះផងដែរ ដោយអ្នកស្រីថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន គឺជាអ្នកសម្រេចចិត្តជុំវិញការកែលម្អបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជាថ្នូរនឹងការបន្ដទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបនេះ៕


(ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ | ម៉ោង២និង១១នាទីរសៀល) កែតម្រូវ៖ VOD សូមធ្វើការកែតម្រូវនូវកថាខណ្ឌទី២នៃអត្ថបទខាងលើ ត្រង់ឃ្លាដែលសរសេរថា […] អាល្លឺម៉ង់​បាន​សម្រេច​ផ្ដល់​កម្ចី​ទំហំ​ជាង ៨០​លាន​អឺរ៉ូ […] ទៅជា […] ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងសហភាពអឺរ៉ុបបាន​សម្រេច​ផ្ដល់​កម្ចី​ទំហំ​ជាង ៨០​លាន​អឺរ៉ូ​ […]។ ចំណុចមួយទៀត ត្រង់ឃ្លានៃកថាខណ្ឌទី៣ ដែលសរសេរថា៖ «ក្រៅពីកម្ចីនេះ អាល្លឺម៉ង់ក៏បានផ្ដល់ជំនួយទំហំ ៤៨.៦លានអឺរ៉ូ ឬជាង ៥៤លានដុល្លារ និងជំនួយ ១០លានអឺរ៉ូ ឬស្មើជាង ១១លានដុល្លារផ្សេងទៀត សម្រាប់គម្រោងលុបបំបាត់ភាពក្រីក្រផងដែរ» សូមកែតម្រូវមកដូច្នេះវិញ «កិច្ចប្រឹងប្រែងហិរញ្ញវត្ថុថ្មីរបស់អាល្លឺម៉ង់មានទំហំសរុបចំនួន៤៨.៦លានអឺរ៉ូសម្រាប់ឆ្នាំ២០១៩ និងឆ្នាំ២០២០។ អាល្លឺម៉ង់ នឹងផ្តល់ជំនួយហិរញ្ញវត្ថុ១០លានអឺរ៉ូផ្សេងទៀត​សម្រាប់គម្រោងអាហាររូបត្ថម្ភកម្ពុជា ដែលជាគម្រោងរួមគ្នារវាងធនាគារពិភពលោក ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ប្រទេសអូស្រ្តាលី និងប្រទេសអាល្លឺម៉ង់»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ