មន្រ្តីបក្សកាន់អំណាច និងបក្សប្រឆាំង​​វេណេស៊ុយ​អេឡា ជួបគ្នានៅន័រវែស

លោក នីកូឡាស និងរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ​Jorge Rodriguez (ឆ្វេង) និងលោក ​​ហ័ន ហ្កៃដូ និងសមាជិក​សភា លោក ​Stalin Gonzalez (ស្ដាំ)

មន្រ្តី​ជាន់ខ្ពស់រដ្ឋាភិបាល​លោក នី​កូឡាស ម៉ាឌូរ៉ូ និង​មន្រ្តី​បក្សប្រឆាំងរបស់​លោក​ ហ័ន ហ្កៃដូ បាន​ធ្វើ​ដំណើរទៅកាន់ប្រទេសន័រវែស ដើម្បីជួបជជែក​គ្នាស្វែង​រក​ដំណោះស្រាយ​បញ្ចប់​វិបត្តិនយោបាយ​​ក្នុងប្រទេសរបស់​ខ្លួន។

តាម​ការចុះផ្សាយរបស់​សារព័ត៌មាន​ DW អាល្លឺម៉ង់ មន្រ្តី​ជាន់ខ្ពស់​ទាំងពីរគណបក្សនេះ ត្រូវបានក្រុម​អ្នក​សម្របសម្រួល​របស់​ប្រទេសន័រវែសអញ្ជើញ​ដាច់​ដោយឡែក​ពីគ្នា​។

រដ្ឋមន្ត្រីការបរទេសន័រវេស បានអះអាងកាលពីដើមខែមីនាថា ប្រទេស​ខ្លួនបាន​ត្រៀម​រួចរាល់ហើយ​ដើម្បីធ្វើជាអ្នកសម្របសម្រួលកិច្ចចរចារវាងរដ្ឋាភិបាលវេណេស៊ុយអេឡារបស់​លោក នីកូឡាស​ ម៉ាឌូរ៉ូ និងក្រុមបក្សប្រឆាំង​។

សភាជិក​សភា​មកពីបក្សប្រឆាំងម្នាក់​បាន​និយាយ​ក្នុងលក្ខខណ្ឌមិនបញ្ចេញ​ឈ្មោះថា មន្រ្តីជាន់ខ្ពស់​នៃបក្សទាំងពីរពិតជាធ្វើ​ដំណើរ​ទៅជួបគ្នាពិភាក្សា​​​តាម​ការសម្របសម្រួល​របស់​ប្រទេសន័រវេសមែន។ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ​Jorge Rodriguez និង​អភិបាល​រដ្ឋ Miranda ជាតំណាងបក្សកាន់​អំណាចរបស់​លោក នីកូឡាស ម៉ាឌូរ៉ូ។ ចំណែកខាងភាគី​របស់​លោក ​​ហ័ន ហ្កៃដូ ដឹកនាំដោយសមាជិក​សភា លោក ​Stalin Gonzalez និង​ទីប្រឹក្សារបស់លោក​ពីរនាក់​ផ្សេងទៀត។

ប៉ុន្តែ​ ប្រធានា​ធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ក្នុងពេល​ដែល​លោក​ថ្លែង​សុន្ទរកថា​លើកញ្ចក់ទូរទស្សន៍កាលពីម្សិលមិញ មិន​បាន​លើកឡើង​នោះ​ទេ​ថា ​មានការ​ជួបគ្នា​រវាង​មន្រ្តី​ជាន់​ខ្ពស់​របស់​ខ្លួន​ជាមួយមន្រ្តី​បក្សប្រឆាំង។ ទោះយ៉ាងណាក៏ដោយ លោកបាន​លើកឡើងថា​ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ​Jorge Rodriguez កំពុងតែ​បំពេញ​បេសកម្ម​ដ៏សំខាន់មួយនៅក្រៅប្រទេស។

ការជួបគ្នារវាងបក្សកាន់​អំណាច និងបក្សប្រឆាំង​វេណេស៊ុយ​អេឡា នាពេលនេះ អាចធ្វើឡើងដើម្បីស្វែងរកយុទ្ធសាស្រ្តថ្មី​បន្ទាប់ពីភាគី​ទាំងពីរបាន​បរាជ័យ​ក្នុងការ​បញ្ចប់វិបត្តិ​នយោបាយដែល​អូសបន្លាយ​ជាច្រើន​ខែមកនេះ។

សារព័ត៌មានរ៉យទ័របាន​ចុះផ្សាយ​ដោយដកស្រង់​សម្តី​ទីប្រឹក្សាសន្តិសុខជាតិ​អាមរិក ​លោក John Bolton ថាមន្រ្តីជាន់ខ្ពស់វេណេស៊ុយអេឡា​បាន​យល់​ស្រប​ក្នុងការបង្កើតរដ្ឋាភិបាល​អន្តរកាល ដែល​មិន​ដាក់​ឈ្មោះលោក នីកូឡាស ម៉ាឌូរ៉ូ ចូល​នោះទេ។ ប៉ុន្តែ ផែនការនេះ ត្រូវបាន​បំផ្លាញចោល​ បន្ទាប់​ពីមេដឹក​នាំបក្សប្រឆាំង លោក ហ័ន ហ្កៃដូ អំពាវនាវឲ្យពួកយោធាក្រោក​ឈរងើប​បះបោរប្រឆាំងលោក នី​កូឡាស ម៉ាឌូរ៉ូ។

ស្ថានភាព​នយោបាយ​នៅក្នុងប្រទេសវេណេស៊ុយអេឡា កាន់​តែមានភាព​តាន​តឹង​បន្ទាប់​ពី​មេដឹក​នាំ​បក្ស​ប្រឆាំង​ លោក ហ័ន ហ្កៃដូ បានប្រកាស​ខ្លួន​ជាប្រធានាធិបតី​វេណេស៊ុយអេឡាបណ្ដោះ​អាសន្នកាល​ពី​ចុងខែមករា។ សហរដ្ឋ​អាមេរិក​ និងប្រទេស​ជាសម្ព័ន្ធមិត្ត​របស់​ខ្លួន​ជាង ៥០ បាន​ប្រកាសទទួល​ស្គាល់​លោក ហ័ន ហ្កៃដូ ​​ជាបន្តបន្ទាប់។ ប៉ុន្តែ​ រុស្ស៊ី ចិន និងប្រទេសសង្គមនិយមមួយចំនួនទៀត ​នៅតែទទួល​ស្គាល់​លោក នីកូឡាស ម៉ាឌូរ៉ូ​ ជាប្រធានា​ធិបតី​វេណេស៊ុយអេឡាដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ